ដោយ ម៉ែន សុធីរ
2016-05-16
RFA

ពលរដ្ឋនេសាទនៅដងទន្លេមេគង្គលើ ឋិតនៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Men Sothyr
![]()
មន្ត្រីជំនាញបរិស្ថាន អំពាវនាវឲ្យក្រសួងកសិកម្ម ស្រាវជ្រាវលក្ខណៈធម្មជាតិត្រីកម្រមានតម្លៃខ្ពស់ ដូចជាត្រីប៉ាសេអ៊ី និងប៉ាវា ជាដើម នៅខេត្តស្ទឹងត្រែង ដែលច្រាលឡើងនៅដើមខែវស្សានេះ ត្រូវប្រឈមហានិភ័យខ្ពស់ បន្ទាប់ពីក្រុមអ្នកនេសាទបានដាក់មងរាំងខ្ទប់ទន្លេ ដែលរារាំងការបន្លាស់ទីត្រីទាំងនោះមិនឲ្យបន្តពូជបាន បន្ទាប់ពីលក្ខណៈភូមិសាស្ត្រដែលជាទីជម្រកត្រីនោះកំពុងរំខានដោយសីតុណ្ហភាពឡើងកម្តៅផង។
អ្នកអភិរក្សផ្នែកបរិស្ថាននៃអង្គការមិនមែនរដ្ឋាភិបាលនៅខេត្តស្ទឹងត្រែង ឲ្យដឹងថា ចំនួនអ្នកចាប់ត្រីក្នុងតំបន់បានកើនឡើងនៅដើមខែវស្សានេះ ខណៈប្រភេទត្រីកម្រជាច្រើន ដូចជាត្រីប៉ាសេអ៊ី ជាដើម កំពុងច្រាលឡើងពីអន្លង់ជ្រក និងអន្លង់អភិរក្សនៅតាមដងទន្លេស្រែពក ទន្លេសេកុង និងទន្លេសេសាន អាចនឹងជាប់មងអ្នកនេសាទច្រើនស្អេកស្កះតាមដងទន្លេ។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង លោក មៀច មាន អំពាវនាវឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលរឹតបន្តឹងការអនុវត្តច្បាប់ជលផល និងដាក់បម្រាមហាមឃាត់ការនេសាទនៅតំបន់មួយចំនួនក្នុងទន្លេ ដើម្បីធានាពីសុវត្ថិភាពការចរាចរត្រីមេពូជទាំងនោះអាចគេចផុតពីអន្ទាក់អ្នកនេសាទ។ លោកសន្និដ្ឋានថា ចំនួនត្រីប៉ាសេអ៊ី ច្រាលឡើងខុសប្រក្រតីនេះ អាចបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុឡើងកម្តៅ និងលក្ខណៈធម្មជាតិរបស់ត្រីនោះដែលច្រាលឡើងនៅដើមខែវស្សាតាមអាកាសធាតុរាល់ឆ្នាំ៖ «អ្នកនេសាទបិទផ្លូវទឹក ឬបិទត្រីធ្វើចរាចរ គឺមិនអាចឲ្យត្រីធ្វើចរាចរបាន។ ចឹងអំពាវនាវសុំឲ្យក្រសួងកសិកម្ម ចុះធ្វើការសិក្សា និងពិភាក្សាជាមួយក្រុមអ្នកនេសាទ ធ្វើយ៉ាងម៉េចឲ្យបើកផ្លូវត្រីដើម្បីឲ្យត្រីអាចចរាចរចុះឡើងបាន»។
លោក មៀច មាន បារម្ភថា ចំនួនត្រីប៉ាសេអ៊ី និងត្រីកម្រផ្សេងទៀតរស់នៅតាមដងទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ច្រាលឡើងត្រូវអ្នកនេសាទចាប់បាន អាចបណ្ដាលឲ្យត្រីទាំងនោះផុតពូជ ប្រសិនបើអ្នកនេសាទប្រើឧបករណ៍នេសាទរាំងខ្ទប់ការចរាចរត្រីទាំងនោះ។ លោកទទូចឲ្យមន្ត្រីជំនាញជលផល សិក្សាពីស្ថានភាពទន្លេដើម្បីដាក់បម្រាមនៅចន្លោះណាមួយក្នុងទន្លេ ដើម្បីបើកផ្លូវទឹកឲ្យត្រីចរាចរ៖ «ការបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យត្រីចលាចល វាដើរទីកន្លែងជម្រកដែលមានអន្លង់ជ្រៅៗ»។
ឆ្លើយតបរឿងនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ប៉ែន ឈុនឌី ឲ្យដឹងថា ខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សចំនួន ៥០ ដែលហាមមិនឲ្យនេសាទនៅតំបន់នោះ។ លោកថា ត្រីប៉ាសេអ៊ី និងត្រីកម្រផ្សេងទៀត បានច្រាលឡើងពីអន្លង់ និងរូងថ្មនៅដើមខែវស្សានេះ គឺជាលក្ខណៈធម្មជាតិ ដោយត្រីទាំងនោះមានទម្លាប់ច្រាលឡើងពេលមេឃរកភ្លៀងនៅដើមខែវស្សា។ លោកបន្តថា ប្រភេទត្រីមេពូជបានច្រាលឡើង ដែលអាចប្រឈមជាប់មងអ្នកនេសាទ។ ដូច្នេះ ក្រសួងកសិកម្ម បានប្រកាសបិទនេសាទនៅខេត្តស្ទឹងត្រែង ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា។ លោកថា អំឡុងពេលបិទនេសាទ មន្ត្រីជំនាញហាមមិនឲ្យអ្នកនេសាទប្រើមងលើសពី ១៥០ម៉ែត្រ ហើយក្រឡាមងមិនលើសពី ១៥សង់ទីម៉ែត្រ៖ «នៅតាមសហគមន៍នីមួយៗយើងមានអន្លង់របស់យើង។ ត្រីកាលណាទឹកវារាក់ វាក្តៅអ៊ីចឹង វាត្រូវចូលអន្លង់ហើយ។ ជាទូទៅបើមានភ្លៀងធ្លាក់ដើមឆ្នាំហ្នឹង គឺត្រីវាត្រូវចឹងហើយ បានខេត្តយើងចាប់ផ្ដើមបិទនេសាទចាប់ពីខែ៥ ទៅ»។
ប្រភេទត្រីក្នុងតំបន់ ដូចជាត្រីប៉ាវាមុខពីរ ឬត្រីមុខបាក់ ត្រីប៉ាសេអ៊ី និងត្រីក្អែក ជាដើម រស់នៅតំបន់សម្បូរថ្ម ស្លែ និងអន្លង់ជ្រៅនៅដងទន្លេមេគង្គលើ ទន្លេសេកុង ទន្លេស្រែពក និងទន្លេសេសាន ដែលមន្ត្រីជំនាញសន្និដ្ឋានថា ត្រីទាំងនោះស៊ីស្លែ និងកម្អែលថ្ម។ លើសពីនេះ ត្រីប្រភេទនេះអ្នកនេសាទចាប់បាននៅខែវិច្ឆិកា រហូតដល់ខែមីនា ឬរហូតដល់ខែឧសភា បើរដូវប្រាំងអូសបន្លាយពេលវែង។
អាជីវករខេត្តស្ទឹងត្រែង លោកស្រី សុផានី លើកឡើងថា បច្ចុប្បន្ន ត្រីកម្រនៅមូលដ្ឋាន ដូចជា ត្រីប៉ាសេអ៊ី និងត្រីប៉ាវា មានលក់លើទីផ្សារតាមរដូវ និងតាមអាកាសធាតុ។ លោកស្រីបញ្ជាក់ថា ប្រភេទត្រីកម្រទាំងនោះមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ឡើយ។ ចំណែកតម្លៃត្រីប៉ាសេអ៊ី ដែលកំពុងលក់នៅលើទីផ្សារបច្ចុប្បន្នមានតម្លៃ ៥ម៉ឺនរៀលដល់ ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ចំណែកត្រីប៉ាវា តម្លៃ ៤ម៉ឺនរៀលដល់ ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងត្រីក្អែក តម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ លោកស្រីបន្តថា ត្រីប៉ាសេអ៊ី និងត្រីប៉ាវា ចាប់ផ្ដើមមានលក់នៅលើទីផ្សារច្រើនចាប់ពីថ្ងៃទី១៣ ឧសភា មក៖ «ទើបភ្លៀងចឹងបានសម្បូរត្រីប៉ាសេអ៊ី ៨ខាំឡើងប្រហែលជាង ១០ម៉ឺន (រៀល)»។
លោក មៀច មាន យល់ថា មានឧបសគ្គច្រើននាំឲ្យចំនួនត្រីកម្រថយចុះ គឺស្ថានភាពទឹកមិនទៀងទាត់ ការអភិវឌ្ឍតាមដងទន្លេ ការនេសាទខុសច្បាប់ និងការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានទាក់ទិនការអភិរក្សនៅអន្លង់អភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកំពង់ធំចាត់វិធានការទប់ស្កាត់ត្រីងាប់នៅបឹងទន្លេឆ្មា
- សហគមន៍នេសាទនៅស្រុកឯកភ្នំបារម្ភពីការជីកអណ្ដូងទឹកយកត្រីក្បែរតំបន់អភិរក្ស
- សហគមន៍នេសាទខេត្តកំពង់ចាមថាបទល្មើសនេសាទកើនឡើងមុនពេលចូលឆ្នាំ
- ពលរដ្ឋរិះគន់អាជ្ញាធរថាមិនទប់ស្កាត់បទល្មើសដាក់សម្រាស់ក្នុងបឹងទន្លេសាបខេត្តកំពង់ឆ្នាំង
- អ្នកជំនាញបរិស្ថានបារម្ភពីការផុតពូជត្រីកម្រនៅខែត្រភាគឦសាន
- អ្នកនេសាទនៅខេត្តកំពង់ឆ្នាំងថាបទល្មើសនេសាទកើតមានច្រើននៅស្រុកកំពង់ត្រឡាច
- ប្រជាពលរដ្ឋខេត្តសៀមរាបមួយចំនួនបោះបង់មុខរបរនេសាទដោយសារបទល្មើសកើនឡើង
- បញ្ហាតែងប៉ះទង្គិចគ្នារវាងប្រជានេសាទខ្មែរនិងវៀតណាមនៅដែនសមុទ្រខេត្តកំពត
- ពលរដ្ឋត្អូញត្អែររឿងត្រីប្រហុកមិនសូវសម្បូរនិងមានតម្លៃថ្លៃនៅឆ្នាំនេះ
- អ្នកនេសាទខ្មែរនៅបឹងទន្លេសាបខេត្តសៀមរាបភ័យខ្លាចការបង្កហិង្សាពីក្រុមជនជាតិវៀតណាម
