គណបក្ស​យុវជន​កម្ពុជា​ចោទ​អាជ្ញាធរ​ឃុំ​ចក​ខេត្ត​ត្បូងឃ្មុំ​ថា​រារាំង​មិន​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ

ដោយ ម៉ម មុនីរតន៍
2016-05-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពេជ្រ ស្រស់ ៨៥៥ ២០១៦
ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth


ប្រធាន​គណបក្ស​យុវជន​កម្ពុជា ចោទ​ប្រកាន់​មេ​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ថា​បាន​រារាំង​មិន​ឲ្យ​គណបក្ស​ដែល​ទើប​បង្កើត​ឡើង​ថ្មោងថ្មី​នេះ រៀបចំ​វេទិកា​សាធារណៈ។

ដោយឡែក​មេ​ឃុំ​ចក ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា អាជ្ញាធរ​ឃុំ​ពុំ​បាន​ហាមឃាត់​ឡើយ ក៏ប៉ុន្តែ​ការ​រៀបចំ​វេទិកា​របស់​គណបក្ស​យុវជន​កម្ពុជា នេះ គឺ​ពុំ​មាន​ឯកសារ​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ។

លោក ពេជ្រ ស្រស់ អះអាង​ថា ថ្វី​បើ​វេទិកា​សាធារណៈ​ដែល​ស្ថិត​ក្រោម​បម្រាម​របស់​អាជ្ញាធរ​ឃុំ​យ៉ាង​នេះ​ក្ដី ក៏​គណបក្ស​យុវជន​កម្ពុជា នៅ​តែ​បន្ត​ជម្នះ​រៀបចំ​ទៅ​តាម​ការ​គ្រោង​ទុក​ដែរ។

ការ​ថ្លែង​ដូច​នេះ​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បន្ទាប់​ពី​មេ​ឃុំ​ចក មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ផ្ដល់​ទីតាំង និង​លិខិត​ស្នាម​សម្រាប់​រៀបចំ​វេទិកា​ជួប​ជុំ​សកម្មជន​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១៥ ឧសភា។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ និយាយ​ថា ការ​ហាមឃាត់​មិន​ឲ្យ​រៀបចំ​វេទិកា​សាធារណៈ ក្រោម​ហេតុផល​ពុំ​មាន​ច្បាប់​ពី​ស្រុក និង​ខេត្ត​នេះ គឺ​ជា​ការ​រំលោភ​ទៅ​នឹង​សេចក្តី​សម្រេច​នានា​របស់​ក្រសួង​មហាផ្ទៃ។

លោក​បន្ត​ថា បើ​ទោះ​ជា​អាជ្ញាធរ​មិន​បាន​ផ្ដល់​ភ្លើង​ខៀវ​ក្នុង​ការ​ជួប​ជុំ​ជាមួយ​សកម្មជន​យ៉ាង​នេះ​ក៏ដោយ លោក​បាន​រៀបចំ​កម្មវិធី​នេះ​ទាំង​ភាព​ចម្រូងចម្រាស​រួច​ទៅ​ហើយ​ដែរ។ លោក ពេជ្រ ស្រស់ ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​អាជ្ញាធរ​ឃុំ​មិន​បាន​បើក​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​នេះ ដោយសារ​គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ លោក​បន្ត​ថា «ក្រោយ​ពី​ធ្វើ​វេទិកា​មួយ​កន្លង​មក មេ​ឃុំ​ហ្នឹង​មើល​ទៅ​ហាក់​ដូចជា​សមាជិក​របស់​ខ្លួន​ហ្នឹង​រត់​មក​គាំទ្រ​គណបក្ស​យុវជន​កម្ពុជា ច្រើន​លើសលប់ ដែល​អាច​ថា​អាណត្តិ​អាច​ធ្លាក់​ដោយសារ​គណបក្ស​យុវជន។ ដល់​ពេល​នេះ​ឥឡូវ​នេះ យើង​ទៅ​ធ្វើ​ចំ​ភូមិ​ដែល​សមាជិក​គណបក្ស​ប្រជាជន តែង​តែ​ឈ្នះ។ ដល់​អ៊ីចឹង​រក​វិធីសាស្ត្រ​មួយ​ចោទ​ថា​គេ​ឥត​ឲ្យ​ច្បាប់​ទេ ឲ្យ​ទៅ​សុំ​ពី​ថ្នាក់​ស្រុក​សិន»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឃុន មាន បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មិន​បាន​រារាំង​ក្នុង​ការ​រៀបចំ​វេទិកា​សាធារណៈ​របស់​គណបក្ស​យុវជន​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គណបក្ស​នេះ​ពុំ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ពី​ថ្នាក់​ស្រុក និង​ខេត្ត គឺ​មាន​តែ​លិខិត​មួយ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​អនុវត្ត​ដូច​នេះ គឺ​ស្មើ​មិន​ទុក​អាជ្ញាធរ​ក្នុង​កែវ​ភ្នែក ហើយ​ថែម​ទាំង​បង្ក​ភាព​ស្មុគស្មាញ ដែល​វា​ពិបាក​ក្នុង​ការ​រៀបចំ​សំណុំ​បែបបទ​សម្រាប់​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​វិញ​ផង។ ទាំង​នេះ​ហើយ ដែល​អាជ្ញាធរ​ពុំ​បាន​ផ្ដល់​សិទ្ធិ​ក្នុង​ការ​រៀបចំ​វេទិកា​ទៅ​តាម​ការ​ស្នើសុំ។ លោក​បន្ត​ថា «គណបក្ស​ហ្នឹង​ទើប​មក​ធ្វើ​ប៉ុន្មាន​ថ្ងៃ​សោះ មិន​បញ្ជា​ខ្ញុំ​យ៉ាង​ម៉េច? ខ្ញុំ​ធ្វើ​មេ​ឃុំ ៣០​ឆ្នាំ​មែន មក​ធ្វើ​ថ្ងៃ​ហ្នឹង​ណា។ ប្អូន​សួរ​មើល ខ្ញុំ​តស៊ូ​តាំង​ពី​គណៈកម្មការ​ជាតិ ជាមួយ​អ៊ុនតាក់ (UNTAC) អី​ណា​រហូត​មក ខ្ញុំ​យល់​ពី​ច្បាប់​ដែរ​តើ»

ក្នុង​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត គឺ​ពុំ​មាន​មាត្រា​ណា​មួយ​នៃ​ច្បាប់​នេះ ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ស្រប​ទៅ​នឹង​ច្បាប់​ឡើយ។

មាត្រា​៧៨ និង​មាត្រា​៨៦ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ចែង​ថា អ្នក​គ្រប់គ្រង​មហោស្រព មណ្ឌល​កីឡា ឧទ្យាន​សាធារណៈ សាល​សាធារណៈ ត្រូវ​ផ្ដល់​ទីកន្លែង​របស់​ខ្លួន​ដល់​បេក្ខជន ឬ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត ដែល​សុំ​ជួល​ប្រើប្រាស់​សម្រាប់​បម្រើ​ការ​ឃោសនា​ដោយ​ផ្អែក​លើ​គោលការណ៍​ស្មើ​ភាព។ គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់ មិន​ត្រូវ​ជ្រៀតជ្រែក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សកម្មភាព​គណបក្ស​នយោបាយ ឬ​បេក្ខជន​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "គណបក្ស​យុវជន​កម្ពុជា​ចោទ​អាជ្ញាធរ​ឃុំ​ចក​ខេត្ត​ត្បូងឃ្មុំ​ថា​រារាំង​មិន​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ"

  1. ពួកអាដំរីក៏ខ្វាក់អាទ្រមាក់ក៏ឆ្គួត says:

    លេងឆាកល្ខោន!!!បោកគេឯង!!!!

  2. កូនអ្នកមាន says:

    មុខអានេះ លេងល្ខោន តួយក្ស មិនបាច់គូមុខទេ លេងបាន​ហ្មង៎! អាដង្កូវ

  3. កាដុងជី says:

    កូនអាជៃក៏ងាប់កូនមីកន្ទ្រប់ក៏អាប់ដែរ!!!!
    ម្តេចអានាងឯងមិនប្តឹងមេអានាងឯងហ៊ុនម៉ានីទៅ!!!!