ដោយ ម៉ែន សុធីរ
2016-05-17
RFA

សៀវភៅកត់កន្ទុយលេខនៅក្នុងខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ (RFA/Men Sothyr)
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បារម្ភពីល្បែងស៊ីសងនៅមូលដ្ឋានកើតមានយ៉ាងអនាធិបតេយ្យ ពុំឃើញមានការទប់ស្កាត់ពីសមត្ថកិច្ចឡើយ។ ពួកគេអះអាងថា បន្ទាប់ពីមានល្បែងស៊ីសងនោះ បណ្ដាលឲ្យកើតមាននូវបាតុភាព ដូចជាចោរកម្ម និងអំពើហិង្សា ជាដើម។
ពលរដ្ឋរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឲ្យដឹងនៅថ្ងៃទី១៦ ឧសភា ថា ល្បែងស៊ីសងដូចជា បៀ អាប៉ោង កន្ទុយលេខ និងជល់មាន់ បានកើតមាននៅមូលដ្ឋានបណ្ដាលឲ្យពលរដ្ឋមួយចំនួន ងប់ងុលល្បែងនេះរហូតខ្ចីបុលគេ លក់ទ្រព្យសម្បត្តិ បញ្ចាំ ហើយអាចឈានដល់កើតអំពើហិង្សាក្នុងគ្រួសារ។
ពលរដ្ឋម្នាក់រស់នៅឃុំសំអាង ក្នុងចំណោមពលរដ្ឋជាច្រើនទៀតថ្លែងសុំមិនបញ្ចេញឈ្មោះ បារម្ភថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅព្រងើយកន្តើយមិនចាត់វិធានការករណីនេះទេ នឹងប៉ះពាល់ជីវភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ។ លោកកត់សម្គាល់ថា កាលពីដើមខែមេសា ពលរដ្ឋ ២គ្រួសារបានរត់ចោលផ្ទះសម្បែង ដោយសារតែគ្មានប្រាក់សងម្ចាស់បំណុល បន្ទាប់ពីពលរដ្ឋទាំងនោះបានខ្ចីមកលេងល្បែងកន្លងមក។
លោកបន្តថា ល្បែងជល់មាន់ និងអាប៉ោង បានកើតមានប្រហែលជាង ៣ខែកន្លងមក។ ចំណែកល្បែងកន្ទុយលេខ កើតមានប្រហែលជាង ១ឆ្នាំ៖ «យកលុយអង្គការលេងល្បែងចាញ់គេរត់ចោល អង្គការអូសយកដីធ្លីអស់។ ខ្ញុំសំណូមពរលោកចៅហ្វាយខេត្ត លោកមកបិទបន្តិចផង បើមិនអ៊ីចឹងទេ ប្រជាជនខ្មែរក្រដោយសារតែល្បែងនេះ។ តាំងពីមានល្បែងនេះ លួចក៏លួច តិចថាលួចខាងនេះ តិចថាគាស់ទ្វារអីនោះ មិនដែលឃើញបង្ក្រាប មិនដែលឮនិយាយថា ពេលប្រជុំម្តងៗបងប្អូនកុំលេងល្បែងហ្នឹង»។
ឆ្លើយតបរឿងនេះ មេប៉ុស្តិ៍រដ្ឋបាលឃុំសំអាង លោក គង់ សេនា ទទួលស្គាល់ថា ពិតជាកើតមានល្បែងស៊ីសងនៅមូលដ្ឋានមែន តែការកើតមាននោះ ដោយសារការលួចឆ្មក់។ លោកថា លោកក៏ធ្លាប់បានកោះអញ្ជើញម្ចាស់បើកល្បែងស៊ីសង មកធ្វើកិច្ចសន្យាព្រមានឲ្យបញ្ឈប់ម្តងដែរកន្លងមក៖ «លេងមិនប្រាកដថាលេងនៅចំណុចណាមួយទេ។ កាលលេងឆ្មក់នេះម្តងលេងរត់»។
ល្បែងស៊ីសង និងល្បែងកន្ទុយលេខ មិនត្រឹមតែមាននៅឃុំសំអាង ទេ គឺទូទាំងខេត្តស្ទឹងត្រែង ក៏មានសេចក្តីរាយការណ៍ថា ល្បែងកន្ទុយលេខមានប្រភពពីប្រទេសវៀតណាម កំពុងកើតមានយ៉ាងអនាធិបតេយ្យពុំមានការបង្ក្រាប។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការបណ្តោយឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹមសារច្បាប់ស្ដីពីល្បែងស៊ីសង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ថ្លែងបញ្ជាក់ថា ល្បែងស៊ីសងដូចជាកន្ទុយលេខជាដើម កំពុងកើតមានទូទាំងខេត្តស្ទឹងត្រែង ដែលសមត្ថកិច្ច និងអាជ្ញាធររដ្ឋាភិបាលហាក់ធ្វើមិនដឹងមិនឮ។ លោកថា ឥទ្ធិពលល្បែងស៊ីសង គឺជាប្រភពចម្បងនៃអសន្តិសុខសង្គម ដូចជាអំពើហិង្សា ចោរកម្ម ហើយអាចកើតមានការកាប់សម្លាប់ទៀតផង។ លោកយល់ថា ការបណ្តោយឲ្យកើតមានល្បែងស៊ីសង ហាក់ដូចជាដើរបញ្ច្រាសពីយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល និងដើរបញ្ច្រាសពីគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៖ «យើងចង់ឲ្យអាជ្ញាធរខេត្តមានការទទួលខុសត្រូវខ្ពស់លើករណីហ្នឹងផង។ អាល្បែងស៊ីសងហ្នឹងវាពាក់ព័ន្ធច្រើនហ្នឹងទី១។ ទី២ រត់ចោលស្រុកជំពាក់លុយគេ។ ទី៣ ពាក់ព័ន្ធចោរលួចចោរប្លង់ហ្នឹង»។
កាលពីចុងខែធ្នូ ឆ្នាំ២០១៥ អភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី លោក ម៉ុម សារឿន សន្យាថា នឹងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ដើម្បីបម្រើសេវាសាធារណៈដល់ពលរដ្ឋឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលមើលឃើញថា ការសន្យានោះ គឺជាការសន្យាខ្យល់។
ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ មាត្រា៥ ចែងថា ចំពោះអ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀលដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំដល់ ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តសៀមរាបស្វែងរកមេខ្លោងបើកកាស៊ីណូខុសច្បាប់ក្នុងភោជនីយដ្ឋាន
- ពលរដ្ឋចោទអាជ្ញាធរថាមិនទប់ស្កាត់ពលរដ្ឋខ្មែរចូលលេងល្បែងនៅកាស៊ីណូក្រុងប៉ោយប៉ែត
- សង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងថាមិនអើពើបង្ក្រាបល្បែងកន្ទុយលេខ
- ពលរដ្ឋស្រុកស្រីស្នំបារម្ភពីសុវត្ថិភាពដោយសារក្នុងភូមិមានល្បែងស៊ីសង
- សង្គមស៊ីវិលអះអាងថាល្បែងកន្ទុយលេខរីកដូចផ្សិតក្នុងខេត្តស្ទឹងត្រែង
- មន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យសមត្ថកិច្ចជំនាញបង្ក្រាបល្បែងចាក់កន្ទុយលេខនៅស្ទឹងត្រែង
- ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាឲ្យមន្ត្រីក្រោមឱវាទបង្ក្រាបបទល្មើសគ្រប់ប្រភេទ
- ក្រសួងមហាផ្ទៃរំឭកមន្ត្រីនគរបាលខេត្តព្រះសីហនុត្រូវបន្តអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព
- មន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រះសីហនុដែលមិនទាន់អាចបង្ក្រាបល្បែងស៊ីសងបាន
- ពលរដ្ឋនៅបន្ទាយមានជ័យអះអាងថាល្បែងចាក់កន្ទុយលេខកើតឡើងច្រើន