អាជ្ញាធរ​ខេត្ត​សៀមរាប​ព្រមាន​ចាត់វិធានការ​លើ​អ្នក​នេសាទ​ខុស​ច្បាប់

ដោយ ហង្ស សាវយុត
2016-05-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នេសាទ សៀមរាប ៨៥៥ ២០១៦
មន្ត្រី​ចម្រុះ​ពិនិត្យ​មើល​ការ​នេសាទ​​ត្រី​របស់​ប្រជាពលរដ្ឋ​នៅ​ក្រៅ​តំបន់​អភិរក្ស​ក្នុង​បឹង​ទន្លេ​សាប នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth


មន្ត្រី​សាលា​ខេត្ត​សៀមរាប ជាមួយ​រដ្ឋបាល​ជលផល មន្ត្រី​មន្ទីរ​បរិស្ថាន រួម​ទាំង​សហគមន៍​នេសាទ​ផង បាន​ចុះ​ពិនិត្យ​មើល​តំបន់​អភិរក្ស​ត្រី​ពូជ​មួយ​ចំនួន​នៅ​ក្នុង​បឹង​ទន្លេសាប ដើម្បី​ស្វែង​រក​មធ្យោបាយ​ការពារ​ពូជ​ត្រី និង​ជីវចម្រុះ​ជា​ច្រើន​ឱ្យ​មាន​ប្រសិទ្ធភាព និង​គង់វង្ស​បាន​យូរ​ត​ទៅ​ទៀត។

ការ​ចុះ​ពិនិត្យ​មើល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ធ្វើ​ឱ្យ​កន្លែង​ត្រី​ពង​កូន​ជា​ច្រើន​ក្នុង​បឹង​ទន្លេសាប ត្រូវ​គោក​រាក់ ហើយ​ត្រី​ពូជ​ជា​ច្រើន​ក៏​បាន​ងាប់​ជា​បន្តបន្ទាប់​ដែរ។

អាជ្ញាធរ​ខេត្ត​សៀមរាប ព្រមាន​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​លើ​ក្រុម​អ្នក​នេសាទ​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​នេសាទ​ខុស​ច្បាប់ ឬ​ក៏​មន្ត្រី​ជំនាញ​ណា​ដែល​ឃុបឃិត​បើក​ឱ្យ​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​ត្រី​ពូជ​ក្នុង​បឹង​ទន្លេសាប។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាកាសធាតុ​ប្រែប្រួល ឡើង​កម្ដៅ​ខ្លាំង ហើយ​ទឹក​ទន្លេ​សាប​ជា​ច្រើន​កន្លែង​បាន​គោក​រាក់ ប៉ះពាល់​ដល់​ជីវចម្រុះ​ជា​ច្រើន ធ្វើ​ឱ្យ​មាន​ក្ដី​ព្រួយបារម្ភ​ថា ពូជ​ត្រី​ក៏​អាច​វិនាស​បាត់បង់​ដែរ​នោះ។

អភិបាល​រង​ខេត្ត​សៀមរាប ទទួល​បន្ទុក​កសិកម្ម គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា កន្លង​ទៅ លោក​បាន​ចំណាយ​ពេល​ពេញ ១​ថ្ងៃ ជិះ​ទូក​ពិនិត្យ​មើល​តំបន់​អភិរក្ស​ត្រី​ពូជ​ក្នុង​បឹង​ទន្លេសាប ថែមទាំង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជលផល មន្ត្រី​មន្ទីរ​បរិស្ថាន និង​សហគមន៍​នេសាទ​ផង។ ការ​ពិនិត្យ​មើល​ពេញ ១​ថ្ងៃ​នោះ បាន​ឃើញ​ថា តំបន់​អភិរក្ស​ត្រី​ពូជ​នៅ​ខេត្ត​សៀមរាប មាន​សំណាង​ជាង​ខេត្ត​កំពង់ធំ និង​ខេត្ត​ខ្លះ​ទៀត ដែល​រីង​ទឹក ហើយ​ងាប់​ត្រី​អស់។

លោក គឹម ឆៃហៀង បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​សៀមរាប គឺ​មាន​តំបន់​អភិរក្ស​ត្រី​ពូជ​នៅ​ស្ទឹងជ្រៅ ក្នុង​ស្រុក​ជីក្រែង នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ទំហំ​ជាង ២​គីឡូម៉ែត្រ​ការ៉េ​កន្លះ និង​នៅ​ឡូត៍ អភិរក្ស​ដាច់ខាត ១​ទៀត​ទំហំ​ជាង ៦៤​គីឡូម៉ែត្រ​ការ៉េ ដែល​មិន​គោក​រាក់។ ឡូត៍​អភិរក្ស​ទាំង​នោះ​នៅ​មាន​ត្រី​ពូជ​ជា​ច្រើន​ប្រភេទ ក៏ប៉ុន្តែ​នៅ​ក្នុង​បឹង​ទន្លេសាប ដែល​បើក​ឱ្យ​មាន​ការ​នេសាទ​ធម្មតា​គឺ​ស្ទើរ​តែ​អស់​ត្រី​ទៅ​ហើយ។

អភិបាល​រង​ខេត្ត​សៀមរាប ដដែល ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ និង​សហគមន៍​នេសាទ​ត្រូវ​តែ​ការពារ​ត្រី​ពូជ​ទាំង​នោះ​ឱ្យ​បាន​គង់វង្ស៖ «អប់រំ​គាត់​ផង ហើយ​យើង​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល និង​ចាត់​វិធានការ​តាម​ច្បាប់​ពាក់ព័ន្ធ​ផង»

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប ដើម្បី​សុំ​យោបល់​ជុំវិញ​ការ​ជំរុញ​ឱ្យ​ពង្រឹង​កិច្ចការពារ​ឡូត៍​អភិរក្ស​ទាំង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

មន្ត្រី​កម្មវិធី​បឹង​ទន្លេសាប នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក មិញ ប៊ុនលី ធ្លាប់​បង្ហាញ​ក្ដី​កង្វល់​កាល​ពី​សប្ដាហ៍​មុន​ថា រូប​លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​ឃើញ​តំបន់​អភិរក្ស​ជា​ច្រើន​កន្លែង​ក្នុង​បឹង​ទន្លេសាប បាន​រីង​ស្ងួត​អស់ ហើយ​កំពុង​គំរាមកំហែង​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​របរ​នេសាទ​ត្រី៖ «ត្រី​ក៏​ងាប់​អស់​ច្រើន​ហើយ​ជីវចម្រុះ​មួយ​ចំនួន ក៏​ប៉ះពាល់​ខ្លាំង។ ដែល​ខ្ញុំ​សង្កេត​មើល​ឃើញ​គោលដៅ​ដែល​ខ្ញុំ​ធ្វើការ​គឺ​ខេត្ត​ណា​ក៏​ប៉ះពាល់​ដូច​គ្នា»

អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​យល់​ថា ផល​នេសាទ​ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដោយសារតែ​ការ​គំរាមកំហែង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​គេ​យល់​ថា ប្រសិនបើ​ឆ្នាំ​ក្រោយ​នៅ​តែ​មាន​ការ​គំរាមកំហែង​ពី​អាកាសធាតុ​ទៀត​នោះ គឺ​ផល​នេសាទ​កាន់​តែ​ថយ​ចុះ​ថែម​ទៀត ដែល​តម្រូវ​ឱ្យ​អ្នក​នេសាទ​គ្រប់​រូប ត្រូវ​ចាប់​ផ្ដើម​គិត​ទៅ​ដល់​ការ​ចិញ្ចឹម​ត្រី​បែប​លក្ខណ​គ្រួសារ និង​ការ​បង្កើត​របរ​អ្វី​ផ្សេង​ទៀត​ជៀសវាង​ពឹងផ្អែក​តែ​លើ​ការ​នេសាទ​តែ ១​មុខ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles