ដោយ ឡេង ម៉ាលី
2016-03-13
RFA

កម្មកររោងចក្រ ធាន ធាន (Thien Thien) ប្រមូលផ្ដុំនៅមុខរោងចក្រ នាឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ទាមទារទូទាត់ប្រាក់ខែ ដោយសារថៅកែរត់ចោល ៨ខែ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ Photo Provided
![]()
កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងតំណាងសហជីពជាង ១០នាក់ នាំគ្នាលើកបដានៅមុខរោងចក្រជាថ្មី នៅព្រឹកថ្ងៃទី១៣ មីនា ដើម្បីទាមទារប្រាក់ខែ បន្ទាប់ពីថៅកែរត់ចោលអស់រយៈពេល ៨ខែ។
ការទាមទាររបស់កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន ដែលថៅកែបិទទ្វាររត់ចោលកម្មករនេះ ធ្វើឡើងជាលើកទីពីរក្នុងអំឡុងពេលពួកគាត់រង់ចាំសេចក្ដីសម្រេចពីតុលាការខេត្តកណ្ដាល យូរហើយមិនមានដំណោះស្រាយ។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មានប្រសាសន៍ថា តុលាការខេត្តកណ្ដាល ប្រកាសលើកពេលសវនាការកាលពីថ្ងៃទី៣ ខែកុម្ភៈ ព្រោះមិនបានដាក់ឯកសារគ្រប់គ្រាន់៖ «អត់ដំណោះស្រាយទេបងអើយ។ អស់គន្លាក់នៅមួយគន្លាក់ ហើយមួយគន្លាក់ចុងក្រោយនេះវេទនាតែម្ដង»។
ស្ត្រីអ្នកដាំបាយនៅរោងចក្រ ធាន ធាន មួយរូបឈ្មោះ ច្រុល ម៉េន ត្អូញថា ពួកលោកស្រីអស់សង្ឃឹមនឹងការរង់ចាំដំណោះស្រាយពីតុលាការ ដែលអូសបន្លាយជាច្រើនខែមកនេះ៖ «ខែ៣ ថ្ងៃទី១៣ ទៀតហើយ ដំណោះស្រាយនៅតែមិនមានឲ្យពួកនាងខ្ញុំ។ ទៅខាងតុលាការ តុលាការអត់អាចដោះស្រាយពួកនាងខ្ញុំទេ ចេះតែកុហកខ្ញុំថ្ងៃណេះថ្ងៃណោះ។ ពួកកម្មករនាងខ្ញុំនេះអត់មានទេប្រាក់។ អ្នកខ្លះរកការងារបានធ្វើ អ្នកខ្លះរកការងារមិនបានធ្វើ ដូចនាងខ្ញុំចាស់អ៊ីចឹង ថៅកែរត់ចោលបាត់ហើយ មានរកការងារឯណាបានធ្វើ សង្ឃឹមប្រាក់ខែបន្តិចបន្តួចហ្នឹងដើម្បីដោះស្រាយជីវភាព»។
ឆ្លើយតបនឹងករណីកម្មករនៅរោងចក្រ ធាន ធាន នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មេធាវីរាជរដ្ឋាភិបាល ទទួលបន្ទុកករណីកម្មករកាត់ដេរនៅរោងចក្រ ធាន ធាន ដែលថៅកែរត់ចោល លោក ផូ សុខា ថ្លែងបញ្ជាក់ថា តុលាការខេត្តកណ្ដាល បានសម្រេចឲ្យខាងថៅកែរោងចក្រសងកម្មករចំនួនជាង ៥ម៉ឺនដុល្លារ។ លោកក៏កំពុងរង់ចាំការសម្រេចអំពីរបៀបអនុវត្តន៍សាលក្រមពីតុលាការ៖ «គេបានសម្រេចអ៊ីចឹងហើយ ហើយគេឲ្យថៅកែរោងចក្រឈ្មោះ ជឹង លីស៊ិន សងជំងឺចិត្ត និងការខូចខាតផ្សេងៗចំនួន ១០លានរៀល ហើយចំណុចសំខាន់ចំណុចទី៤ គេប្រកាសឲ្យអនុវត្តជាបណ្ដោះអាសន្នលើប្រាក់សំណង ៤០.២៥០ដុល្លារ គឺមិនបាច់សាលក្រមចូលស្ថាពរទេ អាហ្នឹង គឺអាចអនុវត្តបាន។ ហើយបន្តទៀត ដើម្បីអនុវត្តបាន គឺខ្ញុំត្រូវសុំរូបមន្តអនុវត្តន៍មកសិន។ ជំហានដែលខ្ញុំបានដាក់ គឺថ្ងៃទី៩ ខែ៣ ខ្ញុំបានដាក់ពាក្យសុំរូបមន្តអនុវត្តន៍ដោយបង្ខំសាលក្រមបណ្ដោះអាសន្នហ្នឹង។ អ៊ីចឹងបន្ទាប់មកទៀត គឺខ្ញុំត្រូវរង់ចាំខាងតុលាការគេចេញរូបមន្តហ្នឹងមកឲ្យខ្ញុំសិន»។
កាលពីខែមករា កម្មកររោងចក្រ ធាន ធាន ជិត ៣០នាក់ ប្រមូលផ្ដុំគ្នាទាមទារដំណោះស្រាយនៅមុខរោងចក្រម្ដងហើយ។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ពន្លឿនការអនុវត្តសាលក្រមនេះ។
លោកស្រី ច្រុល ម៉េន ឲ្យដឹងថា កម្មករនៅក្នុងរោងចក្រ ធាន ធាន ដែលថៅកែរត់ចោលចាប់តាំងពីខែសីហា ឆ្នាំ២០១៥ ហើយមិនទាន់បានបើកប្រាក់ខែនេះមានចំនួន ១៦៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រនៅខេត្តព្រះសីហនុថាបើកប្រាក់ខែបានលុយដុល្លារក្លែងក្លាយ
- កូរ៉េបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសខ្លួន
- កម្មករជាង១០០នាក់នៅខេត្តកំពតប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ីម៉ងត៍ថៃប៊ុនរ៉ុង
- កម្មកររោងចក្រមួយនៅខេត្តកណ្ដាលទាមទារប្រាក់អតីតភាពក្រោយរោងចក្រដូរឈ្មោះ
- កម្មកររោងចក្រប្រមាណ៤០នាក់ដួលសន្លប់
- កម្មកររោងចក្រនៅសង្កាត់កំបូលផ្អាកតវ៉ាក្រោយមានដំណោះស្រាយមួយចំនួន
- កម្មកររោងចក្រអ៊ែដ្យាយល៍ ស្វេតថឺស្នើក្រសួងការងារដោះស្រាយតាមការសន្យា
- កម្មកររោងចក្រសេរីមកពីខេត្តកំពង់ស្ពឺតវ៉ានៅខាងមុខក្រសួងការងារ
- កម្មកររោងចក្រនៅកំពង់ស្ពឺតវ៉ាសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា