ដោយ ហង្ស សាវយុត
2016-04-11
RFA

ស្ថានភាពបារាយណ៍ទឹកថ្លាដែលរីងទឹក នាខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ RFA/Hang Savyouth
![]()
បារាយណ៍ទឹកថ្លាដែលជាអាងស្តុកទឹកបន្សល់ទុកពីសម័យអង្គរដ៏ធំ គឺជាកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍ ឲ្យទៅទស្សនាទីនោះ ហើយបង្កើតឲ្យអ្នកភូមិជុំវិញ អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃពីវិស័យទេសចរណ៍ដែរ។
ក៏ប៉ុន្តែនៅរដូវប្រាំងឆ្នាំនេះ បារាយណ៍ដែលធ្លាប់តែមានផ្ទៃទឹកធំល្វឹងល្វើយ បានរីងស្ងួតអស់ ធ្វើឲ្យប៉ះពាល់ទៅលើប្រជាពលរដ្ឋ ទាំងផ្នែកទេសចរណ៍ និងផ្នែកកសិកម្មស្រែប្រាំង ជាដើម។
ប្រជាពលរដ្ឋមួយចំនួនដែលប្រកបមុខរបរជួលតូបអង្គុយកម្សាន្ត និងបើកកាណូតដឹកភ្ញៀវទេសចរ ជិះលេងនៅក្នុងបារាយណ៍ទឹកថ្លា បានត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃរបស់ពួកគេយ៉ាងគំហុក។
ការត្អូញត្អែរនេះ កើតមានឡើងបន្ទាប់ពីរមណីយដ្ឋានបុរាណបារាយណ៍ទឹកថ្លា ដែលធ្លាប់តែមានផ្ទៃទឹកធំល្វឹងល្វើយ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ឲ្យទៅកម្សាន្តក្នុងមួយថ្ងៃៗ បែរជារីងស្ងួតអស់ក្នុងរយៈពេលជិត ២ខែចុងក្រោយនេះ។
ស្ត្រីដែលប្រកបរបរជួលតូបឲ្យភ្ញៀវអង្គុយកម្សាន្តនៅក្នុងបារាយណ៍ទឹកថ្លា គឺលោកស្រី ខូ ពៅ។ លោកស្រីឈរក្រោមដំបូលតង់ក្តៅហែងនៃកម្ដៅថ្ងៃនារដូវប្រាំង និងថ្លែងថា រយៈពេល ២ខែចុងក្រោយនេះ លោកស្រីពិបាករកចំណូលពីភ្ញៀវទេសចរដែលទៅកម្សាន្តនៅបារាយណ៍យ៉ាងខ្លាំង។ បញ្ហា គឺដោយសារតែបារាយណ៍រីងស្ងួតទឹក ហើយបរិស្ថានទីនោះប្រែក្លាយទៅជាក្តៅ។ លោកស្រី ខូ ពៅ បញ្ជាក់ថា កាលពីជាង ២ខែមុន គាត់អាចរកកម្រៃពីភ្ញៀវទេសចរប្រហែលពី ៤ម៉ឺនរៀលទៅ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នមិនមានភ្ញៀវទេសចរទៅអង្គុយលេងទៀតទេ ពីព្រោះមិនមានទឹកងូត ហើយអាកាសធាតុក្តៅខ្លាំង៖ «អត់ទឹក ខ្ញុំមានរបស់ចេះតែមកៗទៅ។ ជួនថ្ងៃណារកបាន ៥ពាន់ ឬក៏ ១ម៉ឺនរៀល វាអត់ទៀង»។
រដូវប្រាំងឆ្នាំនេះ ធ្វើឲ្យអាងស្តុកទឹកសម័យបុរាណដែលគេហៅថាបារាយណ៍ទឹកថ្លា បានរីងស្ងួតផ្ទៃទឹកដ៏ធំល្វឹងល្វើយ ហើយលេចចេញនូវឆ្នេរខ្សាច់មកជំនួសវិញ។ ភាពរីងស្ងួតនេះ មិនត្រឹមតែធ្វើឲ្យបាត់បង់ចំណូលប្រជាពលរដ្ឋដែលប្រកបមុខរបរជួលតូបឲ្យអ្នកទេសចរអង្គុយលេងប៉ុណ្ណោះទេ វាក៏ធ្វើឲ្យអ្នករត់កាណូតដឹកភ្ញៀវទេសចរកម្សាន្តជាច្រើនបាត់បង់ការងារ និងកម្រៃដែរ។
អ្នកបើកកាណូតដឹកភ្ញៀវទេសចរ លោក ស្លូញ ថាច ឲ្យដឹងថា រយៈពេលជិត ២០ឆ្នាំមកហើយ រូបលោកតែងប្រកបរបរដឹកភ្ញៀវទស្សនាផ្ទៃទឹកបារាយណ៍ ដោយរកបានកម្រៃយ៉ាងហោចណាស់ក៏ពី ២០ដុល្លារទៅ ៣០ដុល្លារក្នុងមួយថ្ងៃ ក៏ប៉ុន្តែរយៈពេល ២ខែចុងក្រោយនេះ គឺទឹកបារាយណ៍បានរីងអស់ ប្រកបមុខរបរបើកកាណូតដឹកភ្ញៀវកម្សាន្តលែងកើត។ គាត់បង្ខំចិត្តប្ដូរមុខរបរពីអ្នកបើកកាណូតជូនភ្ញៀវទេសចរ ទៅជាអ្នកជួលកន្ទេលឲ្យភ្ញៀវអង្គុយលេង ហើយបានកម្រៃតិចតួចណាស់ក្នុងមួយថ្ងៃៗ៖ «ដាច់កម្រៃ ខ្ញុំជួលអង្រឹង ជួលកន្ទេល រកមិនបាន។ ថ្ងៃណាបាន ៣ម៉ឺន ២ម៉ឺន ជួលកាលីជួយផង ជួលឲ្យគេជញ្ជូនសំរាមផង ថ្ងៃខ្លះនៅសល់ ១៥.០០០រៀល»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ៥០គ្រួសារមកពីស្រុកពួក និងមកពីក្រុងសៀមរាប តែងនាំគ្នាទៅប្រកបមុខរបររកកម្រៃពីភ្ញៀវទេសចរជាប្រចាំថ្ងៃនៅរមណីយដ្ឋានបុរាណបារាយណ៍ទឹកថ្លា។ ពួកគេទាំងនោះជាអ្នកលក់ដូរនំចំណី និងម្ហូបអាហារ ព្រមទាំងមានអ្នកបើកកាណូតជូនភ្ញៀវកម្សាន្តប្រមាណ ១៨គ្រឿង។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ទទួលស្គាល់ថា រដូវប្រាំងឆ្នាំនេះពិតជាកំពុងគំរាមកំហែងលើប្រជាពលរដ្ឋ ដែលរកកម្រៃពីវិស័យទេសចរណ៍នៅបារាយណ៍ទឹកថ្លាមែន។ ទោះបីជាយ៉ាងណា មន្ទីរទេសចរណ៍មិនមានមធ្យោបាយអ្វីសម្រាប់ជួយប្រជាពលរដ្ឋទាំងនោះឲ្យបានប្រសើរ ក្រៅតែពីស្នើសុំទៅអាជ្ញាធរអប្សរា ឲ្យជួយបង្ហូរទឹកពីប្រភពនានា បញ្ចូលទៅក្នុងបារាយណ៍ទឹកថ្លាឡើងវិញនោះទេ។ បារាយណ៍ អាចទទួលយកទឹកដែលមានប្រភពហូរមកពីភ្នំគូលែន៖ «ព្រោះភ្ញៀវមកគាត់ចង់មកលេងទឹក ដល់ពេលវាអត់ទឹក គឺក្តៅ។ យ៉ាងម៉េចៗ ខ្ញុំសុំទៅអប្សរា ក្រែងអាចបើកទឹកចូលវិញបាន»។
បារាយណ៍ទឹកថ្លា គឺជាអាងស្តុកទឹកដែលកសាងឡើងក្នុងសម័យអង្គរ។ អាងបុរាណមួយនេះមានបណ្ដោយប្រវែង ៨គីឡូម៉ែត្រ និងទទឹងជាង ២គីឡូម៉ែត្រ (២.២គីឡូម៉ែត្រ) ដោយអាចទទួលស្តុកទឹកបានប្រហែល ៥៦លានម៉ែត្រគូប សម្រាប់បង្ហូរទៅជួយទ្រទ្រង់ដល់គ្រឹះរបស់ប្រាសាទបុរាណ និងសម្រាប់ស្រោចស្រពវិស័យកសិកម្មផង។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកគ្រប់គ្រងទឹក លោក ហង្ស ពៅ មានប្រសាសន៍ថា ពេលបច្ចុប្បន្ន បារាយណ៍បានរីងស្ងួតដោយសារតែពីដើមរដូវប្រាំងឆ្នាំនេះ អាជ្ញាធរបង្ហូរទឹកយកទៅជួយស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅប៉ែកខាងត្បូងតំបន់ទំនប់៧៨ របស់ក្រុងសៀមរាប ចំនួនជាង ៣ពាន់ហិកតារ ចំណែកទឹកមួយចំនួនទៀត គឺបង្ហូរចូលទៅតាមកស្សិណអង្គរ ដើម្បីបម្រុងទុកការពារគ្រឹះប្រាសាទបុរាណ។ មន្ត្រីអាជ្ញាធរអប្សរាដដែលបញ្ជាក់ថា ពេលនេះមិនមានប្រភពទឹកណាមួយ ដែលមានទឹកគ្រប់គ្រាន់ដើម្បីបង្ហូរចូលបារាយណ៍ឲ្យបានពេញវិញទេ៖ «ទំនប់៧៨ កាលពីឆ្នាំមុន គឺបានទឹកពីទន្លេសាប រួចហើយតម្កល់ទុកសម្រាប់ស្រោចស្រពស្រែប្រាំង ហើយឆ្នាំនេះវាអត់មានទឹកគ្រប់គ្រាន់ទៅ ទើបបង្ហូរទឹកពីបារាយណ៍នៅសល់តិចដូច្នេះ»។
មន្ត្រីអាជ្ញាធរអប្សរា បានសិក្សាឃើញថា កាលពីសម័យអង្គរ បានកសាងបារាយណ៍ទឹកថ្លាឡើង ដើម្បីប្រយោជន៍ ២យ៉ាង គឺសម្រាប់ស្តុកទឹកយកទៅជួយទ្រទ្រង់ដល់គ្រឹះប្រាសាទ ផ្គត់ផ្គង់ទឹកឲ្យទីក្រុង និងស្រោចស្រពវិស័យកសិកម្ម ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន បារាយណ៍ទឹកថ្លាកាន់តែមានប្រយោជន៍ គឺវាក្លាយទៅជារមណីយដ្ឋានបុរាណដ៏ល្បីល្បាញ ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនា និងកម្សាន្តជាមួយផ្ទៃទឹកល្វឹងល្វើយរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ព្រមទាំងបង្កើតមុខរបរឲ្យប្រជាពលរដ្ឋអាចរកកម្រៃពីវិស័យទេសចរណ៍ ដើម្បីជួយជីវភាពប្រចាំថ្ងៃផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ដៅបរិយាកាសអាចឡើងដល់៤០អង្សាសេក្នុងអំឡុងពេលចូលឆ្នាំ
- ក្រសួងណែនាំពលរដ្ឋឲ្យបរិភោគគ្រឿងសមុទ្រខេត្តកែបបានធម្មតាវិញ
- អាជ្ញាធររឹតបន្តឹងចំពោះឡានដឹកថ្មខ្សាច់និងដីគ្មានសណ្ដាប់ធ្នាប់
- ពលរដ្ឋស្រុកឯកភ្នំខេត្តបាត់ដំបងព្រួយបារម្ភខ្លាចភ្លើងឆេះព្រៃលិចទឹក
- ក្រសួងបរិស្ថានបន្តហាមភ្ញៀវមិនឲ្យចុះលេងទឹកសមុទ្រនៅឆ្នេរក្រុងកែប
- ត្រីងាប់អណ្ដែតទឹកនៅក្បែរទំនប់ដនសាហុងជិតតំបន់អភិរក្សសត្វផ្សោតខេត្តស្ទឹងត្រែង
- មន្ត្រីក្រសួងបរិស្ថានថាទឹកសមុទ្រនៅឆ្នេរកែបប្រែមកល្អវិញ៩០%ហើយ
- ក្រសួងបរិស្ថានណែនាំទេសចរទៅលេងខេត្តកែបផ្អាកងូតទឹកនិងបរិភោគគ្រឿងសមុទ្រ
- សមត្ថកិច្ចរារាំងគ្រួសារសកម្មជនបរិស្ថានជាប់ឃុំនៅកោះកុងមិនឲ្យជួបលោក ហ៊ុន សែន
