
លោក យិន នាន ប្រកាសចូលនិវត្តន៍ក្រោយពេលដែលបំពេញការងារនៅសារមន្ទីរទួលស្លែងអស់ពេល ៣៤ ឆ្នាំ។ រូបថត SCOTT ROTZOLL
Mon, 14 March 2016
Vandy Muong and Harriet Fitch Little
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អក្សរដៃរបស់លោក យិន នាន គឺជាកូដដែលដោះសោបណ្ណាសារប្រល័យពូជសាសន៍ដ៏សំខាន់បំផុតចំនួនពីររបស់កម្ពុជា។ នៅឯមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោកបានជួយប្រមូលឯកសារខ្មែរក្រហមចំនួន ៦ សែនច្បាប់ហើយបញ្ចូលបណ្ណាសារជាក្រដាសដ៏ផុយស្រួយនោះទៅលើមីក្រូហ្វីល។
នៅឯសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងលោកបានឈរជាមួយនឹងក្រុមគ្រួសារជនរងគ្រោះខណៈដែលពួកគេកំពុងរកមើលរូបថតសាច់ញាតិដែលបានបាត់បង់ជីវិត។ លោកបានជួយជីករុករករណ្តៅកប់សពរួមបានធ្វើការសម្ភាសដែលរកឃើញថាអ្នកទោស ១៧៩ នាក់រួចផុតពីក្តីស្លាប់នៅគុកទួលស្លែងហើយលោកជាសមាជិកនៃក្រុមបាល់ទះដែលធ្លាប់ហ្វឹកហាត់ក្នុងបរិវេណគុកចាស់នេះ។
ប៉ុន្តែឥឡូវនេះបន្ទាប់ពីបានបម្រើការអស់ពេល ៣៤ ឆ្នាំមកហើយលោក នាន ដែលមានអាយុ ៥៦ ឆ្នាំបានប្រកាសចូលនិវត្តន៍។ ការប្រកាសបានធ្វើឲ្យមនុស្សស្គាល់លោកមានការភ្ញាក់ផ្អើលជាពិសេសលោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ឆាំង យុ អង្គុយក្នុងការិយាល័យរបស់លោកនៅមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីដើមខែមីនានេះបាននិយាយថា៖ «បុគ្គលអ្នកស្រាវជ្រាវអតីតជនរងគ្រោះនៃរបបខ្មែរក្រហមគាត់បានធ្វើការជាមួយមនុស្សគ្រប់ប្រភេទនៅលើពិភពលោកហើយយើងមិនដែលផ្ញើប័ណ្ណអរគុណដល់គាត់ទេ។ ខ្ញុំចង់យំនៅពេលខ្ញុំគិតអំពីរឿងនេះ។ គាត់តែងតែញញឹមគាត់មិនដែលត្អូញត្អែរទេ»។
លោក នាន ជាបុរសមិនសូវនិយាយច្រើនទេ។ ដោយចាក់សោបើកបន្ទប់មួយនៅជាន់ខាងលើនៃគុកទួលស្លែងកាលពីថ្ងៃទី ១ មីនាលោកបានបដិសេធមិនមកយកកៅអីទេហើយខំអង្គុយនៅពីក្រោយតុក្មេងទាំងមិនសុខស្រួល។
លោកមិនដែលត្រូវបានគេសម្ភាសពីមុនមកទេហើយការពិភាក្សាអំពីជីវិតរបស់គាត់ក៏មិនធ្លាប់បានដំណើរការដែរ។ លោកបានបន្តថា៖ «ខ្ញុំរីករាយ» ចំពោះការដំឡើងតំណែងជាមន្រ្តីបណ្ណាសារជាន់ខ្ពស់។ ប៉ុន្តែលោក នាន ដឹងថារឿងរ៉ាវរបស់គាត់មិនធម្មតាទេ។
ការងារដំបូងរបស់លោកនៅគុកទួលស្លែងគឺជាអ្នកបោសសម្អាតម្នាក់នៅក្នុងឆ្នាំ ១៩៨២ គឺបីឆ្នាំបន្ទាប់ពីខ្មែរក្រហមដួលរលំក្រោមដៃរបស់កងកម្លាំងដែលគាំទ្រដោយវៀតណាម។
នៅឆ្នាំ ១៩៧៩ មន្ទីរប្រតិបត្តិការដែលគេស្គាល់ថាមន្ទីរស២១ ត្រូវបានគេសម្អាតហើយសពអ្នកទោសត្រូវបានបូជាដើម្បីអនាម័យហើយអគារត្រូវបានបើកឲ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនា។
ឯកសាររៀបរាប់ពីប្រវត្តិរបស់អ្នកទោសដែលមានតម្លៃ និងចម្លើយសារភាពត្រូវបានគេរកឃើញរប៉ាត់រប៉ាយនៅទីធ្លាដែលឯកសារខ្លះត្រូវបានដុតចោលពាក់កណ្តាលដោយកម្មាភិបាលខ្មែរក្រហមមុនពេលពួកគេរត់គេចខ្លួន។
លោក នាន មិនបានគិតច្រើនអំពីកន្លែងការងារថ្មីរបស់លោកទេ។ លោកបានរំឭកកាលពីដើមខែនេះថា៖ «វាងងឹតហើយធុំក្លិនឈាមហើយឧបករណ៍ធ្វើទារុណកម្មនៅទីនោះនៅឡើយ។ ខ្ញុំមានអារម្មណ៍ព្រឺសម្បុរពេលខ្ញុំដើរចូលទៅក្នុងបន្ទប់តែម្នាក់ឯង»។

លោក ឆាំង យុ និង លោក យិន នាន ក្នុងពេលសំណេះសំណាលគ្នាកន្លងមក។ រូបថត SCOTT ROTZOLL
ជំនួសប្រាក់ខែលោកបានទទួលជាអង្ករ ប្រេង ស្ករ និងបារី។ ការប្រែក្លាយពីកម្មករធម្មតាទៅជាអ្នកជំនាញគឺជាដំណើរយឺតយ៉ាវមួយ។ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំគាត់បានប្រាក់ខែហើយត្រូវបានដំឡើងតំណែងពីអ្នកសម្អាតទៅជាអ្នកយាម។ ពេលដែលវៀតណាមចាកចេញពីកម្ពុជានៅក្នុងឆ្នាំ ១៩៨៩ លោកត្រូវបានគេជួលឲ្យទៅធ្វើការនៅបន្ទប់បណ្ណាសារ និងទទួលបានការបណ្តុះបណ្តាលមួយចំនួនពីក្រសួងវប្បធម៌។
គាត់បានឈប់សម្រាកនៅឆ្នាំ ១៩៩៥។ លោក ឆាំង យុ ដែលនៅក្មេងនាពេលនោះ និងជាមន្រ្តីកម្មវិធីនៃកម្មវិធីអំពើប្រល័យពូជសាសន៍កម្ពុជានៃសាកលវិទ្យាល័យ យែល បានបញ្ចុះបញ្ចូលនាយកដ្ឋានហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យឲ្យបន្តផ្តល់ថវិកាដល់ការិយាល័យចុះតាមរកឯកសារខ្មែរក្រហមដែលលោក ឆាំង យុ បានអះអាងថាត្រូវបានគេប្រើជាក្រដាសខ្ជប់ចេកឆាបនៅទីផ្សារក្នុងស្រុក។
លោកទទួលបានជំនួយ ២៥ ដុល្លារក្នុងមួយខែដើម្បីជួលជំនួយការហើយលោកបានជ្រើសរើសយកលោក នាន។
វាជាការចាប់ផ្តើមនៃអ្វីដែលលោក ឆាំង យុ រៀបរាប់ថាជា «មិត្ដភាពពិតៗ» ហើយទំនាក់ទំនងការងារត្រូវបានពង្រឹងនៅឆ្នាំបន្ទាប់នៅពេលដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានក្លាយជាស្ថាប័នស្វយ័ត។
លោក ឆាំង យុ បានថ្លែងថា៖ «កម្ពុជាជាប្រទេសមួយដែលបំផ្លាញការជឿទុកចិត្តគ្នាប៉ុន្តែតាមរយៈការភ័យរន្ធត់នេះយើងបានរកឃើញអ្វីមួយ»។ មានចំណុចស្របគ្នាក្នុងរឿងរ៉ាវជីវិតរបស់បុរសទាំងពីរ។
ពួកគេមានអាយុប្រហាក់ប្រហែលគ្នាលោក ឆាំង យុ គិតថាគាត់ជា «បងប្រុស» ហើយអ្នកទាំងពីរត្រូវបានគេបំបែកចេញពីក្រុមគ្រួសារដោយពួកខ្មែរក្រហម និងត្រូវបានចាត់ឲ្យទៅកងចល័តជីកប្រឡាយ។ បុរសទាំងពីរត្រូវបានបញ្ជូនទៅខេត្តបាត់ដំបងគឺលោក ឆាំង យុ ត្រូវបានបញ្ជូនភ្លាមៗចំណែកឯលោក នាន ត្រូវបានបញ្ជូនបន្ទាប់ពីគាត់នៅព្រៃវែងបាន ៣ ឆ្នាំ។
នៅចុងបញ្ចប់ផ្លូវបានបែកឆ្ងាយពីគ្នា។ លោក នាន មិនចេះអង់គ្លេស និងបារាំងទេហើយការទម្លាក់គ្រាប់បែកដោយអាមេរិកនៅព្រៃវែងបានបង្អាក់ការអប់រំរបស់គាត់នៅមុនឆ្នាំ ១៩៧៥។ គាត់បានវិលមកដីគ្រួសារវិញរហូតទាល់តែពូរបស់គាត់រកការងារជាអ្នកបោសសម្អាតឲ្យគាត់បាននៅគុកទួលស្លែង។
លោក ឆាំង យុ ដែលបានធំលូតលាស់ក្នុងគ្រួសារវណ្ណៈកណ្តាលនៅរាជធានីភ្នំពេញបានធ្វើការឲ្យអង្គការអន្ដរជាតិនៅក្នុងរដ្ឋធានីភ្នំពេញ និងបានចំណាយពេលវេលានៅសហរដ្ឋអាមេរិក។ ចំណង់ចំណូលចិត្ត និងបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយបានជំរុញឲ្យគាត់ឡើងដល់កំពូល។ នៅឆ្នាំ ២០០៧ លោក John Kerry សមាជិកព្រឹទ្ធសភាបានជ្រើសរើសលោកជាឥស្សរជន Time 100 ក្រោមប្រភេទ «វីរបុរស និងជាអ្នកដំបូងគេ»។
កិច្ចសហការរបស់បុរសទាំងពីរពឹងផ្អែកទាំងស្រុងទៅលើអ្វីដែលលោក ឆាំង យុ ថាគឺជាសមត្ថភាពដូចគ្នា «ក្នុងប្រវត្តិសាស្រ្តជាសិល្បៈ»។
នៅពេលដែលធ្វើការរួមគ្នាពួកគេរកបណ្ណាសារដោយប្រើរូបភាព «ទំព័រលឿងវាមានរូបភាពហើយក្រដាសពុកមិនមែនផ្អែកលើលេខស៊េរីទេ។
លោក ឆាំង យុ បានថ្លែងថា៖ «ខ្ញុំបានធ្វើកិច្ចការនេះឲ្យគាត់អស់រយៈពេល ២០ ឆ្នាំហើយគាត់មិនដែលខកខានមិនបំពេញសំណើណាមួយឡើយ»។
ការអប់រំរបស់លោក នាន ផ្នែកបណ្ណាសារពឹងផ្អែកលើទេពកោសល្យធម្មជាតិ។ គាត់បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសប៉ុន្តែគេបង្រៀនដោយប្រើភាសាដែលលោកមិនអាចយល់។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ គាត់ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកដើម្បីទៅយកម៉ាស៊ីនមីក្រូហ្វីលទុកថតចម្លងឯកសារខ្មែរក្រហមនៅបណ្ណាសារ។ លោក នាន បានផ្គុំ និងដំណើរការម៉ាស៊ីនដោយប្រើសៀវភៅណែនាំដែលសរសេរជាភាសាអង់គ្លេស។ លោកបានថ្លែងថា៖ «ខ្ញុំចូលចិត្តការអនុវត្តជាជាងការបង្រៀន»។
បើតាម Craig Etcheson អ្នកនិពន្ធសៀវភៅ «បន្ទាប់ពីវាលពិឃាត» បានឲ្យដឹងថាការរួមចំណែករបស់ នាន ត្រូវបានទទួលស្គាល់ដោយអ្នកដែលធ្វើការជាមួយគាត់ថាជា «តួអង្គសំខាន់» នៅក្នុងការអភិរក្សឯកសារតាមរយៈមីក្រូហ្វីល។
Theresa de Langis ដែលកំពុងប្រើបណ្ណាសារនោះដើម្បីធ្វើការស្រាវជ្រាវអំពីការរៀបការទាំងបង្ខំបានថ្លែងថានៅពេលលក្ខណសម្បត្តិរបស់គាត់ត្រូវបានលើកឡើងគឺវាបង្ហាញអំពីការខិតខំប្រឹងប្រែងធ្វើការងារដោយស្ងៀមស្ងាត់របស់គាត់៖ «វិញ្ញាណដោយស្ងប់ស្ងាត់ជាមួយនឹងការញញឹមពីធម្មជាតិនៅក្នុងភ្នែករបស់គាត់»។
«វានិយាយមិនចេញនៅពេលគាត់បង្ហាញខ្ញុំនូវការសារភាពទាំងនោះពីកន្លែងទុកឯកសារសរសេរដោយដៃពីចំណុចមួយទៅចំណុចមួយនៅក្នុងដៃគាត់»។
នាន គឺជាមនុស្សខិតខំធ្វើការក្នុងការបង្ហាញអំពីការពិតនៅបណ្ណាសារ។ នៅពេលគាត់បានឃើញមេគុកស‑២១ ឌុច នៅក្នុងសវនាការក្នុងឆ្នាំ ២០០៩ គាត់មានឆន្ទៈធ្វើការងារ និងពិនិត្យរាល់អ្វីៗទាំងអស់មុនពេលផ្ញើវាចេញ។ គាត់ពិតជារៀបចំបានយ៉ាងល្អ»។
ប៉ុន្តែមានពេលវេលាខ្លីនៅពេលឯកសារដែលត្រូវបានដាក់លេខយ៉ាងមានរបៀបបានក្លាយជាអ្វីដែលលើសពីការពិតជាពិសេសនៅពេលគ្រួសារជាច្រើនបានមកស្វែងរកសាច់ញាតិរបស់ខ្លួន។
លោកបានរំឭកអំពីរឿងខ្លីមួយជាមួយនឹងអារម្មណ៍រំជួលចិត្តដ៏កម្រមាន៖ ឪពុកម្តាយដែលមកមើលឯកសារកូនប្រុសរបស់ខ្លួនដែលបានស្លាប់នៅក្នុងគុកទួលស្លែងបានដឹងថាបុរសដែលសម្លាប់កូនរបស់គាត់គឺជាមិត្តភក្តិ។ នាន បានផ្តល់ឲ្យពួកគេនូវរូបថតចម្លងដើម្បីឲ្យពួកគេអាចធ្វើពិធីបុណ្យដល់កូនរបស់ខ្លួនតាមប្រពៃណី។
អស់រយៈពេលជាច្រើនឆ្នាំឥឡូវនេះ នាន បាននិងកំពុងព្យាយាមសរសេរសៀវភៅមួយ។ វានឹងជាផ្នែកនៃប្រវត្តិសាស្រ្ត និងជាផ្នែកនៃសៀវភៅផ្ទាល់ខ្លួនអំពីសម័យកាលរបស់ នាន នៅបណ្ណាសារ។ ដំបូន្មានរបស់ លោក ឆាំង យុ គឺថាសូមអានការបកប្រែភាសាខ្មែរនៃសំឡេងរបស់ David Chandler ពីស‑២១ និង «សរសេរអ្វីដែលមិននៅក្នុងវា»។
អ្វីដែលសរសេរនោះមានន័យគឺថាជាញឹកញាប់គឺខ្មោចពាក្យចចាមអារ៉ាមដូចជា សន្តិសុខ កាលពីមួយសតវត្សរ៍មុនស្លាប់ដោយសារគាំបេះដូងបន្ទាប់ពីយល់សប្តិឃើញព្រលឹងនៅកន្លែងធ្វើទារុណកម្មចាស់ជាមួយមិត្តភក្តិបីនាក់។
មួយថ្ងៃបន្ទាប់ពីយើងជួបគ្នានៅទួលស្លែង នាន បានទៅការិយាល័យរបស់លោក ឆាំង យុ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដោយមិនបានគ្រោងទុកនៅពេលម៉ោងឈប់សម្រាកបាយថ្ងៃត្រង់របស់គាត់។ គាត់បានសើចនៅពេលលោក យុ បានព្យាយាមសួរគាត់ថា «តើអ្នកសោកស្តាយនឹងការធ្វើការងារនេះឬអត់នៅពេលអ្នកមិនទទួលបានប្រាក់ខែច្រើន?» «ហេតុអ្វីបានជាអ្នកនឹងចូលនិវត្តន៍? តើអ្នកទន្ទឹងរង់ចាំអ្វីនៅពេលអ្នកទៅដល់កន្លែងការងារ?»។
ចម្លើយរបស់ នាន គឺស្ងៀមស្ងាត់ និងខ្លី។ គាត់ស្រឡាញ់ការងាររបស់គាត់ហើយនេះជាចម្លើយដែលធ្វើឲ្យលោក ឆាំង យុ សើច។
នៅពេល នាន និយាយថាគាត់មិនបារម្ភអំពីការចូលនិវត្តន៍ដោយសារអ្នកបណ្ណាសារថ្មីមានវ័យក្មេងជាង និងមានការអប់រំពីសាកលវិទ្យាល័យ និងទទួលបានការបណ្តុះបណ្តាលនៅវៀតណាមអស់រយៈពេលមួយខែដើម្បីឲ្យធ្វើការងារបានល្អលោក យុ បានប្រាប់គាត់ថា៖ «អ្នកមានការបណ្តុះបណ្តាលអស់រយៈពេល ៣៤ ឆ្នាំ!»។
នៅក្នុងអារម្មណ៍គិតដោយស្ងាត់ៗលោក យុ បានពន្យល់ថា៖ «បច្ចេកវិទ្យាមិនអាចជំនួសប្រវត្តិសាស្រ្តបានទេ។ យើងគិតថាការធ្វើឲ្យមានលក្ខណៈឌីជីថលនឹងបម្រើអត្ថប្រយោជន៍របស់យើងប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រវត្តិសាស្រ្តនៅតែជាការប្រាប់អំពីសាច់រឿង។
សម្រាប់ខ្ញុំបុរសនេះគឺជាប្រវត្តិសាស្រ្ត»។
លោកបានថ្លែងថា៖ «គាត់ដូចជានាគក្បាល ៧ ដែលការពារព្រះពុទ្ធ»។ នាន សើចចំពោះការប្រៀបធៀបនេះ។ គាត់បានថ្លែងថាការងាររបស់គាត់ធ្វើឲ្យគាត់រីករាយប៉ុន្តែគាត់ចង់ផ្តោតទៅលើសៀវភៅរបស់គាត់។ ចៅទីមួយរបស់គាត់ទើបតែបានកើតដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចាស់។
គាត់និយាយជាមួយនឹងការញញឹមថា៖ «មិត្តភក្តិទាំងអស់របស់ខ្ញុំបានចូលនិវត្តន៍អស់ហើយ ហើយខ្ញុំគិតថាប្រហែលជាឥឡូវនេះដល់ពេលខ្ញុំចូលនិវត្តន៍ហើយ»៕TK/PS
Contact authors: Vandy Muong and Harriet Fitch Little
សូមសរសើរដល់ការតស៊ូជីវិត ពិត និង បុព្វហេតុនៃការតស៊ូនេះ។
វិរៈភាព មិនកើតឡើងពី អំនួត។ បើ ត្រូវខ្សែ តែខុសគំនិតក្តី គាត់នឹងក្លាយជា បណ្ឌិត បណ្ឌិត យិន នាន មិនខាន។ មោទនភាពនឹងការពិត ជាសុឆន្ទៈ។
សំនៀង