ACU ថា​អាច​នឹង​ស៊ើប​រឿង​លោក កឹម ​សុខា ​ជួញដូរ​មនុស្ស​ ជា​រឿង​ដែល​អ្នក​វិភាគ​ថា​ជា​ឆាកល្ខោន

លោក ឱម យ៉ិនទៀង នៅ ACU កាលពី​ម្សិលមិញ​។ ហុង មិនា

លោក ឱម យ៉ិនទៀង នៅ ACU កាលពី​ម្សិលមិញ​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ថា​លោក​​កំពុង​ពិចារណា និង​ប្រមូល​ភ័ស្តុតាង​បន្ថែម​ទៀត​ទាក់ទង​នឹង​​ករណី​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​​នឹង​ការ​រត់​ពន្ធ​មនុស្ស​ចេញ​ទៅ​ក្រៅ​ប្រទេស​ខណៈ​ដែល​អង្គភាព​មួយ​នេះ​សម្រេច​ទាត់​ចោល​បណ្តឹង​របស់​ស្រី្ត​ម្នាក់​ដែល​អះអាង​ថា​ជា​ម្តាយក្មេក​ប្រពន្ធ​ចុង​លោក​ កឹម សុខា​ ដែល​ធ្លាប់​ចេញ​មុខ​តាម​រំខាន​លោក កឹម សុខា កាលពី​មុន​ការ​បោះឆ្នោត​​ឆ្នាំ ២០១៣​។

អ្នក​វិភាគ​​បាន​ចាត់​ទុក​ការ​បញ្ចេញ​ករណី​ថ្មី​​បន្ថែម​ទៀត​នេះ​ថា​ជា​ឆាកល្ខោន​នយោបាយ​ថ្មី​មួយ​ទៀត​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​​ការ​បន្ត​ធ្វើ​បែប​នេះ​នឹង​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ជាតិ​ឡើយ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ម្សិលមិញ​បាន​បើក​កិច្ចប្រជុំ​ទាក់ទង​នឹង​បណ្តឹង​​របស់​អ្នកស្រី កែវ សុវណ្ណារី ហៅ​ស្រីពៅ និង​ម្តាយ​បង្កើត​របស់​នាង​ឈ្មោះ​ សំ ផល្លា ដែល​បាន​ប្តឹង​លោក កឹម សុខា ពី​បទ​ឆបោក រំលោភ​លើ​សេចក្តី​ទុក​ចិត្ត និង​ប្តឹង​អង្គរក្ស​របស់​លោក​ឈ្មោះ​ ថាល់ និង ផល្លា ពី​បទ​ហិង្សា​ដោយ​ចេតនា។ តែ​ក្រោយ​ពី​បាន​ស្តាប់ និង​មើល​ពាក្យ​បណ្តឹង​អង្គភាព​សម្រេច​មិន​ចាត់​ការ​លើ​បណ្តឹង​នេះ​ទេ​ដោយ​បញ្ជាក់​ថា​រឿង​នេះ​​មិន​មាន​ពាក់ព័ន្ធ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ឡើយ​តែ​ជា​សមត្ថកិច្ច​របស់​តុលាការ។

នៅ​ពេល​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សួរ​ដេញ​ដោល​លើ​ដើម​បណ្តឹង​អ្នកស្រី ផល្លា គាត់​បាន​រៀបរាប់​ថា​លោក កឹម សុខា បាន​យក​លុយ​ពី​ក្រៅ​ប្រទេស​មក​ឱ្យ​កូនស្រី​គាត់​ចំនួន ៤ ពាន់​ដុល្លារ​កាលពី​ឆ្នាំ ២០១៣ និង​បាន​នាំ​មនុស្ស​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ថ្នូរ​នឹង​ប្រាក់​ ២ ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់។

ក្រោយ​ពី​ស្តាប់​ការ​រៀបរាប់​លោក ឱម យ៉ិនទៀង សម្រេច​ថា​នឹង​ពិចារណា​ករណី​លោក ​កឹម សុខា រត់​ពន្ធ​មនុស្ស។

នៅ​ពេល​លោក យ៉ិនទៀង សួរ​សំណួរ​ថា​តើ​លោក កឹម សុខា មាន​លុយ​ផ្សេង​ក្រៅ​ពី​ជំនួយ​ទេ? អ្នកស្រី សំ ផល្លា ឆ្លើយ​ថា «គាត់ (កឹម សុខា) លើក​មុន​ធ្លាប់​យក​មនុស្ស​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូចជា​លេខា​ផ្ទាល់​ម្នាក់ ២ ម៉ឺន​ដុល្លារ​ពេល​ទៅ​ដល់​បង​ប្អូន​គេ​មក​យក​ខ្ញុំ​ឮ​គាត់​និយាយ​អ៊ីចឹង»។

លោក​ យ៉ិនទៀង ​បញ្ជាក់​ថា៖ «អង្គភាព​មិន​អាច​ទទួល​យក​ពាក្យ​ប្តឹង​ (បទ​ឆបោក) នេះ​មក​ចាត់ការ​បាន​ទេ​ព្រោះ​មិន​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​សមត្ថកិច្ច​បើ​ពាក់ព័ន្ធ​មែន​ក៏​យើង​ចោទ​ប្រកាន់​មិន​បាន​ទៀត​ដោយសារ​ឯកឧត្តម​ កឹម សុខា​ នៅ​មាន​អភ័យ​ឯកសិទ្ធិ​ប៉ុន្តែ​អង្គភាព​អាច​យក​ព័ត៌មាន​ពី​រឿង​លុយ ​(ករណី​ កឹម សុខា នាំ​មនុស្ស​ចេញ​ទៅ​ក្រៅ​ម្នាក់ ២ ម៉ឺន​ដុល្លារ) អាច​យក​បញ្ហា​ដែល​គាត់​ចែក​រំលែក​ដល់​បង់ ៤ ពាន់​ដុល្លារ​ពី​ក្នុង​កញ្ចប់​ថវិកា​រៃអង្គាស​ពី​សហរដ្ឋអាមេរិក​មក​ពិចារណា»។

«ធម្មតា​នៅ​អាមេរិក​តែ​ជាន់​ដី​គេ​ហើយ​មាន​សិទ្ធិ​ច្រើន​យ៉ាង​ទៀត​អ៊ីចឹង​អា​នេះ​ជា​បទ​រត់ពន្ធ​មនុស្ស ឬ​មាន​ស្អី​ផ្សេង​ទៀត​ប៉ុន្តែ​​ភ័ស្តុតាង​នេះ​យើង​សង្ឃឹម​ថា​​ ស្ថានទូត​អាមេរិក​សហការ​ជាមួយ​យើង យើង​នឹង​ធ្វើ​លិខិត​ទៅ​ស្ថានទូត​នៅ​ម៉ោង ២ រសៀល​នេះ (ម្សិលមិញ) សុំ​ឱ្យ​ដឹង​ថា​រាល់​ឯកឧត្តម កឹម សុខា ចេញ​ទៅ​អាមេរិក​គាត់​ទៅ​​ប៉ុន្មាន​នាក់​ហើយ​ប៉ុន្មាន​នាក់​ដែល​ទៅ​ជាមួយ​ និង​មាន​ប៉ុន្មាន​នាក់​ដែល​មក​វិញ?»។

អ្នកស្រី ផល្លា ថ្លែង​ថា​មូលហេតុ​ដែល​​អ្នកស្រី​ចេញ​មុខ​ប្តឹង​នា​ពេល​នេះ​ដោយសារ​​អ្នកស្រី​ឈឺ​ចិត្ត​ដោយ​អះអាង​ថា៖ «​លោក កឹម សុខា ខ្ចី​ផ្ទះ​ខ្ញុំ​លក់​ជាង ១០ ឆ្នាំ​ហើយ​កាល​គាត់​នៅ​គណបក្ស​សិទ្ធិ​មនុស្ស​គាត់​ប្រាប់​ថា​ខ្ចី​ទៅ​​បើក​​ស្នាក់ការ​សម្រាប់​សកម្មជន​តាម​ខេត្ត​ពេល​មាន​បាន​វិញ​គាត់​ថា​សង់​ផ្ទះ​ឱ្យ​ខ្ញុំ​ធំ​ជាង​ហ្នឹង​ទីបំផុត​គាត់​​ខ្ចី​ខ្ញុំ​រហូត​ដល់​ថ្ងៃ​នេះ»។

ស្ត្រី​ពីរ​នាក់​ម្តាយ​ និង​កូន​រូប​នេះ​ធ្លាប់​បាន​ចេញ​មុខ​ជា​សាធារណៈ​មក​អះអាង​កាលពី​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ថា​ខ្លួន​ជា​ប្រពន្ធ​ចុង​​​លោក​ កឹម សុខា ហើយ​បាន​តាម​ស្កាត់​ជួប​លោក សុខា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​លោក​ សុខា បាន​ទៅ​ជួប​សកម្មជន​របស់​លោក។

ក្នុង​អំឡុង​ពេល​នោះ​មជ្ឈដ្ឋាន​ជា​ច្រើន​យល់​ថា​ស្ត្រី​ពីរ​នាក់​ម្តាយ​ និង​កូន​រូប​នេះ​ត្រូវ​បាន​អ្នក​នយោបាយ​មកពី​គណបក្ស​ដែល​ជា​គូ​ប្រជែង​រៀបចំ​ឡើង​ដើម្បី​​បំបាក់​មុខ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​កើន​ប្រជាប្រិយភាព។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Jay R. Raman បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​ថា៖ «ស្ថានទូត​អាមេរិក​ដឹង​អំពី​ព័ត៌មាន​ដែល​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នេះ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ហើយ​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​តាមដាន​ក្នុង​ករណី​នេះ​យ៉ាង​ម៉ឺងម៉ាត់»។ «យើង​មិន​ទាន់​អាច​អត្ថាធិប្បាយ​ពី​លទ្ធភាព​លើ​សំណើ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​នឹង​ស្នើសុំ​យើង​នៅ​ពេល​ខាង​មុខ​នោះ​ទេ»។

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កឹម ​សុខា និង​​អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ​កាលពី​ម្សិលមិញ​។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ជើង​ចាស់​លោកស្រី ជា វណ្ណាត មើល​​ឃើញ​ថា​រឿង​ថ្មី​មួយ​ទៀត​ដែល​សំដៅ​ទៅ​លើ​លោក​ កឹម សុខា ​នេះ​អាច​​ជា​ឆាកល្ខោន​នយោបាយ​ថ្មី​មួយ​ទៀត​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​លោក កឹម សុខា។

«ជា​លក្ខណៈ​នយោបាយ​កាន់​តែ​ច្បាស់​ទៅៗ​មិនមែន​តែ​ខ្ញុំ​ទេ​មតិ​សាធារណៈ​ទូទៅ​ភាគ​ច្រើន​ក៏​គេ​និយាយ​អ៊ីចឹង​ដែរ​ហើយ​ជាពិសេស​វា​មិន​ចំណេញ​ដល់​កំណើន​សេដ្ឋកិច្ច​ប៉ះពាល់​អ្នក​វិនិយោគ​សតិ​អារម្មណ៍​ពួកគេ​ មិន​ហ៊ាន​ធ្វើ​អ្វី​ខណៈ​ស្ថានការ​នយោបាយ​មិន​ទៀងទាត់​»៕


Contact author: ឡាយ សាមាន

What Next?

Recent Articles

3 Responses to "ACU ថា​អាច​នឹង​ស៊ើប​រឿង​លោក កឹម ​សុខា ​ជួញដូរ​មនុស្ស​ ជា​រឿង​ដែល​អ្នក​វិភាគ​ថា​ជា​ឆាកល្ខោន"

  1. រក្សាស្រុក says:

    បង្គោលក្រហមឈ្នះពិន្ទុ ជាច្រើនទឹកមកហើយ ដោយអាញ្ញាកណ្ដាលបឹទភ្នែក លើកនេះបានពិន្ទុដោយវ៉ៃ ពង អាញ្ញាកណ្ដាលបឹទភ្នែកទៀត។ បង្គោលខៀវដួលស្ព៉ាបលើ រីង។
    ទស្សនិកជន កំពុងបាក់ចិត្ត អាណិត បង្គោលខៀវ។ អ្នកអោយទឹកបង្គោល ក្រហមយល់សភាពការ ក៏រៀបចំ ប្ដូរ ស្នៀត ព្រោះបើពុំនោះទេ បង្គោលខៀវ នឹងទៅជា ទុក្ករបុគ្គល (un martyre, a martyr) នោះបង្គោលក្រហមខាតធនហើយ។ ការឈ្នះដោយ វ៉ៃ ពង ជាជោគជ័យ មិន ឧឡារិកទេ មិនសមថ្នាក់បណ្ឌិតឡើយ។

  2. King David says:

    ខំដាក់ឈ្មោះឲ្យទៀងដែរ តែទៀងវាមិនកើតព្រោះមិនមែនឈាមជ័រជាមនុស្សទៀង។

  3. ?? says:

    OH……….. GOD another evil case …………………….please make sure that it is real (-_-)