
ស្ថានភាពជំងឺរួបរឹតកាយលើលោកយាយ កិះ សាអែម ក្នុងខ្ទមសប្បុរសធម៌ និងផ្នូរសពប្ដី។ ហ្វេសប៊ុក
Tue, 17 May 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ក្រចេះ: បន្ថែមពីលើខ្សែជីវិតក៏មហាសែនអភ័ព្វ ប្តី និងកូនស្លាប់គ្មានសល់រកអ្នកទីពឹងម្នាក់មិនមាន សល់តែរូបកាយដង្ហើមពីជំងឺទាចទឹក ទន្រ្ទានក៏ស្គមកំព្រឹងៗ ធំតែពោះស្បែកដណ្តប់ឆ្អឹងនោះ ស្រ្តីឈ្មោះ កិះ សាអែម ពោលទាំងក្ដីអស់សង្ឃឹមក្នុងឆាកជីវិតថា៖ «ការតស៊ូនឹងដង្ហើមកំដរជីវិតគ្មានអ្វីជាការបារម្ភទេ។ ប៉ុន្តែការបារម្ភនោះ ពេលនេះសពប្តីដែលកប់ក្នុងដីភូមិ កាត់បំណុលគេ គេឲ្យគាស់ចេញ ហើយមិនមានលុយគាស់ និងមិនដឹងយកទៅកប់ណាទៀត»។
ដោយចង់បង្ហាញឲ្យមហាជនមើលឃើញពីស្ថានភាពជំងឺដែលកំពុងតែរុករានរាងកាយពោះរីកធំស្ពឹងៗនោះទាំងវ័យក៏ចំណាស់ និងបាត់បង់នូវការអៀនខ្មាសក្នុងជាស្រ្តី ក៏ឲ្យមានការថតរូបបង្ហាញនោះ លោក យាយ កិះ សាអែម ដែលជាជនជាតិភាគតិច បានរៀបរាប់ទាំងអណ្តឺតអណ្តកថា៖ «ជាតិនេះ ជីវិតនេះពិតជាអភ័ព្វខ្លាំងណាស់។ មុននេះជីវភាពមិនដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំមានផ្ទះសំបែង មានហូបចុកដូចគេដូចឯងដែរ។ តែជីវិតគ្រួសារមិនដឹងជាកម្មពៀរអីទេ ប្តីក៏ឈឺស្លាប់មិនប៉ុន្មាន កូនក៏ឈឺស្លាប់ម្នាក់ទៀត ហើយនៅតែម្នាក់ឯងពេលនេះក៏ឈឺ ដែលមិនមានសង្ឃឹមទៀត»។
ស្រ្តីអភ័ព្វវ័យចំណាស់ដែលប្រើពាក្យលែងស្ដាយស្រណោះចំពោះជីវិតមួយនេះហើយនោះបានបន្តថា៖ «ដោយសារតែគ្រួសារខ្ញុំមានអ្នកឈឺបន្តកន្ទុយគ្នា ហើយក៏ស្រវេស្រវាព្យាបាល ទោះមានលុយមិនមានលុយ ក៏ស្រវាលក់បី ខ្ចីបុល ធ្វើយ៉ាងណា រកវិធីព្យាបាលជំងឺ លុះចុងក្រោយក៏ជំពាក់បំណុលពេទ្យ ហើយកាត់ដីភូមិ និងផ្ទះសងបំណុលពេទ្យ។ រហូតអស់លែងមានដំបូលជ្រក ក៏គេអាណិតឲ្យទៅជ្រកសម្រាប់ដង្ហើមចុងក្រោយនៅឯក្នុងខ្ទមនៅក្រោយភូមិ»។
អាស្រ័យនឹងខ្ទមតូចម៉ង់ៗនៅក្រោយដីភូមិ និងរូបកាយស្គមស្គាំងអាស្រ័យបាយទឹកម្ហូបចំណីបន្តិចបន្តួចពីញាតិក្នុងភូមិជើងឃ្លេរ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាស្រុកកំណើតនោះ លោកយាយ កិះ សាអែម ក៏ពោលឡើងថា៖ «ខ្ញុំអស់នឹងស្តាយជីវិតនេះហើយ ព្រោះថាពេលនេះវាគ្មានលទ្ធភាពណានឹងរកលុយមកព្យាបាលជំងឺទៀតទេ។ តែអ្វីដែលគិតនោះពេលនេះ សពប្តីកប់នៅលើដីដែលកាត់បំណុលគេនោះ គេទាមទារឲ្យគាស់ចេញ។ តែខ្ញុំមិនដឹងថា ទៅគាស់ម៉េចទេ ណាមួយខ្ញុំឈឺអ៊ីចឹងទៀត ហើយលុយក៏គ្មាន»។
ស្ដ្រីចំណាស់ដេកគិតតែពីសុវត្ថិភាពសពប្ដីរូបនេះ បានបន្ថែមថា៖ «គាស់ផ្នូរហើយក៏មិនដឹងថា ត្រូវយកទៅទុកនៅណាទៀត»។ចូលរួមពីការរំលែកទុក្ខនោះ តារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ ក៏បង្ហាញជំហរជួយសម្រាលដល់ស្រ្តីជនជាតិភាគតិច ដែលញាំញីដោយជំងឺទាចទឹកនោះ។
បន្ថែមពីការផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុកកៀរគររកជំនួយទៅជួយស្រ្តីពោះធំនោះ លោកបានប្រាប់ឲ្យដឹងថា៖ «ខ្ញុំមិនដឹងថា ជួយបានកម្រិតណាទេ តែខ្ញុំនឹងជួយ ព្រោះពិតជាសង្វេគខ្លាំងណាស់។ ឮសម្ដីគាត់និយាយថា គាត់គ្មានលុយគាស់ផ្នូរប្តីចេញពីដីកាត់បំណុលឲ្យគេនោះ»៕