ដោយ ជិន ជេដ្ឋា
2016-04-13
RFA

ក្រុមកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិច (Pheapimex) នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។ Photo ADHOC
![]()
បុគ្គលិកបកប្រែភាសាចិន អ្នកជួសជុល និងបើកគ្រឿងចក្រ ព្រមទាំងកម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិច (Pheapimix) នៅខេត្តពោធិ៍សាត់ ១៧៤នាក់ គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្រោយថ្ងៃទី២០ ខែមេសា បើក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់តាមកិច្ចសន្យា។ អាជ្ញាធរប្រកាសថា នឹងនៅខាងភាគីកម្មករ ដើម្បីពន្លឿនឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលនេះ។
ក្រោយពីកម្មករប្រមូលផ្ដុំគ្នាតវ៉ានៅមុខផ្ទះថៅកែជនជាតិចិន ឋិតនៅភូមិកាច់កង់ នៃឃុំអន្សាចំបក់ ស្រុកក្រគរ រយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី១០ និងទី១១ ខែមេសា ភាគីក្រុមហ៊ុនបានយល់ព្រមឲ្យកម្មករខ្ចីលុយខ្លះសិន ហើយសន្យាថានឹងបើកប្រាក់ឈ្នួលគ្រប់ចំនួននៅចន្លោះថ្ងៃទី១៨ ទៅថ្ងៃទី២០ ខែមេសា។
តំណាងកម្មករ និងជាអ្នកបកប្រែឲ្យមេការជនជាតិចិន នៅការដ្ឋានទី៨ គឺលោក ទិត ហុកលីម ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ថា កម្មករប្រមាណ ១ពាន់នាក់ដែលបំពេញការងារតាមជំនាញនៅក្នុងការដ្ឋានចំនួន២០ កំពុងជួបបញ្ហាជីវភាព ព្រោះក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។ លោកថា កម្មករមិនចង់បើកប្រាក់ឈ្នួលម្ដងបន្តិចនោះទេ គឺចង់បើកប្រាក់ឈ្នួលដែលក្រុមហ៊ុនជំពាក់ទាំង ៥ខែកន្លងមកនោះ៖ «ពួកខ្ញុំធ្វើបាតុកម្មដែលមានគ្នាច្រើនជាងហ្នឹងទៀត យើងចូលរួមទាំងអស់គ្នា ហើយនិយាយប្រហែលប្រមូលគ្នាពីគ្រប់កន្លែង (ការដ្ឋាន) មកទាំងអស់រង់ចាំកិច្ចសន្យាហ្នឹង។ ក្នុងហ្នឹងមានជនជាតិក៏អត់បានបើកដែរ ដែលភាគច្រើនអត់បានបើករហូតដល់ ១២ខែ»។
លោក ទិត ហុកលីម បញ្ជាក់ថា នៅល្ងាចថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ភាគីក្រុមហ៊ុនបានឲ្យកម្មករដាំដំឡូងមួយចំនួន ខ្ចីប្រាក់ចន្លោះពី ៣ ទៅ ៥ម៉ឺនរៀលក្នុងម្នាក់ៗ អ្នកបើកគ្រឿងចក្រចំនួន ៤០ដុល្លារ និងអ្នកបកប្រែ ៥០ដុល្លារ ដើម្បីឲ្យពួកគាត់មានលទ្ធភាពធ្វើសោហ៊ុយទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ប៉ុន្តែអ្នកខ្លះចេញទៅផ្ទះដោយគ្មានប្រាក់មួយរៀល។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីតំណាងក្រុមហ៊ុនភាពីម៉ិច គឺលោក លីវ ជុង និងលោកស្រី ម៉ា លីន បានទេនៅថ្ងៃទី១២ ខែមេសា ដោយលេខទូរស័ព្ទពួកគេមិនអាចទាក់ទងបាន។
អភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរបានធ្វើកំណត់ហេតុ ឬកិច្ចសន្យាបើកប្រាក់ឈ្នួលរវាងភាគីក្រុមហ៊ុន និងកម្មកររួចហើយ ប៉ុន្តែត្រង់ថាភាគីក្រុមហ៊ុនបើកឲ្យកម្រិតណានោះ លោកក៏មិនហ៊ានធានាដែរ ប៉ុន្តែក្នុងនាមអាជ្ញាធរ លោកនឹងខិតខំសម្រួលដោះស្រាយបញ្ហា៖ «ដំឡូងគេនៅពេញទឹកពេញដីនៅត្រង់ហ្នឹង សូម្បីទីផ្សារខាងក្រៅក៏លំបាករកទីផ្សារលក់ដូចគ្នាដែរ»។
អភិបាលស្រុករូបនេះបង្ហើបថា តំណាងក្រុមហ៊ុនបានលើកហេតុផលចំនួនពីរ ដែលនាំឲ្យយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលកម្មករ គឺទី១ ក្រុមហ៊ុនខាតដោយសារតម្លៃដំឡូងមីនាំចេញទៅក្រៅប្រទេសមានតម្លៃថោក និងទី២ បញ្ហាបច្ចេកទេសបង្វិលសាច់ប្រាក់តាមធនាគារយឺត។ ចំពោះរឿងក្រុមហ៊ុនក្ស័យធន ឬត្រូវបិទទ្វារយ៉ាងណានោះ លោកមិនដឹងទេ ប៉ុន្តែផ្ទៃដីក្រុមហ៊ុនមានដំឡូងច្រើននៅឡើយ។
ក្រុមហ៊ុនភាពីម៉ិច ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ទំហំជាង ៣១ម៉ឺន ៥ពាន់ហិកតារ (៣១៥.០២៨ហិកតារ) ដែលគ្របដណ្ដប់លើផ្ទៃដីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីដាំដំឡូងមី។ កម្មករ និងសង្គមស៊ីវិលខ្លះសង្ស័យថា ក្រុមហ៊ុននឹងលែងដំណើរការទៅមុខទៀត ក្រោយកាប់បំផ្លាញព្រៃឈើអស់ ហើយទិន្នផលដំឡូងដែលដាំបាន មិនសមាមាត្រទៅនឹងតម្លៃកម្លាំងពលកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មករសំណង់នៅប៉ោយប៉ែតប្រមាណ១០០នាក់តវ៉ាសុំឲ្យថៅកែបើកប្រាក់ឈ្នួល
- កម្មកររោងចក្រ ធាន ធាន ដែលថៅកែរត់ចោលទទួលបានប្រាក់សំណង៣០%
- សហជីពបដិសេធមិនទទួលយកសំណងពីសណ្ឋាគារវិចតូរីយ៉ាអង្គរជាថ្នូរបញ្ឈប់កម្មករ៦០នាក់
- កម្មកររោងចក្រវីនស៊ីងតិចធ្វើបាតុកម្មទាមទារសំណងរំលាយកិច្ចសន្យាការងារមុនកំណត់
- កម្មករដកដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិចនៅខេត្តពោធិ៍សាត់ត្អូញត្អែរមិនទាន់បានបើកប្រាក់ឈ្នួល
- ក្រសួងការងារណែនាំឲ្យយកចិត្តទុកដាក់សុខភាពកម្មករក្នុងពេលអាកាសធាតុក្ដៅ
- តំណាងពលករនៅខេត្តកំពង់ឆ្នាំងប្ដឹងទារប្រាក់ខែពីក្រុមហ៊ុនបញ្ជូនពលករទៅក្រៅប្រទេស
- កម្មកររោងចក្រកាត់ដេរធានធានទាមទារប្រាក់ខែជាថ្មីបន្ទាប់ពីថៅកែរត់ចោលរយៈពេល៨ខែ
- កម្មកររោងចក្រនៅខេត្តព្រះសីហនុថាបើកប្រាក់ខែបានលុយដុល្លារក្លែងក្លាយ