
ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារដែលឡើងមកតវ៉ានៅភ្នំពេញកន្លងមក។ ហុង មិនា
Mon, 14 March 2016
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានឡើងមកតវ៉ារឿងដីធ្លីនៅរាជធានីភ្នំពេញអស់រយៈពេល ២ ឆ្នាំមកហើយនោះបានប្រកាសពីគម្រោងត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញនៅដើមសប្តាហ៍ក្រោយ ក្រោយពីក្រសួងមហាផ្ទៃបានចេញសំណើឲ្យមានកិច្ចអន្តរាគមន៍ដោះស្រាយឲ្យពួកគាត់បានរស់នៅលើដីដែលធ្លាប់អាស្រ័យផលនោះវិញ។
ពលរដ្ឋប្រមាណ ១០០ នាក់តំណាងឲ្យ ២៥៣ គ្រួសារនៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្តបានស្នាក់នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញដើម្បីសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធដោយពួកគេអះអាងថាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា និងអាជ្ញាធរខេត្តបានឃុបឃិតគ្នារំលោភយកដីរបស់ពួកគាត់។ ប៉ុន្តែលោក សួស យ៉ារ៉ា ធ្លាប់បដិសេធការចោទប្រកាន់នេះដោយថាដីនោះជាតំបន់អភិរក្សប្រាសាទព្រះវិហារ។
តំណាងពលរដ្ឋលោក កែវ ណេ បានឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះពួកគាត់បានទទួលលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃដែលបានស្នើទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីឲ្យជួយរកដំណោះស្រាយឲ្យពួកគាត់បានត្រឡប់ទៅរស់នៅក្នុងភូមិឋានវិញ។ បើយោងតាមលិខិត និងការបញ្ជាក់ពីមន្ត្រីខុទ្ទល័យក្រសួងមហាផ្ទៃពួកគាត់គ្រោងនឹងត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញនៅថ្ងៃទី ២១ មីនានេះ។ លោកថា៖ «យើងខ្ញុំនឹងធ្វើសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍ដើម្បីអរគុណដល់សម្តេចដែលបានកាត់ដីដែលអ្នកមានអំណាចពីមុនមកឃុបឃិតគ្នារំលោភយកដីប្រជារាស្ត្រទៅលក់ឲ្យក្រុមឈ្មួញ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលោក ប៊ិន ឈិន និងអភិបាលខេត្តព្រះវិហារ លោក អុំ ម៉ារ៉ា ពុំអាចសុំការអធិប្បាយបានទេ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចុះថ្ងៃទី ២១ មករាដែលពលរដ្ឋទើបតែទទួលបាននោះគឺក្រសួងបានជំរុញឲ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យ និងដោះស្រាយចំពោះសំណើរបស់ប្រជាពលរដ្ឋដែលស្នើសុំត្រឡប់រស់នៅក្នុងភូមិរបស់ពួកគេវិញ។
កាលពីថ្ងៃម្សិលមិញនេះដែរពលរដ្ឋ ៥០ នាក់តំណាងឲ្យ ១០៤ គ្រួសារនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះដែលត្រូវបានអាជ្ញាធរខេត្តបង្ខំឲ្យរុះរើលំនៅឋានចេញពីដីទំហំប្រមាណ ៣១០ ហិកតាក៏បានឡើងមកកាន់រាជធានីភ្នំពេញដោយគ្រោងដាក់ញត្តិសុំអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី រដ្ឋសភា និងក្រសួងមហាផ្ទៃនៅថ្ងៃចន្ទនេះ។
តំណាងប្រជាពលរដ្ឋលោក ហុង ហឿន បានឲ្យដឹងថាការដាក់ញត្តិនេះដោយសារតែកាលពីថ្ងៃសៅរ៍អភិបាលរងខេត្តលោក ខណ្ឌ ចំណាន បាននាំកម្លាំងចម្រុះចុះទៅឈូសឆាយផ្ទះពួកគាត់អស់ជិត ១០ ខ្នង និងបានឃាត់ខ្លួនពលរដ្ឋ ៣ នាក់ថែមទៀត។ ពួកគាត់បានរស់នៅលើដីនោះតាំងពីឆ្នាំ ២០១០ មកប៉ុន្តែនៅចុងឆ្នាំ ២០១៥ អាជ្ញាធរបានប្រាប់ពួកគាត់ថានឹងយកដីនោះទៅចែកឲ្យពលរដ្ឋផ្សេងទៀតចំនួន ៩៩៨ គ្រួសារទៅវិញ។ លោកថា៖ «សូមឲ្យសម្តេចជួយឲ្យមានការដោះលែងអ្នកទាំង ៣ ហើយជួយឲ្យពួកខ្ញុំមានសិទ្ធិរស់នៅលើដីនោះវិញ»។
អភិបាលរងខេត្តក្រចេះលោក ខណ្ឌ ចំណាន បានបដិសេធអត្ថាធិប្បាយករណីនេះដោយប្រាប់ថាជាប់រវល់។
កញ្ញា ហាន ជាវគុណ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តក្រចេះបានថ្លែងថាពលរដ្ឋបានតាំងទីលំនៅលើដីនោះជាច្រើនឆ្នាំមកហើយខណៈដែលរាជរដ្ឋាភិបាលបានកំណត់ទីតាំងនោះជាដីសម្បទានសង្គមកិច្ចប្រគល់ឲ្យពលរដ្ឋ ៩៩៨ គ្រួសារផ្សេងទៀតដែលធ្វើឲ្យមានទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ។ កញ្ញា បានជំរុញឲ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយទំនាស់ដីធ្លីនេះដោយសន្តិវិធី និងមានការដោះដូរដីជូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅជាក់ស្តែងនៅទីនោះជាជាងការឈូសឆាយលំនៅឋានរបស់ពួកគាត់បណ្តេញចេញដោយបង្ខំបែបនេះ៕
Contact author: ប៉ិច សុធារី