ដោយ ហ៊ុំ ចំរើន
2016-05-16
RFA

អតីតអភិបាលរងខេត្តបន្ទាយមានជ័យ លោក តូ ធានទឺ (កណ្ដាល) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ Photo Provided
![]()
អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាមេឈ្មួញរកស៊ីកាយអាចម៍ដីភ្នំលក់នៅក្នុងខេត្តនេះ នៅព្រឹកថ្ងៃទី១៦ ឧសភា ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពីបទឆបោក។ មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា ការចាប់ខ្លួននេះ គឺជាគំរូល្អមួយសម្រាប់សង្គមជាតិ ដើម្បីធ្វើឲ្យអ្នកមានទ្រព្យធន និងមានអំណាចផ្សេងទៀត មានការភ័យខ្លាច ដែលមិនគោរពច្បាប់។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ម៉ាន់ សឹង មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ឧសភា ថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចអនុវត្តតាមដីកាចាប់ខ្លួនរបស់ចៅក្រមអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីឆបោកកាលឆ្នាំ២០០៤ ប៉ុន្តែលោកពុំបានបញ្ជាក់ថា ការឆបោកនោះជាករណីអ្វីនោះទេ។
លោកអះអាងថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ គឺលោក តូ ធានទឺ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៨កន្លះព្រឹកថ្ងៃទី១៦ ឧសភា នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៖ «បាទ! យើងអនុវត្តទៅតាមដីកាចាប់ខ្លួនរបស់តុលាការ។ ហើយនៅពេលចាប់ខ្លួននោះ គាត់យល់ព្រមឡើងឡានតាមសម្រួល ដោយពុំមានការដាក់ខ្នោះដៃនោះទេ»។
លោក តូ ធានទឺ កាលពីឆ្នាំ២០០៣ ជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ កូតាគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែក្រោយមកលោកបានប្ដូរមកចូលជាមួយគណបក្សប្រជាជនកម្ពុជា វិញ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសាច់ញាតិលោក តូ ធានទឺ ដើម្បីសុំការអត្ថាធិប្បាយជុំវិញពីការចាប់ខ្លួននេះបានទេ នៅថ្ងៃទី១៦ ឧសភា។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា តុលាការចាប់ខ្លួនលោក តូ ធានទឺ អ្នកមានទ្រព្យធន និងមានអំណាច ដែលកន្លងមកតែងអះអាងថា ខ្លួនជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងនោះ គឺជារឿងល្អមួយរបស់ស្ថាប័នតុលាការ ដើម្បីផ្ញើសារទៅដល់ជនដទៃទៀតឲ្យមានការក្រែងរអាចំពោះការប្រព្រឹត្តខុសច្បាប់។
លោកអះអាងថា លោកជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រីរូបនេះ កន្លងមកតែងតែយកអំណាចរបស់ខ្លួនអុកឡុកបង្កការលំបាកដល់ពលរដ្ឋជាច្រើនករណី មានជាអាទិ៍ រឿងទំនាស់ដីជាង ៣ពាន់ហិកតារនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងរឿងការជីកដីភ្នំរំលោភលើដីពលរដ្ឋ ភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាដើម៖ «កន្លងមកយើងឃើញថា លោក តូ ធានទឺ ដូចអត់មានការអភិវឌ្ឍឲ្យមានរីកចម្រើននៅក្នុងខេត្តបន្ទាយមានជ័យ ទេ។ ផ្ទុយទៅវិញ គឺគាត់ធ្វើដើម្បីផលប្រយោជន៍របស់ខ្លួន បង្កការក្ដៅក្រហាយរបស់ប្រជាពលរដ្ឋ ដូចជាការដឹកអាចម៍ដីធ្លាក់តាមដងផ្លូវ ជាដើម»។
នៅរសៀលថ្ងៃទី១៦ ឧសភា ដដែល សមត្ថកិច្ចបានបញ្ជូនលោក តូ ធានទឺ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យតុលាការស៊ើបអង្កេតបន្តតាមនីតិវិធី។ ទោះបីជាយ៉ាងនេះក្ដី មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ពុំដឹងថា តុលាការនឹងបញ្ជូនលោក តូ ធានទឺ ទៅឃុំខ្លួននៅពន្ធនាគារពេលណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលទទូចឲ្យ ACU ស៊ើបអង្កេតបន្ទាប់ពីឯកសារប៉ាណាម៉ាបញ្ចេញឈ្មោះបន្ថែមទៀត
- អ្នកវិភាគស្នើឲ្យ ACU ស៊ើបអង្កេតអ្នកផ្ដល់លុយដ៏ច្រើនដល់កាកបាទក្រហមកម្ពុជា
- ពលរដ្ឋខែត្រក្រចេះចោទអាជ្ញាធរថាដាក់កុងត្រូលជំរិតទារប្រាក់ពីអ្នកដឹកឧសលក់
- ទស្សនៈពលរដ្ឋចំពោះការតែងតាំងកូនលោក ឱម យ៉ិនទៀង ជាឧបការី ACU
- លោក ឱម យ៉ិនទៀងប្រតិកម្មតបមតិរិះគន់ចំពោះការតែងតាំងកូនប្រុសរបស់លោក
- សង្គមស៊ីវិលរិះគន់ការតែងតាំងកូនលោក ឱម យ៉ិនទៀង ក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ACU ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រឿងឯកសារប៉ាណាម៉ា
- អ្នកជំនាញស្នើរដ្ឋាភិបាលបង្ហាញឯកសារអត្តសញ្ញាណម្ចាស់អាជីវកម្មជាសាធារណៈ
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានលាតត្រដាងថាមានហ៊ុនក្នុងក្រុមហ៊ុនបរទេសដោយអាថ៌កំបាំង
- អង្គការតម្លាភាពរៀបចំសេចក្ដីស្នើគោលនយោបាយប្រឆាំងអំពើពុករលួយសម្រាប់បក្សនយោបាយ