ដោយ ម៉ម មុនីរតន៍
2016-05-16
RFA

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង (ស្ដាំ) ក្នុងខួបអនុស្សាវរីយ៍លើកទី៧១ នៃកំណើតនគរបាលជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Morm Moniroth
![]()
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា អ្នកដែលធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ និងកំណត់ថាថ្ងៃច័ន្ទពណ៌ខ្មៅនោះ គឺអាជ្ញាធរមិនមែនចាប់ខ្លួនទេ ពោលគឺវិធានការរបស់កម្លាំងសមត្ថកិច្ចនៅពេលនេះ គ្រាន់តែហៅពួកគេមកដើម្បីណែនាំ និងអប់រំប៉ុណ្ណោះ។
អ្នកច្បាប់យល់ឃើញថា ប្រសិនបើយុទ្ធនាការដែលពលរដ្ឋរៀបចំនោះ ធ្វើឡើងក្នុងន័យគ្រាន់តែសម្ដែងមតិ ហើយមិនប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សាធារណៈទេ មិនត្រូវហាមឃាត់សកម្មភាពទាំងនេះទេ។
ការប្រកាន់ជំហរមិនចាត់វិធានការប្រឆាំងក្រុមអ្នកតស៊ូមតិធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់លោក ស ខេង នេះ ស្របពេលសកម្មជនដីធ្លីប្រមាណ ៥នាក់ជាស្ត្រីបន្ថែមទៀត ត្រូវអាជ្ញាធរឃាត់ខ្លួន ដែលកម្លាំងសមត្ថកិច្ចចាត់ទុកថា ពួកគេបានប្រព្រឹត្តល្មើសនឹងបម្រាមរបស់អាជ្ញាធរ។
ថ្លែងប្រាប់អ្នកកាសែតនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោយបញ្ចប់មីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧១ នៃកំណើតនគរបាលជាតិ លោក ស ខេង អះអាងនៅថ្ងៃទី១៦ ឧសភា ថា មនុស្សមួយចំនួនដែលកម្លាំងសមត្ថកិច្ចចាត់វិធានការនេះ គឺគ្រាន់តែយកទៅអប់រំប៉ុណ្ណោះ ពោលវាពុំមែនជាការចាប់ឃុំខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការឡើយ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងយ៉ាងខ្លីមុនចូលរថយន្តទំនើបរបស់លោកថា អាជ្ញាធរនឹងបន្តឃាត់ខ្លួនអ្នកដែលរៀបចំយុទ្ធនាការបន្តទៀត ដូចដែលក្រសួងបានចេញសេចក្ដីជូនដំណឹងរួចមកហើយនេះ។ លោកបន្តថា «ហេ! ទៅសួរអ្នកធ្វើទៅ មកសួរអីខ្ញុំ។ ទៅសួរអ្នកដែលចង់ធ្វើទៅ សួរអីខ្ញុំ។ ចុះគេចាប់ម៉េចកន្លងមក ចាប់តាមហ្នឹងទៀតទៅ។ ចុះមានចាប់ឯណា? ហេ! គេគ្រាន់តែហៅទៅសួរទេ កុំច្រឡំ»។
ថ្វីបើឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរមិនប្រើធម៌ក្ដៅប្រឆាំងអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក៏ដោយចុះ គេសង្កេតឃើញថា មានមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនដីធ្លីមួយចំនួនដែលធ្វើយុទ្ធនាការនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ហើយដាក់កម្រិតពួកគេក្នុងលក្ខខណ្ឌមួយដ៏តឹងរ៉ឹងរួចមកហើយក្នុងពេលកន្លងទៅ និងនៅពេលនេះផង។
ឆ្លើយតបចំណាត់ការនេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានគេដាក់ពង្រាយស្ទើរគ្រប់ច្រកល្ហកនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសការដាក់ពង្រាយនេះ ធ្វើឡើងនៅថ្ងៃច័ន្ទ គឺចំថ្ងៃនៃយុទ្ធនាការដូចសកម្មជនដីធ្លី និងអង្គការសង្គមស៊ីវិលប្រកាសរៀបចំទៅតាមការគ្រោងទុក។ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងប្រឆាំងការចាប់ខ្លួន និងឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលជាមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល។
ក្រោយពេលក្រសួងមហាផ្ទៃ ចេញគោលការណ៍មិនឲ្យមានការជួបជុំ ទោះក្នុងទ្រង់ទ្រាយអ្វីក៏ដោយ មិនយូរប៉ុន្មាន លោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី១០ ឧសភា ដោយបញ្ជាក់ថា អ្នកដែលធ្វើយុទ្ធនាការទាំងអស់ ត្រូវតែចាត់វិធានការទប់ស្កាត់មិនឲ្យមានសកម្មភាពអ្វីមួយកើតឡើងពីយុទ្ធនាការនេះឡើយ។ ម្យ៉ាងវិញទៀត អ្នករៀបចំ គឺមិនអាចគំរាមកំហែងប្រឆាំងរដ្ឋាភិបាលតាមរយៈពណ៌ ឬមធ្យោបាយផ្សេងទៀតបានឡើយ។ លោកបន្តថា «មិនអាចមកដាក់សម្ពាធពណ៌នេះ ពណ៌នោះ ថ្ងៃនេះ ថ្ងៃនោះ ឥតទេ។ អាហ្នឹងនិយាយឲ្យច្បាស់។ គ្រប់ទីកន្លែងបានទទួលបទបញ្ជារួចស្រេចទៅហើយ និយាយឲ្យច្បាស់ជាមួយគ្នា»។
បើទោះជាបែបណា អ្នកជំនាញកិច្ចការច្បាប់យល់ឃើញថា ការសម្ដែងមតិដោយសន្តិវិធី ឬយុទ្ធនាការដែលមិនប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវចាត់ទុកថា គឺមិនស្ថិតក្រោមបញ្ញត្តិនៃច្បាប់ឡើយ។
ពាក់ព័ន្ធបញ្ហានេះ មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហមផង លោក ហុង គឹមសួន ឲ្យដឹងថា បម្រាម ឬសេចក្ដីណែនាំទាំងឡាយណារបស់អាជ្ញាធរ វាពុំមែនជាច្បាប់ទេ។ មិនតែប៉ុណ្ណោះ ការជួបជុំ ឬយុទ្ធនាការអ្វីមួយក្នុងគោលបំណងសម្ដែងមតិ គឺវាពុំមែនជាបទល្មើសព្រហ្មទណ្ឌ ដែលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឡើយ។ លោកបន្តថា «បទបញ្ជាមិនមែនច្បាប់ទេ ប៉ុន្តែបទបញ្ជាតាមខ្ញុំធ្លាប់ឮ មិនឲ្យទៅធ្វើវាខូចសណ្ដាប់ធ្នាប់សាធារណៈ ឬក៏ញុះញង់បង្កើតជាអីដែលគេតែងនាំគ្នាប្រើពាក្យថាបដិវត្តន៍ពណ៌គេនោះណា»។
ជុំវិញរឿងនេះ លោក ហ៊ុន សែន ធ្លាប់ព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការគ្រប់ទម្រង់ មិនថាពណ៌អ្វីឡើយ ឲ្យតែប្រព្រឹត្តបទល្មើស។ យ៉ាងនេះក្ដី ក្រុមអង្គការមិនមែនរដ្ឋាភិបាល រិះគន់ចំណាត់ការនៅពេលនេះរបស់រដ្ឋាភិបាល ដោយចាត់ទុកថា គឺជាការអនុវត្តរំលោភលើគោលការណ៍នៃច្បាប់ដែលគាំពារដោយរដ្ឋធម្មនុញ្ញ ក្នុងការជួបជុំ និងសម្ដែងមតិដោយសន្តិវិធីជាដើម ដែលជាច្បាប់កំពូលរបស់ប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសមេធាវីទាក់ទងករណីអាជ្ញាធរបង្ក្រាបក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- បណ្ដាញសហគមន៍ដីធ្លីនៅខេត្តព្រះវិហារជួបជុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.ប
- សកម្មជនដីធ្លី៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- សកម្មជនដីធ្លីអះអាងថានឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍
- អង្គការសហប្រជាជាតិជំរុញរដ្ឋាភិបាលឈប់ធ្វើបាបសង្គមស៊ីវិលនិងបក្សប្រឆាំង
- ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថាមិននៅពីក្រោយយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- អាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតរកប្រភពបោះពុម្ពអាវសម្រាប់យុទ្ធនាការ”ថ្ងៃច័ន្ទពណ៌ខ្មៅ”
- សហគមន៍ខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប
- ក្រសួងមហាផ្ទៃថាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅតែជាប់ចោទនៅឡើយ
កម្ពុជា ហាក់បីដូចជានៅតែ មានភាពមិនច្បាស់លាស់ ពី អំណាច និង ច្បាប់។
តើ រដ្ឋាភិបាលគួរ អនុវត្តន៏ អំណាច តាមបទបញ្ជា អោយក្លាយជាច្បាប់ ឬ
រដ្ឋាភិបាលគួរអនុវត្តន៏ ច្បាប់ ក្រោមមូលដ្ឋានរដ្ឋធម្មនុញ្ញ អោយក្លាយជាអំណាច។
សំនៀង