ដោយ សុ ជីវី
2016-04-01
RFA

ប្រជាសហគមន៍ព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចុះល្បាតព្រៃនៅក្នុងតំបន់ព្រៃឡង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ រូបថតសហគមន៍ព្រៃឡង់
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី៣១ ខែមីនា ប្រកាសដាក់តំបន់ព្រៃមួយចំនួនជាតំបន់ព្រៃអភិរក្ស ក្នុងនោះក៏មានតំបន់ព្រៃឡង់ ដែលក្រុមសហគមន៍តែងទាមទារអោយរដ្ឋាភិបាលយកចិត្តទុកដាក់ការពារផងដែរ។
លោក ហ៊ុន សែន លើកឡើងថា ការសម្រេចនេះ គឺបន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ តំណាងសហគមន៍ការពារព្រៃឡង់ សាទរចំពោះការសម្រេចនេះ ប៉ុន្តែបានស្នើអោយមានការអនុវត្តអោយបានត្រឹមត្រូវ។
តំណាងបណ្ដាញការពារព្រៃឡង់ ទាមទារអោយរដ្ឋាភិបាលដាក់បញ្ចូលតួនាទីរបស់សហគមន៍ទៅក្នុងគម្រោងដាក់ព្រៃឡង់ ជាព្រៃអភិរក្សនោះផង ដោយពួកគេអះអាងថា ការចូលរួមរបស់សហគមន៍ជាមធ្យោបាយមួយមានប្រសិទ្ធភាពក្នុងការចូលរួមការពារព្រៃឡង់។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ការពារព្រៃឡង់ លោក ខេង សុខហេង មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាតម្រូវការរបស់សហគមន៍ដែលបានទាមទារក្នុងរយៈពេលប្រមាណ ១០ឆ្នាំមកនេះ។ លោកសំណូមពរអោយមានការអនុវត្តច្បាប់ដ៏តឹងរ៉ឹង និងពង្រឹងកិច្ចសហការរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
លោក សុខហេង បារម្ភថា ប្រសិនបើពុំមានវិធានការជាក់លាក់បន្ថែមទេ ការដាក់ព្រៃឡង់ ជាព្រៃការពារនឹងពុំមានប្រសិទ្ធភាព៖ «»។
ការទាមទារនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡាថា លោកសម្រេចដាក់ព្រៃឡង់ និងព្រៃនៅតំបន់ភ្នំក្រវាញ ជាព្រៃការពារ៖ «»។
ស្របគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហូតយកព្រៃសម្បទានទាំងឡាយយកមកគ្រប់គ្រងវិញ៖ «»។
ព្រៃឡង់ ត្រូវបានចាត់ទុកថា ជាព្រៃធំចុងក្រោយមានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តំណាងបណ្ដាញការពារព្រៃឡង់ បញ្ជាក់ថា មានសហគមន៍ចំនួនជិត ២០០ កំពុងចូលរួមការពារព្រៃនេះដោយចុះល្បាតការពារព្រៃជាប្រចាំ។ សហគមន៍ទាំងនេះមានសកម្មជនដែលជនបង្គោលប្រមាណ ៤០០នាក់ និងសមាជិកជាច្រើនរយនាក់ផ្សេងទៀត កំពុងការពារព្រៃដោយស្ម័គ្រចិត្ត។
លោក ហ៊ុន សែន ឲ្យឈើដែលរឹបអូសបានទៅក្រសួងអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃដដែលនេះដែរ ក៏បានប្រកាសប្រគល់ឈើទាំងអស់ដែលរឹបអូសពីក្រុមហ៊ុនជួញដូរឈើខុសច្បាប់ ទៅអោយក្រសួងអប់រំយុវជន និងកីឡា។
លោក ហ៊ុន សែន បញ្ជាក់ថា ឈើទាំងនោះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន អាចយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការ រួមមានជួសជុលសាលារៀន ធ្វើតុ ទូ ឬសាងសង់ផ្ទះគ្រូជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្នុងអំឡុងពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលដឹកនាំដោយលោក សៅ សុខា ចុះធ្វើយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើកន្លងទៅនោះ បានរឹបអូសឈើខុសច្បាប់ប្រមាណ ៣ ទៅ ៤ម៉ឺនម៉ែត្រគូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋលក់ឧសប្រភេទដើមកៅស៊ូត្អូញត្អែរថាអាជ្ញាធរហាមមិនឲ្យលក់ទៅវៀតណាម
- អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត
- សមត្ថកិច្ចបញ្ជូនសំណុំរឿងស្តុកឈើគ្រញូងជិត២០តោនទៅតុលាការខេត្តត្បូងឃ្មុំ
- តើលោក ហ៊ុន សែន ខ្លាចបាតុកម្មឬទេ?
- នាយករដ្ឋមន្ត្រីប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំ
- ពលរដ្ឋនៅស្ទឹងត្រែងព្រមានដុតគ្រឿងចក្រក្រុមហ៊ុនដែលឈូសឆាយព្រៃសហគមន៍
- ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួនស្នើកុំអនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ចូលរួមកម្មវិធីវប្បធម៌ខ្មែរ
- បទសម្ភាសន៍ជុំវិញគម្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឲ្យទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឡង់