ទូត​ខ្មែរ​នៅ​បាងកក​បដិសេធ​ការ​យក​លុយ​ពី​ពលករ

ពលរដ្ឋ​ខ្មែរ​រង់ចាំ​ឆ្លងដែន​ទៅ​​ស្វែងរក​ការងារ​ធ្វើ​នៅ​ថៃ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​កន្លង​មក​។ រូបថត សហការី

ពលរដ្ឋ​ខ្មែរ​រង់ចាំ​ឆ្លងដែន​ទៅ​​ស្វែងរក​ការងារ​ធ្វើ​នៅ​ថៃ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​កន្លង​មក​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ធ្វើការ​បដិសេធ​​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​ស្ថានទូត​បាន​កៀរគរ​យក​លុយ​ពី​ពលករ​កម្ពុជា​ដើម្បី​ចេញ​លិខិត​ឆ្លង​ដែន​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​មាន​សេចក្តី​រាយការណ៍​អំពី​ករណី​មនុស្ស​មួយ​ក្រុម​បាន​អះអាង​ថា​ជា​មន្រ្តី​មកពី​ស្ថានទូត​កម្ពុជា​ប្រចាំ​​នៅ​ទីក្រុង​បាងកក​ដើរ​កៀរគរ​និយោជក និង​ពលករ​ខ្មែរ​នៅ​ថៃ​ឲ្យ​បង់​លុយ​ពី ៣០០០ ដល់ ៤០០០ ​បាត​ ឬ​ ៥០០០ បាត​សម្រាប់​ការ​ចេញ​លិខិត​ឆ្លងដែន​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ថៃ​យក​ទៅ​បំពេញ​បែបបទ​ធ្វើ​ជា​ពលករ​ស្រប​ច្បាប់។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ ​«ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​សូម​ប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​ខាង​លើ​ដែល​ជា​រឿង​មិន​ពិត​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ថានទូត​ជា​​ស្ថាប័ន​តំណាង​ប្រទេស​ជាតិ​»​​។ ស្ថានទូត​បញ្ជាក់​ថា​ក្នុង​បំណង​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដល់​ពលករ​ខ្មែរ​ដែល​កន្លង​មក​បាន​ចូល​មក​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ថៃ​រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​គណៈកម្មការ​អន្តរក្រសួង​ឲ្យ​បញ្ជូន​មន្រ្តី​មក​ប្រទេស​ថៃ​ដើម្បី​ចេញ​ប័ណ្ណ​​ដល់​ពលករ​កម្ពុជា​នៅ​បរទេស ​និង​លិខិត​ឆ្លង​ដែន​ជូន​ពលករ​តាម​តម្រូវការ​ម្ចាស់​ប្រទេស​សម្រាប់​យក​ទៅ​បំពេញ​បែបបទ​ធ្វើ​ពលករ​ស្រប​ច្បាប់​។

ទោះបី​ជា​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ក្រុង​បាងកក​ពុំ​មែន​អ្នក​ចេញ ឬ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចែក​លិខិត​ឆ្លង​ដែន​ជូន​ពលករ​ក្តី​ក៏​ប៉ុន្តែ​ពលករ​ដែល​បាន​ជួប​ដូច​បញ្ហា​ខាង​លើ​អាច​ដាក់​បណ្តឹង​មក​ស្ថានទូត​ហើយ​ជា​ការ​ល្អ​សុំ​ភ្ជាប់​មក​ផង​នូវ​ភ័ស្តុតាង​ស្តីពី​បាតុភាព​អវិជ្ជមាន​នេះ​ដើម្បី​ងាយស្រួល​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​សមស្រប​តាម​ច្បាប់​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​ ២០១៥​ តាម​សំណើ​របស់​ក្រសួង​ការងារ​ក្រសួង​ការបរទេស​បាន​ធ្វើ​កំណត់​ទូត​ស្នើ​សុំ​ទិដ្ឋាការ​ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​ ៦៨ ១៧៤ ​នាក់​ដោយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ​តាមរយៈ​ស្នើ​​សុំ​ទៅ​អាជ្ញាធរ​ថៃ​ឲ្យ​បញ្ឈប់​ការ​ចាប់​ពលករ​ខ្មែរ​ដែល​កាន់​ប័ណ្ណ​​ស្នាក់នៅ​បណ្តោះអាសន្ន​ (​ប័ណ្ណ​​ស៊ីជម្ពូ)​ ផ្តល់​ប័ណ្ណ​ការងារ (​Work Permit ) និង​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ​ការ​រំលោភ​បំពាន​លើ​ពលករ​កម្ពុជា​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ (​ផ្តល់​មេធាវី​ពេល​ឡើង​តុលាការ​) ​ការ​ទាមទារ​សំណង​ផ្សេងៗ​សម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍៕

What Next?

Recent Articles