ដោយ ជិន ជេដ្ឋា
2016-03-13
RFA

អាជីវកម្មជួសជុលគ្រឿងម៉ាស៊ីន និងបញ្ចូលអាគុយរបស់អ្នកភូមិបណ្ដែតទឹកនៅចំណុចពាមញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ RFA/Chin Chetha
![]()
អាជីវកម្មបញ្ចូលអាគុយ និងជួសជុលគ្រឿងម៉ាស៊ីន ៨កន្លែងនៅលើផ្ទៃបឹងទន្លេសាប ឋិតនៅចំណុចពាមញ នៃឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្កឲ្យទឹកមានកំហាប់ជាតិពុលកាន់តែខ្ពស់បន្ថែមលើជាតិពុលចេញពីលាមក និងសំណល់ផ្ទះបាយ ដែលចាក់ចូលទន្លេរាល់ថ្ងៃ។ អាជ្ញាធរ និងមន្ត្រីជំនាញ ធ្លាប់ប្រកាសបញ្ឈប់អាជីវកម្មទាំងនេះជាញយដង ប៉ុន្តែគ្មានប្រសិទ្ធភាព។
អាជីវកម្មជួសជុលម៉ាស៊ីនទូកធំៗ និងបញ្ចូលអាគុយ នៅតែបន្តការងារមមាញឹករាល់ថ្ងៃ ដែលគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ។ បើទោះបីជាអាជ្ញាធរ បានប្ដូរទីតាំងរស់នៅលើទឹកថ្មីឲ្យជនជាតិវៀតណាម ទៅរស់នៅឆ្ងាយពីទីប្រជុំជនកាលពីដើមខែតុលា ឆ្នាំ២០១៥ ហើយតម្រូវឲ្យបញ្ឈប់រាល់អាជីវកម្ម ឬការជួសជុលគ្រឿងម៉ាស៊ីនដែលប៉ះពាល់ដល់ទឹកទន្លេ។
ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន បញ្ជាក់ថា មន្ទីរបានហៅម្ចាស់អាជីវកម្មលើទឹកប្រមាណ ១០កន្លែងមកធ្វើកិច្ចសន្យា បញ្ឈប់អាជីវកម្មអស់ហើយ។ លោកមិនដឹងថា ម្ចាស់អាជីវកម្មទាំងនេះនៅបន្តសកម្មភាពជួសជុលគ្រឿងម៉ាស៊ីន ឬបញ្ចូលអាគុយទៀតនោះទេ ហើយលោកក៏មិនប្រាប់ថា នឹងមានវិធានការយ៉ាងណាចំពោះម្ចាស់អាជីវកម្មទាំងនេះដែរ៖ «កាលធ្វើកិច្ចសន្យាហ្នឹង ខ្ញុំអត់បានពន្យារពេលឲ្យគេនៅធ្វើទេ។ ខ្ញុំអត់ឮសូរអី ឃើញតែប្អូនឯងតេ (ទូរស័ព្ទ) មក»។
ទាក់ទងបញ្ហានេះដែរ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកកិច្ចការអប់រំ និងត្រួតពិនិត្យការបំពុល គឺលោក គឹម ច័ន្ទបូផាត ថ្លែងថា ការងារធ្វើអាជីវកម្មទាំងនេះ គឺឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ លោកថា អាជីវកម្មជួសជុលគ្រឿងម៉ាស៊ីន ឬបញ្ចូលអាគុយ មិនអាចបញ្ឈប់ទាំងស្រុងក្នុងរយៈពេលខ្លីបាននោះទេ ព្រោះវាអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋ។
អាជីវកម្មជួសជុលគ្រឿងម៉ាស៊ីន និងបញ្ចូលអាគុយ អាចបំភាយជាតិគីមីទៅបរិយាកាស ឬហៀរធ្លាក់ចូលទឹក បណ្ដាលឲ្យមនុស្ស សត្វ និងមច្ឆជាតិអន្តរាយពីការប្រើប្រាស់ទឹកនោះ។ អាជ្ញាធរ និងមន្ត្រីជំនាញ ទំនងជាចង់បញ្ចប់បញ្ហាបំពុលទឹកនេះ ដោយនាំយកជនជាតិវៀតណាម ជិត ១.៥០០គ្រួសារ ឡើងរស់នៅលើគោកនៅចុងឆ្នាំ២០១៧ តាមគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេរយៈពេល ៥ឆ្នាំរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋស្រុកឯកភ្នំព្រួយបារម្ភពីបញ្ហាភ្លើងឆេះព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប
- មនុស្សជាង២០០នាក់ដើររើសសំរាមនៅក្រុងស្ទឹងត្រែង
- អ្នកនិពន្ធវ័យក្មេងអំពាវនាវរកប្រាក់ឧបត្ថម្ភសម្រាប់បោះពុម្ពសៀវភៅអំពីសត្វព្រៃនៅកម្ពុជា
- យុវជនធ្វើយុទ្ធនាការបំផុសស្មារតីពលរដ្ឋខេត្តស្ទឹងត្រែងពីផលអវិជ្ជមាននៃទំនប់ដនសាហុង
- ព្រះសង្ឃនិងពលរដ្ឋនៅក្រុងបាត់ដំបងទាមទារឲ្យអាជ្ញាធរបញ្ឈប់សិប្បកម្មផលិតទឹកកក
- សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២មិនទុកចិត្តរដ្ឋាភិបាល
- ពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ប្រារព្ធពិធីសាសនាទាមទារសំណង
- បទសម្ភាសន៍អំពីអង្គការសិទ្ធិមនុស្សជំរុញអាជ្ញាធរខេត្តកោះកុងឲ្យដោះលែងសកម្មជនបរិស្ថាន
- មនុស្សប្រមាណជាង២ពាន់នាក់នៅខេត្តរតនគិរីប្រារព្ធទិវាទីក្រុងស្អាត