យុវជន​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ស្វែងយល់​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេងកាត​និង​ឧស្ម័ន

ដោយ ហ៊ុំ ចំរើន
2016-05-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិក្ខាសាលា​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេងកាត ២០១៦ ៨៥៥
ក្រុម​យុវជន​ចូលរួម​សិក្ខាសាលា​ស្វែងយល់​ពី​ការគ្រប់គ្រង​ធនធាន​រ៉ែ​ប្រេងកាត និង​ឧស្ម័ន នា​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ព្រះសង្ឃ​ជិត ៣០​អង្គ និង​ក្រុម​យុវជន​ជាង ២៥០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា បាន​ចូលរួម​សិក្ខាសាលា​មួយ​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ដើម្បី​ស្វែង​យល់​អំពី​ការ​គ្រប់គ្រង​សម្បត្តិ​ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ក្រោម​ប្រធានបទ «ពរ​ជ័យ​កំណត់​ធនធាន» នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង។ សិក្ខាសាលា​នេះ ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សារសំខាន់​នៃ​ប្រាក់​ចំណូល​ពី​ធនធាន​រ៉ែ​ក្រោម​ដី ដល់​ក្រុម​យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​យល់​ដឹង​ទូលំទូលាយ។

អ្នក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ភាគ​ច្រើន​ខ្វល់ខ្វាយ​ខ្លាច​រដ្ឋាភិបាល​អនុញ្ញាត​ច្បាប់​ធ្វើ​អាជីវកម្ម និង​ការ​គ្រប់គ្រង​ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ធូរ​រលុង និង​គ្មាន​តម្លាភាព។ សិក្ខាសាលា​នេះ​មាន​បញ្ចាំង​វីដេអូ​ឃ្លឹប​ខ្លីៗ​ពី​ការ​រុក​រក​រ៉ែ​ប្រេងកាត និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ក្រោម​ដី ជាដើម ដើម្បី​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា និង​លើក​ជា​សំណួរ​ដាក់​ឲ្យ​វាគ្មិន​បកស្រាយ។

យុវជន​ម្នាក់​មក​ពី​វិទ្យាល័យ​ឯកជន​បូរា ក្រុង​បាត់ដំបង គឺ​លោក សែម ជីហុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ថា លោក​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុម​ធ្វើ​អាជីវកម្ម​រ៉ែ ប្រេងកាត និង​ឧស្ម័ន ដោយ​ខ្វះ​ការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ ហើយ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ធ្លាក់​ទៅ​ជា​ប្រយោជន៍​បុគ្គល​តែ​មួយ​ក្រុម​តូច។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ មិន​បាន​ទទួល​ផល​លាភ​ពី​ការ​អភិវឌ្ឍ​លើ​ប្រាក់​ចំណូល​ផ្នែក​នេះ៖ «ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​ពង្រឹង​អនុវត្ត​ច្បាប់​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ក្រោម​ដី​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​រីក​ចម្រើន​ទៅ​មុខ»

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ម្នាក់​ទៀត គឺ​កញ្ញា ឆឺត សុមនា ថ្លែង​ថា សិក្ខាសាលា​នេះ​មាន​សារសំខាន់​ជា​ខ្លាំង​ដល់​ក្រុម​យុវជន ជាពិសេស​គឺ​កញ្ញា​តែ​ម្ដង បាន​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ក្រោម​ដី​របស់​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព។ កញ្ញា​បន្ថែម​ថា ការ​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​ផ្នែក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មុន​នឹង​អនុញ្ញាត​ឲ្យ​ទៅ​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​អាជីវកម្ម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដូចជា​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាដើម។ ម្យ៉ាង​ទៀត កញ្ញា​បញ្ជាក់​ថា រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ទាញ​យក​ផល​ប្រយោជន៍​ប្រាក់​ចំណូល​ផ្នែក​នេះ ចូល​ជា​ថវិកា​រដ្ឋ​ឲ្យ​បាន​ច្រើន ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ស្រាវជ្រាវ​រុក​រក​រ៉ែ​ក្រោម​ដី ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា មាន​ប្រសាសន៍​ថា ចំណុច​ទាំងអស់​នេះ ថ្វី​បើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ និង​ឧស្ម័ន​នៅ​កម្ពុជា មាន​ច្បាប់​អនុញ្ញាត​ហើយ​ក៏ដោយ ប្រសិន​បើ​ធ្វើ​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ណែនាំ​ចំនួន​បី​លើក​នៅ​តែ​មិន​ស្ដាប់ គឺ​ខាង​ក្រសួង​នឹង​ដក​អាជ្ញាប័ណ្ណ​ឲ្យ​បញ្ឈប់​សកម្មភាព​តែ​ម្ដង៖ «ទិសដៅ​សំខាន់ៗ​ក្នុង​វិស័យ​រ៉ែ ប្រេង និង​ឧស្ម័ន​នេះ យើង​មាន​ទិសដៅ​សំខាន់​បី​ធំៗ រួម​មាន ទិសដៅ​សារពើពន្ធ ទិសដៅ​សេដ្ឋកិច្ច និង​ទិសដៅ​សង្គម។ ទិសដៅ​សារពើពន្ធ គឺ​ត្រូវ​ខិតខំ​រិះរក​ធនធាន​រ៉ែ រហូត​ដំណាក់​កាល​ធ្វើ​អាជីវកម្ម ដោយ​មាន​ការ​គ្រប់គ្រង​ច្បាស់ ដើម្បី​ប្រមូល​ថវិកា​ឲ្យ​បាន​ច្បាស់លាស់​យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ»

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សម្បទាន​ប្រេងកាត​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ក្រសួង​រ៉ែ និង​ថាមពល លោក​បណ្ឌិត នាង ស៊ីវុត្ថា មាន​ប្រសាសន៍​ថា មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុក​រក​រ៉ែ​ប្រេងកាត គឺ​ខាង​ក្រសួង​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ល្អិតល្អន់ ហើយ​ធានា​ថា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​ផល​ប៉ះពាល់។ លោក​អះអាង​ថា ផល​លាភ​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ប្រេងកាត​នៅ​កម្ពុជា នៅ​ពេល​ដំណើរ​ការ​ប្រមាណ​ពី ៦៨% ទៅ ៧០% នៃ​ប្រាក់​ចំណូល​សរុប៖ «អ៊ីចឹង​បាន​ជា​អ្នក​ជំនាញ​មួយ​ចំនួន​គាត់​លើក​ឡើង​ថា ប្រទេស​ខ្មែរ​យើង​យក​ពន្ធ​លើ​វិស័យ​នេះ​ច្រើន​ជាង​ប្រទេស​នានា​ក្នុង​សកល​លោក​ទៅ​ទៀត»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នាយិកា​អង្គការ​សម្ព័ន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន អ្នកស្រី គឹម ណាតាសា ដែល​បាន​ចូលរួម​ជា​វាគ្មិន មាន​ប្រសាសន៍​ថា កម្ពុជា ខ្វះខាត​ធនធាន​មនុស្ស និង​ពុំ​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន​ឲ្យ​បាន​ល្អ​នៅ​ឡើយ។ អ្នកស្រី​សម្ដែង​ការ​ព្រួយ​បារម្ភ​ក្រែង​រដ្ឋាភិបាល មិន​អាច​គ្រប់គ្រង​ប្រាក់​ចំណូល​ផ្នែក​នេះ​យក​ទៅ​អភិវឌ្ឍ​ឲ្យ​មាន​តម្លាភាព នៅ​ពេល​កម្ពុជា បូម​ប្រេង​នៅ​ថ្ងៃ​អនាគត៖ «យើង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល បើក​ចំហ​ក្នុង​ការ​ទទួល​យក​មតិ​យោបល់​ពី​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ។ បញ្ហា​ទាំង​នេះ ដោយសារ​យើង​បារម្ភ​ខ្លាច​វិស័យ​នេះ​បរាជ័យ មិន​បាន ដើម្បី​យក​ថវិកា​មក​ជួយ​អភិវឌ្ឍ​ប្រទេស»

សិក្ខាសាលា​នេះ ក្រុម​យុវជន​នឹង​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អំពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា។ ម្យ៉ាង​ទៀត ពួក​គេ​មាន​ឱកាស​បាន​លើក​ជា​សំណួរ​ដាក់​ឲ្យ​មន្ត្រី​ទាំង​នោះ​បកស្រាយ​ភ្លាមៗ​តែ​ម្ដង។

របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សម្បទាន​ប្រេងកាត នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា កម្ពុជា មាន​ដែន​ប្រេងកាត​ចំនួន ៣​តំបន់ គឺ​ដែន​គោក​មាន​ចំនួន ១៩​ប្លុក ដែន​សមុទ្រ​មាន​ចំនួន ៦​ប្លុក និង​តំបន់​ត្រួត​គ្នា​រវាង​កម្ពុជា និង​ថៃ ចំនួន ៤​តំបន់ ក្នុង​ចំណោម​នោះ នៅ​តំបន់​ដែន​សមុទ្រ​កំពុង​រុក​រក។ ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សម្បទាន​ប្រេងកាត បញ្ជាក់​ថា កម្ពុជា មិន​អាច​ទទួល​ប្រាក់​ចំណូល​ពី​វិស័យ​ប្រេងកាត​នៅ​មុន​ឆ្នាំ​២០១៨ ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles