ដោយ ម៉ម មុនីរតន៍
2016-03-14
RFA

បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈមួយនារាជធានីភ្នំពេញ ចាក់សាក់ឲ្យអតិថិជនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។ RFA/Rann Samnang
ក្រសួងចំនួន៣ ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានប្រកាសថា តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយមួយចំនួន នឹងត្រូវលក់បញ្ចុះថ្លៃថែមទៀតទៅតាមទីផ្សារអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ មីនា ក្រសួងចំនួន៣ ក្នុងនោះរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ប្រេងសាំងលក់រាយដែលធ្លាប់លក់ក្នុងតម្លៃមួយខ្ពស់នោះ ចាប់ពីពេលនេះទៅ គឺតម្លៃទាំងនោះត្រូវបញ្ចុះថ្លៃហើយ។ សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា តាមរយៈការកំណត់រូបមន្តនៃការបញ្ចុះថ្លៃនេះ គឺប្រេងសាំងស៊ុបពែរ ដែលធ្លាប់លក់ក្នុងតម្លៃ ៣.៦៥០រៀល ចុះថ្លៃមកនៅត្រឹម ៣.១៥០រៀលក្នុងមួយលីត្រ។ តម្លៃប្រេងសាំងធម្មតា ចុះថ្លៃពី ៣.៣៥០រៀល មកនៅត្រឹម ៣.០៥០រៀលក្នុងមួយលីត្រ។ ដោយឡែកតម្លៃប្រេងម៉ាស៊ូតវិញ ចុះថ្លៃពី ៣.១០០រៀល មកនៅត្រឹម ២.៧០០រៀលក្នុងមួយលីត្រ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ទៀតថា រដ្ឋាភិបាលបន្តលើកទឹកចិត្តចំពោះស្ថានីយប្រេងឥន្ធនៈ ដែលជាដេប៉ូឯកជនផ្ទាល់ ដែលធ្លាប់លក់ក្នុងតម្លៃមួយថោកជាងតម្លៃដែលបានកំណត់ បន្តលក់ក្នុងតម្លៃថោកជាបន្តទៀតចុះ៕