កម្មវិធី​វប្បធម៌​ពិភព​លោក​ទី ៣៥ នៅ​ឥណ្ឌា​ក៏មាន​វត្តមាន​កម្ពុជា

សហ​ការីនៃ​អង្គការ​ព្រះពុទ្ឌ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា លើក​ទង់ជាតិ​កម្ពុជា​នៅឥណ្ឌា។ រូប សហការី

សហ​ការីនៃ​អង្គការ​ព្រះពុទ្ឌ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា លើក​ទង់ជាតិ​កម្ពុជា​នៅឥណ្ឌា។ រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កម្មវិធី​បុណ្យ​វប្បធម៌​ពិភ​លោក​ឆ្នាំ ២០១៦ ឬ​ World Culture Festival 2016 ដែល​រៀបចំ​ដោយ​អង្គការ​ឈ្មោះ The Art of Living បានប្រារព្ធ​ធ្វើ​ឡើង​ជាលើកទី ៣៥ នៅ​ឯ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​ ក្នុង​អត្ថន័យ​រួមគ្នា​មួយថា «សាងគ្រួសារ​ពិភពលោក​ប្រកប​ដោយ​សុភមង្គល​ និង​សន្តិភាព» ​ដោយមាន​បណ្តា​សមាជិក​នានា​លើ​ពិភព​លោក​ចំនួន​ ១៥៥ ប្រទេស និង​មាន​អ្នកចូល​រួម ៣,៥ លាន ​នាក់​ឯណោះ​ ខណៈ​កម្មវិធី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី ១១ ដល់ទី ១៣ ខែមីនា ឆ្នាំ ២០១៦ នាពេល​កន្លង​មកនេះ។

ក្នុង​ចំណោម ១៥៥ ប្រទេស ដែល​ជា​សមាជិក​ចូលរួម​នៃ​កម្ម​វិធីនោះ ក៏មាន​វត្តមាន​ប្រទេស​កម្ពុជា​យើង​ផងដែរ​តាមរយៈ​ព្រះតេជគុណ​ព្រះនាម ហាក់ សៀងហៃ ជា​ប្រធាននៃ​អង្គការ​ព្រះពុទ្ធ​សាសនាដើម្បី​ការអប់រំ​នៃ​កម្ពុជា (ពអក) និង​សហការី​ចំនួន ៣ អង្គ និងរូប។

នា​កម្មវិធី​បុណ្យ​វប្បធម៌​ពិភពលោក​នេះ​ ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ​ដើម្បី​ជាកិច្ចជួប​ជុំគ្នា​រវាង​មេដឹកនាំ​ផ្នែក​សាសនា​កំពូលៗ​ អ្នកនយោបាយល្បីៗ​ និង​ក្រុម​អ្នក​ដឹកនាំ​វ័យក្មេង​ឆ្នើមៗ​ ​នៅលើ​សកល​លោក​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍ស្តី​ពីការ​កសាង​នូវសន្តិភាព​ពិភពលោក​រួមគ្នា និងគឺ​​ជា​វេទិកានៃ​មហោ​ស្រពសម្តែង​របាំ​ប្រចាំ​ប្រទេស​នីមួយ​ៗ​ផងដែរ។


ព្រះ​តេជគុណ ហាក់ សៀងហៃ ចូលរួម​កម្មវិធី​។ រូប សហការី

ព្រះ​តេជគុណ ហាក់ សៀងហៃ ចូលរួម​កម្មវិធី​។ រូប សហការី

អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា ដែលជា​តំណាង​ឲ្យ​​ភាគី​ប្រទេស​កម្ពុជា​នោះ គេឃើញ​ព្រះតេជ​គុណ​ ហាក់ សៀងហៃ​ និង​ ព្រះ​តេជគុណ​ វ៉ាន់ សារួន​ ត្រូវបាន​និមន្តអញ្ជើញ​ជា​ភ្ញៀវពិសេស​នៃការ​ជួបជុំ​អ្នកដឹក​នាំ​វ័យ​ក្មេង​ពិភព​លោក​ក្នុង​វេទិកា​អន្តរ​សាសនា និងអ្នក​នយោបាយ​ស្តី​ពី​សន្តិភាព​ពិភពលោក។

ព្រះអង្គ ហាក់ សៀង​ហៃ​ មាន​សង្ឃដីកា​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងនា​ពេលវិល​ត្រឡប់​មកកាន់​មាតុប្រទេស​វិញថា៖ «កម្មវិធីវប្បធម៌​ពិភព​លោក​នេះ​យើង​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែកការ​ដឹកនាំ មាន​ឱកាស​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា និងវ​ប្បធម៌​ខ្មែរ​យើង​លើ​ឆាក​អន្តរជាតិ​ បង្កើត​បាន​នូវ​ចំណង​មិត្តភាព​រវាង​អ្នក​ដឹកនាំ​សាសនា និងអ្នក​ដឹក​នាំ​ផ្នែក​នយោបាយ​ដើម្បី​រួម​គ្នាក​សាង​ពិភពលោក​យើង​នេះ​ឲ្យ​បាន​ល្អ​ និង​មាន​ប្រសិទ្ធភាព​»។​

ព្រះតេជ​គុណ​បន្ត​ចំណាប់​អារម្មណ៍​ផ្ទាល់ទៀត​ថា៖ «​នេះ​ជាកិច្ច​ប្រជុំ​ធំបំផុត​មួយ​នៅ​លើ​ពិភព​លោក​ ហើយ​ក្នុង​នាមអាត្មា​ជា​ព្រះស​ង្ឃ​មួយ​អង្គ​ពិត​ជា​មាន​មោទនភាព​ណាស់​​ដែល​ទទួល​បាន​នូវ​ការ​និមន្ត​ផ្ទាល់​ឲ្យទៅ​ចូលរួម​នៅក្នុង​ពិធី​ដ៏​អស្ចារ្យនេះ។ អាស្រ័យ​ដោយ​ហេតុ​នេះ​ហើយ ទើប​បង្កើត​ឲ្យ​មាន​ឱកាស​ដើម្បី​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិខ្មែរ ប្រពៃណី​វប្បធម៌​ និង​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​នៅលើឆាក​អន្តរជាតិ​ឲ្យ​បណ្តា​ប្រទេស​ដទៃទៀត​នោះ​ឲ្យ​បានស្គាល់​កម្ពុជាយើង​ផងដែរ​ ហើយ​អាត្មា​ក៏នឹង​នាំ​យក​អ្វីដែល​ទទួល​បាន​ពី​កិច្ច​ប្រជុំ​ទៅបន្ត​ពង្រឹង​ការ​ងារ​បម្រើ​ព្រះពុទ្ធសាសនា​ និង​ប្រទេស​ជាតិ​ប្រកប​ដោយ​វឌ្ឍនភាព​ និង​សុភមង្គល»៕

What Next?

Recent Articles