ដោយ តាំង សារ៉ាដា
2016-05-16
RFA

សមាជិកគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា ដែលរងការបណ្ដេញចេញ លោក យ៉ង់ ណុយ ហៅ Brady Young។ Photo supplied
![]()
សមាជិកគណបក្សប្រឆាំងមួយរូបនៅសហរដ្ឋអាមេរិក ដែលទើបត្រូវបណ្ដេញចេញពីគណបក្សអះអាងថា លោកនៅតែបន្តការតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា ដដែល។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាសម្រេចបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ហៅ Brady Young ពីសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការបញ្ចប់សមាជិកភាពនេះ ដោយផ្អែកលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស។
លោក យ៉ង់ ណុយ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ការបណ្ដេញរូបលោកចេញពីគណបក្សសង្គ្រោះជាតិ កាន់តែធ្វើឲ្យលោកក្លាយជាមនុស្សឯករាជ្យម្នាក់សម្រាប់កិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា៖ «នៅពេលដែលគាត់បញ្ចប់ខ្ញុំពីសមាជិកភាពរបស់គណបក្សអ៊ីចឹងទៅវាជារឿងស្រួលសម្រាប់ខ្ញុំ ហើយអ្វីដែលល្អមួយទៀត គឺខ្ញុំព្រួយបារម្ភកិច្ចការវាយបកជាមួយរដ្ឋាភិបាល។ វាជាភាពងាយស្រួលសម្រាប់ខ្ញុំ»។
បើទោះជាគណបក្សសង្គ្រោះជាតិ មិនបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ក្ដី ប៉ុន្តែ យ៉ង់ ណុយ រូបនេះអះអាងថា ការបញ្ចប់តួនាទីរបស់លោកពីសមាជិករបស់គណបក្សសង្គ្រោះជាតិនេះ ដោយសារលោកបានបង្ហោះវីដេអូឃ្លិបជាបន្តបន្ទាប់ទាមទារឲ្យលោក ហ៊ុន សែន ពិនិត្យ DNA កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថាតើជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ឬមួយជាកូនប្រុសរបស់មេដឹកនាំវៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយអ្នកស្រី ប៊ុន រ៉ានី នោះ។
លោក យ៉ង់ ណុយ៖ «ពួកគាត់បញ្ចប់ខ្ញុំចេញពីសមាជិកហ្នឹងដោយសារខ្ញុំចេញវីដេអូ ដែលយកពីតាមយូធូប និងហ្វេសប៊ុក ពាក់ព័ន្ធការពិនិត្យ DNA រវាងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ្នឹង។ ខ្ញុំយកឯកសារទាំងឡាយពាក់ព័ន្ធបញ្ហានេះដើម្បីចង់ឲ្យសាធារណជនអស់ការសង្ស័យដែលតែងមានការរិះគន់កន្លងមក ហើយក៏ចង់ឲ្យគាត់បញ្ជាក់ការពិត ហើយម្យ៉ាងទៀតយើងក៏ចង់ដឹងប្រវត្តិរបស់លោក ហ៊ុន ម៉ាណែត ចេញមកពីប្រភពណានោះដែរ។ ដូច្នេះគាត់ខឹងនឹងខ្ញុំចំពោះការចេញវីដេអូ នេះ ហើយបានដាក់សម្ពាធទៅគណបក្សប្រឆាំង។ អ៊ីចឹងបានជាគណបក្សទាក់ទងមកខ្ញុំ ហើយឲ្យខ្ញុំធ្វើយ៉ាងម៉េចកុំឲ្យមានបញ្ហា ហើយខ្ញុំឆ្លើយថា អត់អីទេចង់ធ្វើម៉េចក៏ធ្វើទៅ»។
ការទាមទារឲ្យលោក ហ៊ុន សែន ពិនិត្យ DNA ជាមួយលោក ហ៊ុន ម៉ាណែត នេះបាននាំឲ្យលោកខឹងសម្បាយ៉ាងខ្លាំង ហើយចោទប្រកាន់បក្សប្រឆាំងថា ជាអ្នកនៅពីក្រោយរឿងនេះ។ លោក ហ៊ុន សែន ថែមទាំងព្រមានថា បើនរណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនឲ្យអ្នកនោះបានសុខដូចគ្នា។
គណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗអះអាងថា ខ្លួនមិនបាននៅពីក្រោយរឿងនេះឡើយ។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនជឿការអះអាងរបស់បក្សប្រឆាំងនោះទេ ហើយទាមទារឲ្យបក្សប្រឆាំងថ្កោលទោសចំពោះអ្នកប្រព្រឹត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “ជំនួបរវាងគណបក្សទាំងពីរស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ចិត្តគ្នា”
- លោក សម រង្ស៊ី ថាបក្សប្រជាជនកម្ពុជាឆ្កួតនិងសាហាវដូចក្រុម ប៉ុល ពត
- តំណាងរាស្ត្របក្សប្រឆាំងទូលថ្វាយព្រះមហាក្សត្រថាស្ថានការណ៍នយោបាយធ្លាក់ដុនដាប
- មន្ត្រីបក្សប្រឆាំងពីរក្រុមនៅខេត្តរតនគិរីប្រើហិង្សាក្រោយប្រកាសសុពលភាពគណៈកម្មការប្រតិបត្តិ
- អ្នកស្រី មូរ សុខហួរ មកដល់កម្ពុជា
- អ្នកស្រី មូរ សុខហួរ នឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី២០មេសា
- ការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់សាច់ញាតិអ្នកទោសនយោបាយ
- លោក សុន ឆ័យ ថា លោក សម រង្ស៊ី មិនទាន់មកកម្ពុជាទេព្រោះមិនចំណេញដល់ជាតិនិងបក្ស
- បក្សប្រឆាំងកំពុងពិចារណាក្នុងការដាក់ពាក្យប្ដឹងក្រុមយុវជន ស្រី ចំរើន
- មន្ត្រីបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យចោទអាជ្ញាធររារាំងការដូរសមាជិកក្រុមប្រឹក្សា
គិតទៅអ្នកដឹកនំាខ្មែររវល់និងវីវក់តែរឿងបុគ្គលគ្រួសារខ្លួន ខុសពីមេដឹកនាំគេរវល់តែពីរឿងជាតិ
រវល់តែឆ្នាំងបាយលោតកាប់ទាត់ធាក់,ដាក់គុកព្រោះតែការសងនឹងសឹកវានឹងក្លាយទៅភាពអន្តរធានក្នុងថ្ងៃណាមួយមិនខាន។យួនវាកំពុងអង្គុយសើចដោយឃើញអ្នកល្ងង់ខ្លៅកំពុងចូលស៊ងវា កម្ពុជាក្រោមទីពីរនឹងមកដល់នាពេលឆាប់ៗ។