មន្រ្តីថា​ភ្លើងឆេះព្រៃ​​បំផ្លាញ​រថយន្ត​២៧គ្រឿង​នៅ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​
http://vodhotnews.com

កសិកម្ម

មន្ត្រី​កងរាជអាវុធហត្ថខេត្ត​ពោធិ៍សាត់ឲ្យ​ដឹងថាមាន​ករណីភ្លើងឆេះព្រៃ​ក្នុងបរិវេណ​រដ្ឋ​បាលព្រៃ​ឈើ​ភ្នំក្រ​វាញ ខេត្តពោធិ៍សាត់ កាលពីរសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ​បណ្តាលឲ្យ​ខូចខាត​រថយន្ត​ចំនួន​២៧គ្រឿង។

មេ​បញ្ជាការ​កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ខេង ទីតូ ប្រាប់​វីអូឌី(VOD)នៅព្រឹកថ្ងៃចន្ទនេះ​ថា ហេតុការណ៍នេះ​កើតឡើង​នៅ​ក្នុង​ភូមិព្រែក១ ឃុំ​សំរោង ស្រុកភ្នំក្រ​វាញ ខេត្តពោធិ៍សាត់។ លោក​ថា​រថយន្តដែល​ខូច​ខាត​នោះជា​រថយន្ត​ដែល​រដ្ឋបាល​ព្រៃឈើ​ឃាត់​ពីជន​ល្មើសព្រៃឈើនិង​យក​មក​រក្សា​ទុក​នៅ​រដ្ឋបាលព្រៃ​ឈើ​ ដើម្បីរៀប​ចំសំណុំ​រឿង​ទៅ​តុលាការ។

លោក​ឲ្យ​ដឹងដែរថាក្នុង​ហេតុការណ៍ភ្លើងឆេះព្រៃនេះ​មិន​បាន​បង្កគ្រោះ​ថ្នាក់​ដល់​អ្នក​ណាម្នាក់នោះ​ទេ។ លោក​ថាហេតុការណ៍នេះ​កើត​ឡើង​ដោយសារតែ​មាន​ភ្លើងឆេះព្រៃនិង​រាល​ដាល​ដល់​បរិវេណរបស់​រដ្ឋបាលព្រៃឈើ ដែល​លោក​ថាបណ្តាលឲ្យ​ឆេះ​រថ​យន្ត​ទាំងនោះ។

មន្រ្តីអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថារដ្ឋបាលព្រៃឈើ​បែបនេះ មិនអាចនឹងងាយឆេះ រហូតដល់ទប់ស្កាត់មិនបាននោះទេ។ លោក​បន្ត​​សមាគម​អាដហុក​នឹងបន្តស៊ើបពីករណីនេះបន្ថែមទៀត។

វីអូឌីមិនទាន់អាច​ទាក់ទង​រដ្ឋបាលព្រៃឈើ​ខេត្តពោធិ៍សាត់​បាននៅឡើយទេ៕​

សរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "មន្រ្តីថា​ភ្លើងឆេះព្រៃ​​បំផ្លាញ​រថយន្ត​២៧គ្រឿង​នៅ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់"

  1. យុទ្ឋជនពលី says:

    វាជារឿងធម្មតាទេ បើចាប់បានរថយន្តប្រព្រឹត្តិបទល្មើស ហើយដោះគ្រឿងស៊ីអស់ហើយ មានតែដុត រថយន្តនោះកំទេចចោលបំបាត់ភស្តុតាងទៅ។ សូមលោកឧមយិនទៀងចុះសើបអង្កេតទៅ នោះដឹងហើយ។ តែកុំថា យុទ្ឋជនពលិយើងខ្សិបប្រាប់ឲ្យសោះ!