តុលាការសម្រេចឃុំខ្លួនមនុស្ស៥នាក់ជាប់ពាក់ព័ន្ធនឹងការឆេះផ្សារស្ទឹងត្រែង

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 4:54 PM
http://vodhotnews.com

សន្ដិសុខ


សមត្ថកិច្ចអះអាងថាមនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការឆេះផ្សារស្ទឹងត្រែងបំផ្លាញតូបអាជីវករអស់ជាង១២០០តូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។

កាលពីយប់ថ្ងៃទី០៧ មេសា នេះមានហេតុការណ៍ឆេះផ្សារស្ទឹងត្រែង ដែលបណ្តាលឲ្យតូប​នៅក្នុងផ្សារទាំ​ងអស់​១២​២០តូបត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង ដែលការឆាបឆេះនេះត្រូវ​បានសមត្ថកិ​ច្ចអះ​អា​ង​ថាមិន​អាចគ្រប់គ្រងការពន្លត់បាន បើទោះបីជាមានរថយន្តពន្លត់អគ្គិ​ភ័យមកជួយបាញ់​ពន្លត់ក៏​ដោយ​។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ដែលក្នុងនោះមានជាងមាសម្នាក់ មេការផ្សារម្នាក់និងសន្តិសុខផ្សា​រចំនួន៣នាក់​តាមការ​បញ្ជារបស់តុលាការ។

ស្នងការនគរបាលខេត្តស្ទឹងត្រែងលោក ម៉ៅ តារា បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាមនុស្ស​ទាំង៥នាក់នោះ​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនិងត្រូវបានតុលាការចោទប្រកាន់ពីបទធ្វេសប្រហែសធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តអ្នកដទៃនិងបានឃុំខ្លួនពួកគេបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។ លោកបន្តថាបើ​តាម​ការសា​ក​សួ​រ​សាក្សីនិងពិនិត្យមើលភស្តុតាង សមត្ថកិច្ចបានសន្និដ្ឋានថាជាងមាស​និងសន្តិសុខដែល​យាម​នៅផ្សា​​រនោះ។

លោកស្នងការមានប្រសាសន៍ថា៖ “ដោយសារគាត់ធ្វើហើយប្រហែសជាមិនបានពន្លត់អី គឺអាចគាត់ផ្សា​រ​ព្រោះ​​អីជា​ង​ទង គាត់ផ្សារឬក៏គាត់ផ្លុំមាសផ្លុំអីទៅ អាចរងើកភ្លើងអាចជ្រុះទៅកន្លែងណា​ឬក៏​នៅ​ហ្នឹ​ងតុ​ដែលគាត់ធ្វើ​ការហ្នឹង វាកាត់ៗទៅព្រោះវាមិនទាន់ភ្លាមទេ ព្រោះក្នុងកន្លែងជាងទង​ដឹងស្រាប់ហើយវា​មាន​សាំងមានហ្គាសទៀតណា!”។ លោក​បន្ថែមថា៖ “​សន្តិសុខនេះបើសិនជាគាត់យក​ស្មារតីទទួលខុសត្រូវក្នុ​ងការងារគាត់ ភ្លើងប្រ​ហែស​ជាមិ​នឆេះទេដោយសារតែគាត់ធ្វេសប្រហែសនេះឯង។ គឺដំបូងខ្ញុំជឿថាវាមិន​ទាន់ឆេះ​​ផុល​មក​ភ្លាមទេ! វាឆេះនៅក្នុងមានផ្សែងតិចតួចហើយប៉ុន្តែសន្តិសុខគាត់បិទទ្វារពីល្ងាចហើយ គាត់អត់មើល​ត្រួតពិនិត្យទេ គាត់នៅតែសម្ងំកន្លែងគាត់“។

ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ពីតម្លៃនៃការខូចខាតបាននៅឡើយទេ ដោយសារតែពេលនេះ​កំពុងស្ថិតក្រោ​មការចុះស្រាវជ្រាវស្រង់ទិន្នន័យរបស់គណៈកម្មការស្រង់ស្ថតិនៃការខាតបង់របស់អាជីវករ។

វីអូឌីមិនទាន់អាច​សុំការឆ្លើយ​តបពីមន្រ្តីតុលាការ​ខេត្តស្វាយរៀងបាននៅឡើយទេ។​

អ្នកស្រី ភិន ភារី អាយុ​៥៤ឆ្នាំ ជាអាជីវករ​លក់ស្បែកជើង​និង​កាបូ​បនៅផ្សារដែលឆេះនោះ អះអាង​ថា​តូប​របស់អ្នកស្រីត្រូវបានឆេះទាំងស្រុង ហើយតាមការប៉ាន់ស្មាន​អស់តម្លៃ​ប្រមាណ​៣ម៉ឺនដុល្លារ។ អ្នកស្រីបន្ត​ថា​អ្នក​ស្រី​មិនទាន់ដឹង​ពី​មូលហេតុឆេះនោះទេ ប៉ុន្តែ​ថា​មិនអាច​មកពីការឆ្លង​ចរន្ត​អគ្គិសនីនោះទេ​ ដោយ​សារ​ផ្សារ​ត្រូវបិទភ្លើងតាំងពី​ម៉ោង​៦ល្ងាច។​ ​ ទោះជា​យ៉ាងណា អ្នកស្រី​បញ្ជាក់ថា​កន្លងទៅ អាជ្ញាធរ​ធ្លាប់​បានស្នើ​ឲ្យ​អាជីវករ​រើទៅលក់​នៅ​ផ្សារ​​ថ្មីពីរកន្លែង​ផ្សេង​ទៀត តែ​អាជីវករមិនព្រម។​

អ្នកស្រីមានប្រសាសន៍ថា៖ “មិនដឹងពីមូលហេតុថាពិតប្រាកដ តែគ្រាន់តែដឹងថាមិនមែនមកពីទុស្សេ​ខ្សែ​ភ្លើងឬផ្ទុះហ្គាសទេដោយសារផ្សារហ្នឹង បិទម៉ោង៦ល្ងាចគេបិទទាំអស់ព្រោះគេមិនឱ្យមានភ្លើង ហើយ​ឆេះនៅ​ម៉ោង១០ អញ្ចឹង​ខ្ញុំច្បាស់ណាស់ថាមិនមែនមកពីទុស្សេខ្សែ​ភ្លើងទេ។ កន្លងមកធ្លាប់ឲ្យ​ពួកយើងរុះ​រើចេញតែ​អ្នក​លក់​ក្នុងផ្សារស្ទឹងត្រែងហ្នឹងមិនពេញចិត្ត ពួកអាជ្ញាធរធ្លាប់ឲ្យ​រើធ្វើសាថ្មីទេ ដោយសារតូប​ថ្មីថ្លៃពេកពួក​អ្នកលក់មិនអាចជួលបាន អញ្ចឹង​ហើយចេះតែមានការមិនពេញចិត្តគ្នាទៅវិញទៅមក‍”

អ្នកស្រីបញ្ជាក់បន្ថែម​ថា៖ “ឥវ៉ាន់អីទើប​យក​ចូល​ មិនទាន់ឲ្យ​លុយគេផង ឥឡូវ​ឆេះអស់បាត់ហើយ។ ចង់​ឲ្យ​អាជ្ញា​ធរ​ជួយ​រក​កន្លែង​ឲ្យ​លក់ឲ្យ​បានសមរម្យ ប្រហែលជាលក់នៅតាមសួនច្បារហ្នឹងសិនហើយ ព្រោះ​ផ្សារថ្មីនោះស្ងាត់ណាស់”។​

កាលពីថ្ងៃទី១០ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹ​ងសាង់សង់ផ្សា​រជូនអា​ជីវករ​សម្រាប់លក់ដូរឡើងវិញ។ លោកមានប្រសាសន៍ថា៖ ឆេះផ្សារនៅខេត្តស្ទឹងត្រែង ខ្ញុំប៉ាវធ្វើផ្សារ យើងធ្វើរួចហើ​យអត់មានអ្នកវិនិយោគទៅយកលុយពីគាត់ទេ ធ្វើឲ្យគាត់លក់ដោយមិ​នមានការបង់ថ្លៃ​ឈ្នួល​ឬក៏គិ​តថ្លៃតូបទេ សូមតែគាត់បង់ពន្ធ តាមច្បាប់របស់រដ្ឋ ប៉ុន្តែរឿងថ្លៃតូបដែលគាត់ធ្លាប់ជួល ឬថ្លៃតូ​បដែ​លគា​ត់ធ្លាប់ទិញ គឺអត់ត្រូវបង់លុយទេ ព្រោះលុយខ្ញុំជាអ្នកចេញ៕​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

What Next?

Recent Articles