ក្រសួង​ព័ត៌មាន​អប់រំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ពី​ការ​ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង

ដោយ ខែ សុណង
2016-05-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជា ច័ន្ទបរិបូរណ៍ ២០១៦ ៨៥៥
រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អប់រំ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​អំពី​គ្រឿង​ស្រវឹង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Ou Banung

ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា បាន​បើក​កិច្ច​ប្រជុំ​អប់រំ​ដល់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ប្រើប្រាស់​គ្រឿង​ស្រវឹង។ តំណាង​ស្ថាប័ន​វិទ្យុ ទូរទស្សន៍​ដែល​បាន​ចូលរួម​ទាំង​នោះ ពិសេស​គឺ​ពិធីករ​ពិធីការនី ត្រូវ​បាន​ក្រសួង​នេះ​យក​ចិត្ត​ទុក​ដាក់ និង​សង្កត់​ធ្ងន់​នៅ​លើ​ការ​រៀបចំ​ពាក្យ​ពេចន៍​ផ្ញើ​សារ​ដល់​ទស្សនិកជន និង​អ្នក​ស្តាប់​ក្នុង​គោល​បំណង​បញ្ជ្រាប​នូវ​ចំណេះ​ដឹង និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត និង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើក​កិច្ច​ប្រជុំ​អប់រំ​ដល់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ស្ដីពី​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង។

ប្រធានបទ​សំខាន់​លើក​យក​មក​ពិភាក្សា គឺ​ទាក់ទិន​ទៅ​នឹង​ការ​វិវឌ្ឍន៍​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង និង​ការ​បង្កើត​ជា​ពាក្យ​ស្លោក ក្នុង​ន័យ​ក្រើន​រំឭក​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បាន​ឲ្យ​ដឹង​ថា សារព័ត៌មាន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ លោក​ក៏​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​តែ​ព្យាយាម​ផ្ដិត​យក​រូបភាព​ចំ​នៃ​ជន​បង្ក​គ្រោះថ្នាក់​មួយ​ចំនួន ដែល​បង្ក​ឡើង​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង ដូចជា​ករណី​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺ​សូម​ឲ្យ​បង្ហាញ​មុខ​ចំៗ​តែ​ម្តង ដើម្បី​ទុក​ជា​មេរៀន និង​ត្រូវ​ធ្វើ​ស្មើៗ​គ្នា​ពី​ប្រជាជន​ទូទៅ រហូត​ដល់​ថ្នាក់​ដឹក​នាំ​ធំៗ ហើយ​បើ​ទោះ​ជា​រូប​លោក​ផ្ទាល់ ក៏​មិន​បាច់​បិទ​មុខ​ដែរ៖ «»

អប់រំ​គ្រឿង​ស្រវឹង ២០១៦ ៨៥៥
កិច្ច​ប្រជុំ​អប់រំ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​អំពី​គ្រឿង​ស្រវឹង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Ou Banung


អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា គ្រឿង​ស្រវឹង គឺ​ជា​កត្តា​ហានិភ័យ​ឈាន​មុខ​គេ​លំដាប់​ទី​៥ ដែល​បង្ក​ឲ្យ​មាន​បន្ទុក​ជំងឺ​នៅ​ក្នុង​ពិភពលោក។ គ្រឿង​ស្រវឹង​បង្ក​ឲ្យ​មាន​ជំងឺ​ជាង ២០០​មុខ រួម​មាន​ជំងឺ​មហា​រីក​បំពង់​អាហារ មហា​រីក​ថ្លើម ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​ផ្លូវ​ចិត្ត ជាដើម។ នៅ​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច ៥,% នៃ​មរណភាព​សរុប គឺ​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកប​ដោយ​គ្រោះថ្នាក់។

មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​នៃ​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់ ដែល​ទាក់ទង​ទៅ​នឹង​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​មួយ​នាទី​នៅ​ទូទាំង​ពិភពលោក ហើយ​ការ​ស្លាប់​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់៖ «»

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បង្ហាញ​ថា ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ចាប់​ពី​អាយុ ៨​ឆ្នាំ​ដល់ ៣៥​ឆ្នាំ មាន ៩៤​ភាគរយ។

លោក ជា ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ព័ត៌មាន គ្រោង​រៀបចំ​ផ្តល់​ជា​លិខិត​សរសើរ​ដល់​ស្ថានីយ​សារព័ត៌មាន ពិធីករ ឬ​ពិធីការនី​ណា​ដែល​បាន​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​កម្មវិធី​របស់​ខ្លួន។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដ៏​ល្អ ហើយ​លោក​មាន​សុទិដ្ឋិនិយម​ទៅ​លើ​កិច្ច​ប្រជុំ​នេះ ព្រោះ​លោក​ជឿជាក់​ទៅ​លើ​ឥទ្ធិពល​នៃ​សារព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​ព័ត៌មាន​អប់រំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ពី​ការ​ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង"

  1. xxx says:

    ទើបតែភ្ញាក់ពីដំណេក !!! នៅប្រទេសជិតនិងខ្លួនគេមានគ្រឿងស្រវឹងលក់ដូចប្រទេសយើងដែរ ហើយគេក៏មានអ្នកផឹកដូច
    យើងផងដែរ តែប្រព័ន្ធផ្សពផ្សាយរបស់គេដូចជាទូរទស្សន៍ជាដើមមិនដែលមានផ្សាយពានិជ្ជកម្មគ្រឿងស្រវឹងទេ តែបើបែរមក
    ប្រព័ន្ធផ្សពផ្សាយនៅស្រុកយើងវិញផ្សាយ២៤ម៉ោងលើ២៤ម៉ោង សុទ្ធតែឆ្ងុយឆ្ងាញ់ ជាប់មាត់ ឋាមពល់ខ្លាំងក្លា ថែមទាំងមានរង្វាន់គ្រប់បែបយ៉ាងថែមទៀតផង។ បច្ចុប្បន្នសូម្បីតែក្មេងៗប្រុសស្រីមិនទាន់គ្រប់អាយុក៏ជំនាញខាងគោះកែវដែរ។
    ពិធីករ ពិធីការនីក៏មាននិយាយពីរសជាតឆ្ងាញ់នៃគ្រឿងស្រវឹង ក្រុមកំប្លែងក៏យកគ្រឿងស្រវឹងមកផឹកសម្ដែងក្នុងឈុតឆាក របស់ខ្លួនដែរ។
    ដើម្បីការពារទំពាំងស្នងឫស្សីរបស់យើងពីការឈ្លក់វង្វេងនិងគ្រឿងស្រវឹង គួរតែស្ថាប័នដែលពាក់ព័ន្ធទទួលបន្ទុកគិតគូរផងចំ
    ពោះហានីភ័យនៃគ្រឿងស្រវឹង។