ដោយ ម៉ែន សុធីរ
2016-03-14
RFA

២១-ធ្នូ-២០១៥៖ ទីរួមខេត្តស្ទឹងត្រែង។ RFA/Men Sothyr
![]()
ពលរដ្ឋជាង ៣០គ្រួសារតំណាងឲ្យពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្ដិតមេដៃរកអន្តរាគមន៍ពីអង្គការមិនមែនរដ្ឋាភិបាល ករណីអាជ្ញាធរមូលដ្ឋានរៃអង្គាសប្រាក់ពួកគាត់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៤ ដើម្បីរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល តាមរយៈតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ម៉ុង ឫទ្ធី គ្រុប ប៉ុន្តែរហូតបច្ចុប្បន្ន អ្នកភូមិពុំទាន់មានពន្លឺពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនៅឡើយ។
ពលរដ្ឋជាង ១០០គ្រួសាររស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង អំពាវនាវឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ជួយពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រពុំមានដីធ្លីធ្វើលំនៅឋាន។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋទាំងនេះ បានរៃអង្គាសប្រាក់ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីជាថ្លៃសេវារៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានដីនៅឡើយ។
តំណាងពលរដ្ឋ លោក យុន រតនា និយាយថា តំណាងអាជ្ញាធរដុងក្រឡ ឬភូមិឧបសម្ពន្ធរិទ្ធីសែនជ័យ លោក សុខ គឹមសេន បានរៃអង្គាសប្រាក់ពីពលរដ្ឋកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ចាប់ពី ២ម៉ឺនរៀលដល់ ៣ម៉ឺនរៀលក្នុងមួយគ្រួសារ ក្រោមហេតុផលរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈតំណាងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តែរហូតបច្ចុប្បន្ន លោកពុំទាន់ទទួលដំណឹងស្ដីពីលទ្ធផលដីសម្បទានសង្គមកិច្ចនៅឡើយទេ។ លោកទាមទារឲ្យ លោក សុខ គឹមសេន បំភ្លឺពីករណីនេះឲ្យច្បាស់លាស់ ទាក់ទិនភាពមិនប្រក្រតីនៃការរៃអង្គាសប្រាក់នោះ៖ «មានឈ្មោះសុំដីប្រហែលជា ៣០ ទៅ ៤០គ្រួសារ។ គ្នាអត់ អត់មែនទេ អត់មានដីនៅ។ ដល់ពេលចឹង ធ្វើសំណើតាមរយៈមេភូមិ តាមរយៈប្រធានស្នាក់ការក្រុមហ៊ុនការដ្ឋាន។ គេចុះរៃលុយគេធ្វើរៃមកពីរដង គ្នាក៏ឲ្យតាមហ្នឹងទៅ ប្រជាជនអត់ ចង់បានដី។ ដល់ឥឡូវអត់បានអត់បានអីសោះ»។
ឆ្លើយតបរឿងនេះ មេភូមិឧបសម្ពន្ធរិទ្ធីសែនជ័យ លោក សុខ គឹមសេន ទទួលស្គាល់ថា លោកបានរៃអង្គាសប្រាក់ពីអ្នកភូមិ ប៉ុន្តែអាជ្ញាធរបានយកប្រាក់ទាំងនោះជួលត្រាក់ទ័រឈូសឆាយធ្វើផ្លូវចូលតំបន់គម្រោងផ្តល់ដីសម្បទានសង្គមកិច្ច។ លោកអះអាងថា សំណើសុំដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរ តាមរយៈបុគ្គលិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មានបញ្ហារាំងស្ទះដំណើរការគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនោះ៖ «បញ្ជូនត្រឹមកសិដ្ឋាន កសិដ្ឋានក៏មិនបានបញ្ជូនទៅ។ យើងបានខកខានបញ្ហាចែកទៅចឹង។ លុយចំនួនពីរម៉ឺន យើងអត់មានយកទៅណាទេ យើងយកធ្វើផ្លូវ ជួលអាត្រាក់គេ»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានកសិដ្ឋាននៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី១៤ មីនា។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋជាង ៥០គ្រួសារ ទំហំដីទទឹង ២៥ម៉ែត្រ បណ្តោយ ៥០ម៉ែត្រក្នុងមួយគ្រួសារនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី តាមសំណើរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ បន្ទាប់ពីក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ធ្លាប់ផ្សព្វផ្សាយឲ្យពលរដ្ឋដែលខ្វះខាតដីធ្វើលំនៅឋាន អាចដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចមកអាជ្ញាធរមូលដ្ឋាន។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូរ សំអុល យល់ថា បើអាជ្ញាធរបានរៃអង្គាសប្រាក់ពលរដ្ឋដើម្បីដំណើរការរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច លទ្ធផលយ៉ាងណា អាជ្ញាធរត្រូវផ្តល់ដំណឹងមកពលរដ្ឋ ដើម្បីជៀសវាងកុំឲ្យពលរដ្ឋទន្ទឹមរង់ចាំលទ្ធផលស្ដីពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនោះ៖ «គាត់មិនគួរយកលុយពីប្រជាពលរដ្ឋទេ ក្នុងនាមគាត់អាជ្ញាធរ គាត់គ្រាន់តែដើរស្រង់ឈ្មោះ ដូចគាត់ចុះធ្វើការជាមួយប្រជាពលរដ្ឋដែរ។ គាត់ស្រង់ឈ្មោះអ្នកណាក្រីក្រពិតប្រាកដអ៊ីចឹងទៅ ដាក់ឈ្មោះសំណើសម្បទានសង្គមកិច្ចតាមលក្ខណៈរដ្ឋបាលទៅ»។
ចំណុចដុងក្រឡ ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឆ្ងាយពីសាលាខេត្តស្ទឹងត្រែង ជាង ៤០គីឡូម៉ែត្រ។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាពលរដ្ឋចំណាកស្រុកមានចំនួន ២១១គ្រួសារ។ ចំណែកដីនៅតំបន់នោះ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុន ដូចជា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុន កែវ រិទ្ធី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋចោទក្រុមហ៊ុនសម្អាតបាតអាងទំនប់វារីអគ្គិសនីសេសានថាឈូសឆាយដីព្រៃសហគមន៍
- ពលរដ្ឋអះអាងថាអភិបាលរងខេត្តក្រចេះដឹកនាំកម្លាំងឈូសបំផ្លាញផ្ទះអ្នកភូមិប្រម៉ា២ខ្នង
- ពលរដ្ឋមកពីស្រុកភ្នំស្រួចដាក់ញត្តិសុំអន្តរាគមន៍ឲ្យដោះលែងអ្នកភូមិ២នាក់
- តំណាងពលរដ្ឋនៅក្រចេះរកអន្តរាគមន៍រឿងអាជ្ញាធរចាប់ខ្លួនអ្នកភូមិ៤នាក់
- សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុបំភ្លឺរឿងឈូសឆាយដីព្រៃនៅព្រៃនប់
- ពលរដ្ឋខណ្ឌជ្រោយចង្វារជំរុញឲ្យស្ថាប័នចំនួនបីជួយបញ្ចប់ជម្លោះដីជាមួយក្រុមហ៊ុន OCIC
- អ្នកបឹងកក់៧គ្រួសារប្ដឹងអភិបាលក្រុងភ្នំពេញទៅអង្គភាពប្រឆាំងអំពើពុករលួយ
- ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តត្បូងឃ្មុំនាំគ្នាបង្ហោះសារទៅហ្វេសប៊ុកនាយករដ្ឋមន្ត្រី
- ពលរដ្ឋប្ដឹងទៅសាលាខេត្តបន្ទាយមានជ័យឲ្យជួយទប់ស្កាត់អាជ្ញាធរមូលដ្ឋានលក់ដីទំនាស់