ដោយ ចេង ម៉េងជូ
2016-05-15
RFA

ក្រុមសមត្ថកិច្ចឃាត់ពលរដ្ឋដែលធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” មិនអោយធ្វើដំណើរទៅពន្ធនាគារព្រៃស ដើម្បីតវ៉ាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ដែលជាប់ឃុំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya
![]()
តំណាងសហគមន៍រងគ្រោះដោយជម្លោះដីធ្លីបឹងកក់ និងបុរីកីឡា អះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នៅក្នុងសហគមន៍រៀងៗខ្លួន បើទោះមានការរឹតត្បិតពីអាជ្ញាធរមូលដ្ឋានក៏ដោយ។ ពួកគេលើកឡើងថា សមាជិកសហគមន៍នៅតែស្លៀកពាក់ខ្មៅ ទាមទាររកយុត្តិធម៌ជូនសកម្មជនការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។
សកម្មជនដីធ្លីនៃសហគមន៍បឹងកក់ និងបុរីកីឡា ដែលបានចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពីសប្ដាហ៍មុន ឲ្យដឹងនៅថ្ងៃទី១៥ ឧសភា ថា ពួកគេនៅតែបន្តសកម្មភាពតស៊ូមតិក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដដែល ប៉ុន្តែមិនប្រមូលផ្ដុំនៅទីសាធារណៈដូចកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនឡើយ ដោយសារមានការឃ្លាំមើលពីអាជ្ញាធរ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា មានប្រសាសន៍ថា សមាជិកក្នុងសហគមន៍ នឹងបន្តធ្វើយុទ្ធនាការនេះតាមរយៈការស្លៀកពាក់ពណ៌ខ្មៅនៅរៀងរាល់ថ្ងៃច័ន្ទ ហើយបំផុសចលនានេះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយសាររដ្ឋាភិបាលហាមឃាត់មិនឲ្យប្រមូលផ្ដុំ៖ «ភ័យខ្លាចជាងគេ គឺភ័យខ្លាចការលាបពណ៌របស់រដ្ឋាភិបាល។ អ៊ីចឹងថ្ងៃស្អែកហ្នឹងគឺយើងធ្វើការប្រមូលផ្ដុំពាក់អាវខ្មៅសម្ដែងការមិនពេញចិត្ត ផ្ញើសារទៅរដ្ឋាភិបាល»។
សកម្មជនដីធ្លីរូបនេះអះអាងថា ការចូលរួមរបស់សហគមន៍បឹងកក់ក្នុងយុទ្ធនាការនេះ គឺដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារសកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ទាំង ៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ដែលកំពុងជាប់ឃុំយ៉ាងអយុត្តិធម៌៖ «រាល់ទង្វើអយុត្តិធម៌ ដូចពួកខ្ញុំអ៊ីចឹងធ្លាប់ជាប់គុកដោយអំពើអយុត្តិធម៌អ៊ីចឹង ឃើញកូនៗដែលកំពុងដង្ហោយរកឪពុក និងម្ដាយ គឺយើងមានភាពឈឺចាប់មែនទែនដែលខ្លួនយើងមិនបានធ្វើអីខុសសោះ បែរជាយើងជាប់គុកអ៊ីចឹង។ អារម្មណ៍បែបហ្នឹង គឺពួកយើងទទួលយកអត់បានទេ។ អ៊ីចឹងអ្វីដែលពួកខ្ញុំធ្វើបាន គឺមានតែធ្វើការលើកទឹកចិត្តដល់ពួកគាត់ដែលកំពុងជាប់ពន្ធនាគារ។ ពួកយើងចង់ប្រាប់ទៅពួកគាត់ថា ពួកគាត់មិនឯកាទេ គឺប្រជាពលរដ្ឋក៏ដូចជាសហគមន៍ ក៏នៅតែគាំទ្រគាត់ដដែល ទង្វើដែលគាត់ធ្វើ គឺមិនខុសនឹងច្បាប់»។
ស្រដៀងគ្នានេះ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថា សមាជិកក្នុងសហគមន៍បុរីកីឡាប្រមាណ ៦០នាក់ រួមទាំងសហគមន៍ភូមិអណ្ដូង ដែលជាអតីតអ្នកបុរីកីឡា នឹងបន្តចូលរួមក្នុងយុទ្ធនាការនេះនៅតាមលំនៅឋានរៀងៗខ្លួន ដោយសារក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនេះ សមត្ថកិច្ចមូលដ្ឋានបានរឹតត្បិតការដើរហើររបស់សមាជិកសហគមន៍៖ «សូម្បីតែយើងជាប្រជាពលរដ្ឋមួយដែលយើងគ្រាន់តែយើងស្លៀកពាក់ខោអាវខ្មៅធម្មតាទៅទិញម្ហូបហ្នឹង ក៏មានការឃ្លាំមើលពីអាជ្ញាធរក្នុងខណ្ឌ៧មករា នេះដែរ។ អ៊ីចឹងហើយយើងជាប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងមែនទែន»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ជិន ប៊ុនធឿន មិនអត្ថាធិប្បាយលើរឿងនេះទេ ដោយលោកជាប់រវល់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំ និងមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន ដែលផ្ដួចផ្ដើមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ដើម្បីបញ្ជាក់ពីជំហររបស់ពួកគេក្នុងការបន្តយុទ្ធនាការនេះទេ នៅថ្ងៃទី១៥ ឧសភា។
ភាពថមថយនៃសកម្មភាពក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺបន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបការប្រមូលផ្ដុំរបស់សមាជិកអង្គការសង្គមស៊ីវិល និងសកម្មជនផ្សេងៗ តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ លើការប៉ុនប៉ងជួបជុំគ្នានៅមុខពន្ធនាគារព្រៃស កាលពីថ្ងៃច័ន្ទ ទី៩ ឧសភា ទាមទារឲ្យមានការដោះលែងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប មួយរូបដែលកំពុងជាប់ឃុំតាមបណ្ដឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលជាសំណុំរឿងរងរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថាជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសហប្រជាជាតិជំរុញរដ្ឋាភិបាលឈប់ធ្វើបាបសង្គមស៊ីវិលនិងបក្សប្រឆាំង
- ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថាមិននៅពីក្រោយយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- អាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតរកប្រភពបោះពុម្ពអាវសម្រាប់យុទ្ធនាការ”ថ្ងៃច័ន្ទពណ៌ខ្មៅ”
- សហគមន៍ខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប
- ក្រសួងមហាផ្ទៃថាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅតែជាប់ចោទនៅឡើយ
- លោក ហ៊ុន សែន ព្រមានជាថ្មីថាកុំប្រើប្រាស់ពណ៌ដើម្បីដាក់សម្ពាធរដ្ឋាភិបាល
- មតិជុំវិញយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ”
- មេដឹកនាំបក្សប្រឆាំងប្រកាសចូលរួមយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ”
- តំណាងអង្គការសហប្រជាជាតិថាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមិនមែនជាការញុះញង់ឲ្យធ្វើបដិវត្ត
- លោក ស ខេង៖ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងដីធ្លីគឺដើម្បីសាកសួរនិងអប់រំ