ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​សុំ​អន្តរាគមន៍​ដោះលែង​យុវជន​ពាក់ព័ន្ធ​សំណុំ​រឿង​បដិវត្តន៍​ពណ៌

ដោយ ទីន ហ្សាការីយ៉ា
2016-03-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

និស្សិត​ដាក់​ញត្តិ​ដោះលែង គង់ រ៉ៃយ៉ា ២០១៦ ៨៥៥
និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​ជា​មិត្ត​រួម​ថ្នាក់​ជាមួយ​យុវជន គង់ រ៉ៃយ៉ា ដាក់​លិខិត​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ ដោះលែង​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth


និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​ជា​មិត្ត​រួម​ថ្នាក់​ជាមួយ​យុវជន គង់ រ៉ៃយ៉ា បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​បី គឺ​ក្រសួង​យុត្តិធម៌ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​សុំ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា វិញ​នៅ​ថ្ងៃ​ទី​១៥ មីនា ដែល​ជា​ថ្ងៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម ប៉ុន្តែ​សំណើ​សុំ​នេះ ត្រូវ​បាន​ក្រសួង​យុត្តិធម៌ បដិសេធ។

ក្រសួង​យុត្តិធម៌ បដិសេធ​សំណើ​សុំ​របស់​និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ចំពោះ​ការ​ស្នើសុំ​អន្តរាគមន៍​ដោះលែង​យុវជន គង់ រ៉ៃយ៉ា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ។

ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៥ មីនា ថា​តើ​យុវជន គង់ រ៉ៃយ៉ា នឹង​មាន​ទោស ឬ​ត្រូវ​ដោះលែង?

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ បាន​ទទួល​លិខិត​របស់​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ដែល​ជា​មិត្ត​រួម​ថ្នាក់​យុវជន គង់ រ៉ៃយ៉ា សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​ទៅ​តុលាការ ឲ្យ​ដោះលែង​យុវជន​រូប​នេះ​ហើយ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា ក្រសួង​គ្មាន​សិទ្ធិ​លូក​ដៃ​លើ​កិច្ចការ​របស់​តុលាការ​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​សម្រេច​ដោះលែង ឬ​មិន​ដោះលែង​នោះ?«»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​យុវជន​រូប​នេះ បង្ហោះ​សារ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ សូរីយា កូកូ (Soriya Koko)

ខ្លឹមសារ​លិខិត​របស់​ក្រុម​និស្សិត​ដែល​បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​សរសេរ​ថា ចាប់​តាំង​ពី​ពួក​គាត់​បាន​សិក្សា និង​ស្គាល់ គង់ រ៉ៃយ៉ា មក សង្កេត​ឃើញ​ថា លោក​មាន​អាកប្បកិរិយា​ល្អ មិន​ដែល​បង្ក​ការ​រំខាន ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​ប៉ះពាល់​សង្គម ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ម្យ៉ាង​ទៀត គាត់​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​អ្នក​សិក្សា​ថ្នាក់​ឆ្នាំ​មូលដ្ឋាន មាន​ការ​យល់​ដឹង​អត្ថន័យ​ពាក្យ​បដិវត្តន៍​ពណ៌​នៅ​មាន​កម្រិត​ប៉ុណ្ណោះ។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ខេមរៈ ព្រះតេជព្រះគុណ ជ្រី បូរ៉ា ដែល​ព្រះអង្គ​ចូលរួម​ដាក់​លិខិត​ទៅ​ស្ថាប័ន​ទាំង​បី​នោះ មាន​ថេរ​ដីកា​ថា ព្រះអង្គ​បាន​ស្គាល់ គង់ រ៉ៃយ៉ា ជា​និស្សិត​ស្លូតបូត។ ព្រះអង្គ​បន្ថែម​ថា អ្វី​ដែល គង់ រ៉ៃយ៉ា ផុស​ក្នុង​ហ្វេសប៊ុក គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ ដែល​យុវជន​រូប​នេះ​មិន​យល់​ច្បាស់​អំពី​អត្ថន័យ​ពាក្យ​បដិវត្តន៍​ពណ៌ ជាដើម៖ «»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្វី​ដែល លោក គង់ រ៉ៃយ៉ា ផុស​ក្នុង​ហ្វេសប៊ុក​នោះ គ្រាន់​តែ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ចលាចល ឬ​ធ្វើ​បដិវត្តន៍​ពណ៌​អ្វី​ដែរ៖ «»

យុវជន គង់ រ៉ៃយ៉ា អាយុ ២៤​ឆ្នាំ គឺ​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ ការ​ចាប់​ខ្លួន​នេះ ក្រោយ​ពី​យុវជន​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌។ សារ​នោះ​សរសេរ​ថា «តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ឃ្លាំ​មើល​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​តាម​ដាន​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​ចង់​ឃើញ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​រឿង​ក្តី​របស់​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី​១៥ មីនា នេះ ដោយ​ផ្អែក​លើ​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដោយ​គ្មាន​ភាព​លម្អៀង​ផ្នែក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​សុំ​អន្តរាគមន៍​ដោះលែង​យុវជន​ពាក់ព័ន្ធ​សំណុំ​រឿង​បដិវត្តន៍​ពណ៌"

  1. Judge says:

    ឆន្ទានុសិទ្ធិ = អនុសិទ្ធិ ដោយឆន្ទៈ ឬ នៃឆន្ទៈ។
    បើ ឆន្ទានុសិទ្ធិ ដោយ ទុឆន្ទៈ = អនុវត្តិសិទ្ធិ ដោយ គំនិត ឆន្ទា
    បើឆន្ទានុសិទ្ធិ ដោយ សុឆន្ទៈ = អនុវត្តុ សិទ្ធិ ដោយ គំនិតមិនរើសអើង