
ក្រុមផលិតករវ័យក្មេង និងក្រុមការងាររបស់ភ្នាក់ងារ Kotra នាពេលប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីទាំងបីរូប។ ហុង មិនា
Mon, 14 March 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ភាពយន្តខ្លីរឿង «Life and Light» ជាវណ្ណកម្មរបស់ផលិតករវ័យក្មេងឈ្មោះ ឈិន ឡុង បានទទួលជយលាភីចំណាត់ថ្នាក់លេខ ១ ពីកម្មវិធីប្រកួតប្រជែងភាពយន្តខ្នាតខ្លី ឬ K-Film Contest ដែលរៀបចំដោយទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េហៅកាត់ថាភ្នាក់ងារ KOTRA នោះបានប្រគល់រង្វាន់ដល់ម្ចាស់ជយលាភីរដូវកាលទី ៣ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៦ កន្លងមក ក្រោមប្រធានបទឈ្មោះថា «ពន្លឺ និងភូមិខ្ញុំ» សម្រាប់ដំណាក់កាលទី ៣ នៃការផលិតភាពយន្តក្រោម ៣ នាទី។

ឈិន ឡុង ជាម្ចាស់ជយលាភីលេខ ១។ ហុង មិនា
ចំពោះប្រធានបទ «ពន្លឺ និងភូមិខ្ញុំ» ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃជីវិតរបស់ប្រជាជនខ្មែរដែលរស់នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងតែជួបនឹងផលលំបាកខ្វះខាតនូវថាមពលពន្លឺ ឬអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ខណៈភ្នាក់ងារ KOTRA បាននាំយកនូវសម្ភារ និងឧបករណ៍បន្ទះសូឡាប្រើពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនកូរ៉េឈ្មោះ Dawon ទៅចែកជូនប្រជាជនចំនួន ៥០ គ្រួសារជាអាទិភាពមុនដំបូងគេ។
ជយលាភីលេខ ១ ទទួលបានរង្វាន់កាមេរ៉ាមួយគ្រឿងតម្លៃ ៥០០ ដុល្លារ បានទៅលើផលិតករ ឈិន ឡុង ចំណែកឯលេខ ២ បានទៅលើផលិតករ ស្វាយ លីម៉េង បានទទួលរង្វាន់កាមេរ៉ាមួយគ្រឿងតម្លៃ ៤០០ ដុល្លារ ជាមួយភាពយន្តខ្លីរឿង «Light and Future» ដែលសាច់រឿងនិយាយពីជីវិតតស៊ូរបស់កុមារាម្នាក់ទ្រាំរស់នៅក្នុងស្ថានភាពលំបាក ហើយអនាគតរបស់គេនឹងប្រែប្រួលក៏ដោយសារពន្លឺនៃជីវិត។ ជយលាភីលេខ ៣ បានទៅលើផលិតករស្រី កញ្ញា កែវ ចរិយា ដោយទទួលបានរង្វាន់ឧបករណ៍អគ្គិសនី Multi-Sunlight មួយគ្រឿងរបស់ក្រុមហ៊ុន Dawon។
ឈិន ឡុង បានប្រាប់ពីអត្ថន័យនៃសាច់រឿងខ្លួនថា៖ «ភាពយន្តនេះចង់បង្ហាញពីស្ថានភាពជីវិតប្រជាជនដែលខ្វះខាតនូវថាមពលពន្លឺ ឬអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងភាពរីករាយនៃជីវិតរបស់ពួកគាត់បន្ទាប់ពីបានទទួលសម្ភារ និងឧបករណ៍បន្ទះសូឡាប្រើពន្លឺព្រះអាទិត្យពីកូរ៉េ»។
កញ្ញា កែវ ចរិយា សម្តែងអារម្មណ៍ត្រេកអរ និងកោតសរសើរនូវកម្មវិធី K-Film Contest នេះថា៖ «ទោះបីជាលើកដំបូងនេះសម្រាប់នាងខ្ញុំ ទទួលបាននូវចំណាត់ថ្នាក់លេខ ៣ ក្តី តែវាជាការលើកទឹកចិត្តមួយទៅលើសមិទ្ធផលស្នាដៃខ្លួនឯងដែលបានខិតខំ។ Kotra រៀបចំកម្មវិធី K-Film Contest នេះឡើងមានលក្ខណៈល្អ និងជាសកម្មភាពលើកទឹកចិត្តទៅដល់ផលិតករក្មេងៗឲ្យខិតខំប្រឹងប្រែងបង្កើតស្នាដៃផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីរក្សានូវតម្លៃលើវិស័យភាពយន្តខ្លួនឯងឲ្យបានល្អប្រសើរ»។
លោក វ៉ែន សិទ្ធិ ប្រធានគ្រប់គ្រងទូទៅនៃកម្មវិធីប្រកួតប្រជែងភាពយន្ដខ្នាតខ្លីបានឲ្យដឹងថា៖ «កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចូលរួមជួយផ្សព្វផ្សាយ និងលើកស្ទួយវិស័យឧស្សាហកម្មភាពយន្តតាមរយៈស្នាដៃផលិតរឿងខ្លីៗរបស់ផលិតករខ្មែរនាសម័យក្រោយ និងចង់រួមចំណែកក្នុងសកម្មភាពល្អៗនៅសង្គមខ្មែរ»៕