
ទំនប់ថ្មបេតុងរាងកោងសង់ទប់ទឹកស្ទឹងហូរតិចៗនារដូវប្រាំង អាចឲ្យភ្ញៀវដើរកម្សាន្ដបាននៅតំបន់ទំនប់អូរមាន។ ហុង មិនា
Fri, 26 February 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
កំពង់ធំៈ ដោយសារមានអំណោយផលល្អផ្នែកប្រភពទឹកធម្មជាតិតំបន់ភ្នំ ទេសភាពដ៏ស្រស់ស្អាតបែបជាស្រុកស្រែ និងមានទឹកហូរខួបប្រាំងខួបវស្សានោះ ទើបធ្វើឲ្យទំនប់ទឹកស្រោចស្រពអូរមាន ដែលលាក់ខ្លួននៅឯស្រុកសណ្តាន់ខេត្តកំពង់ធំ ហាក់ដូចដង្ហោយហៅភ្ញៀវទេសចរពីចម្ងាយឲ្យមកកម្សាន្តដោយក្តីសោមនស្ស។
បន្ទាប់ពីលោកអ្នកបានធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិប្រាសាទសំបូរព្រៃគុកហើយនោះ សូមកុំភ្លេចបង្ហួសដំណើរប្រមាណ ៣០ គីឡូម៉ែត្រទៀត នឹងទៅដល់តំបន់កម្សាន្តកែច្នៃទំនប់ទឹកអូរមាន ស្ថិតនៅភូមិអូរមាន ឃុំមានជ័យ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីចុះទៅងូតទឹកដ៏ត្រជាក់កាយរំសាយអារម្មណ៍នឿយហត់។
លោក វណ្ណៈ សោភានិត អភិបាលរងស្រុកសណ្តាន់ ឲ្យដឹងពីស្ថានភាពទូទៅនៃតំបន់កម្សាន្តទឹកអូរមាននេះថា៖ «ទីនេះគឺជាគម្រោងកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹកក្រោមឥណទាន និងជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាគម្រោងជួសជុលស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនៃក្រសួងធនធានទឹក និងឧតុនិយម ដោយសង់ចប់នៅឆ្នាំ ២០១៥ ខណៈដើមឡើយគ្រាន់តែប្រឡាយទឹកមួយតភ្ជាប់ពីទឹកស្ទឹងធម្មជាតិនេះ»។
បើទោះពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ពីប្រភពទឹកហូរនៃដងស្ទឹងធម្មជាតិនៅទំនប់អូរមានចេញពីណាមួយក្តី ក៏លោក វណ្ណៈ សោភានិត បន្តឲ្យដឹងដោយការសន្និដ្ឋានថា៖ «ទំនប់ទឹកនេះទំនងជាមានប្រភពទឹកហូរពីតំបន់ភ្នំដែក ដែលស្ថិតនៅក្នុងខេត្តព្រះវិហារនោះឯង ខណៈទីតាំងភូមិសាស្រ្តស្រុកសណ្តាន់នៅជាប់នឹងស្រុកមួយនៃខេត្តព្រះវិហារ»។
ទោះជាយ៉ាងណាក្តីចាប់តាំងពីចុងឆ្នាំ ២០១៥ មកទំនប់ទឹកអូរមាន បានក្លាយខ្លួនជាទីកម្សាន្តទឹកមួយដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរនៅក្នុងតំបន់នារដូវកាលបុណ្យប្រពៃណីជាតិធំៗ បើទោះភ្ញៀវទេសចរនៅទីឆ្ងាយៗនៅមិនទាន់ស្គាល់ច្រើនក្តី។

ទេសភាពទឹកស្ទឹងធម្មជាតិអមដោយដើមឈើដុះជ្រោងនៅទំនប់អូរមាន។ ហុង មិនា
អ្នកស្រី អៀន គុណ ជាអ្នកភូមិ និងអ្នកលក់អាហារ និងភេសជ្ជៈនៅតំបន់ទំនប់ទឹកអូរមាន បានបង្ហើបឲ្យដឹងថា៖ «នៅទីនេះពេលថ្ងៃបុណ្យដូចជាបុណ្យអុំទូក អកអំបុក សំពះព្រះខែ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើមនោះ សម្បូរភ្ញៀវមកកម្សាន្តខ្លាំងណាស់ សឹងតែរកកន្លែងឈរជើងគ្មានទេ។ តែភាគច្រើននោះគឺជាភ្ញៀវនៅក្នុងស្រុកសណ្តាន់នេះ និងមកពីក្រុងកំពង់ធំប៉ុណ្ណោះ»។
លោក វណ្ណៈ សោភានិត ក៏បញ្ជាក់ថា៖ «នៅថ្ងៃបុណ្យអុំទូក ឬភ្ជុំបិណ្ឌ តំបន់ទំនប់អូរមាននេះ មានការរៀបចំពិធីប្រណាំងទូក [ប្រភេទទូកនេសាទអ្នកភូមិដែលមានគ្នាចំនួន ៧ ឬ ៨ នាក់អុំ] ប្រមាណជាង ១០ គូ ដើម្បីចែកការកម្សាន្តទៅដល់បងប្អូនខ្មែរដែលមកកម្សាន្ដ្តទីនេះ»។
លោកអភិបាលរងស្រុកសណ្តាន់ ក៏បានបង្ហើបឲ្យដឹងដែរលើគម្រោងពិភាក្សាជាមួយនឹងមន្ទីរទេសចរណ៍ខេត្ត ដើម្បីពង្រីកបន្ថែមនូវចំណុចទាក់ទាញទេសចរនៅតំបន់ទំនប់អូរមាននេះឲ្យមានកំណើនទេសចរទាំងជិត និងឆ្ងាយមកកម្សាន្តជាប្រចាំដូចជាការរៀបចំឲ្យមានការធ្វើក្យូសប្រក់ស្លឹកសម្រាប់អង្គុយទទួលទានអាហារ និងកម្សាន្តទេសភាពទឹកធម្មជាតិ។
លោកបន្ថែមថា៖ «ទេសភាពនៅទីនេះស្អាតណាស់ ជាពិសេសពេលរសៀលជ្រេ ជាមួយនឹងពន្លឺព្រះអាទិត្យរៀបលិច ចែងចាំងពន្លឺពណ៌មាសលើផ្ទៃទឹកទំនប់ និងស្ទឹង ខណៈបច្ចុប្បន្នយើងក៏កំពុងអំពាវនាវរកដៃគូអភិវឌ្ឍន៍ផ្នែកទេសចរណ៍ទៀតផងដែរ»៕