ដោយ ឡេង ម៉ាលី
2016-06-07
RFA

អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០២ វគ្គ២ ទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។ Photo courtesy of ECCC
![]()
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៧ មិថុនា ធ្វើសវនាការស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហម ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ អតីតប្រធានគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្ដាល ថ្លែងថា ជនជាប់ចោទ នួន ជា ជាប់ពាក់ព័ន្ធនឹងការងារមន្ទីរ ស-២១។
សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលត្រូវបានសាលាដំបូងកោះហៅឱ្យមកធ្វើជាសាក្សី ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី៧ មិថុនា ថា ការបដិសេធរបស់អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា គឺជនជាប់ចោទ នួន ជា ដែលថា មិនបានដឹងឮ ឬជាប់ពាក់ព័ន្ធនឹងកិច្ចការមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ជារឿងធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំង និងស្មានមិនដល់៖ «ពូ នួន (នួន ជា) គាត់បដិសេធបញ្ហានេះ ខុសហើយ។ ក្នុងបក្សកុម្មុយនិស្តកម្ពុជា នរណាមិនគោរពបក្ស? អ្នកណាដែលធ្វើការងារអីក្រៅពីលេខា និងអនុលេខាបក្សសម្រេច? នេះការចាត់តាំងរបស់បក្សកុម្មុយនិស្តកម្ពុជា គឺវាអ៊ីចឹង។ ដូច្នេះការបដិសេធរបស់ពូ នួន គឺគ្មានន័យ»។
សាក្សី ឌុច នៅពេលនេះ កំពុងផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿង ០០២ វគ្គ ២ ទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ដែលប្រឆាំងនឹងជនជាប់ចោទពីររូប ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ ជនជាប់ចោទទាំងពីរ ជារឿយៗ តែងតែបដិសេធទៅនឹងការពាក់ព័ន្ធណាមួយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា មន្ទីរសន្តិសុខ ស-២១ និងមន្ទីរនគរបាលទាំងអស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺឋិតនៅក្រោមការដឹកនាំ និងបញ្ជារបស់បក្សកុម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស និងជនជាប់ចោទ នួន ជា ជាអនុលេខាបក្ស។ មន្ទីរសន្តិសុខ ស-២១ ត្រូវបានបង្កើតឡើងក្រោមមាត្រា ៨ នៃលក្ខន្តិកៈបក្សកុម្មុយនិស្តកម្ពុជា។ បក្សកុម្មុយនិស្តកម្ពុជា បានសម្រេចឱ្យសម្លាប់នរណាដែលត្រូវចោទថា ជាខ្មាំង ចាប់តាំងពីឆ្នាំ១៩៧១។
លោក ឌុច អះអាងថា ជនជាប់ចោទ នួន ជា មានឯកសារដែលនិយាយពី នួន ជា ពាក់ព័ន្ធនឹងការងារមន្ទីរ ស-២១៖ «ឯកសារដែលនិយាយពីវត្តមានពូ នួន នៅក្នុងការចាត់ចែងរឿង ស–២១។ គ្រប់តែចំណារ សុន សេន ចារទៅលើ គឺសំដៅ ប៉ុល ពត ដោយ សុន សេន សរសេរថា គោរពជូនបង។ ដោយឡែកឯកសារនេះ សុន សេន សរសេរថា គោរពជូនបង នួន ផ្ទាល់។ ខ្ញុំបញ្ជាក់ថា ដែលគោរពជូនបង នួន ផ្ទាល់នេះ គឺ សុន សេន ចារទៅនៅក្នុងពេលដែល ប៉ុល ពត អវត្តមាន ដោយប្រាប់ថាឈឺ ហើយឲ្យពូ នួន ទទួលភារៈជានាយករដ្ឋមន្ត្រីស្ដីទី។ ដូច្នេះនេះជាភស្តុតាងមួយដែលបញ្ជាក់ថា ការងារនេះវាមានបង នួន ជាប់ជាមួយ ប៉ុល ពត តាមគោលការណ៍សហប្រធានពីរ។ ឯកសារមួយទៀតនិយាយអំពីចំណារលើចម្លើយសារភាពរបស់ឈ្មោះ ម៉ុក សំអុល ហៅ ហុង មកពីក្រសួងសង្គមកិច្ច ផ្នែកជំងឺគ្រុនចាញ់។ ដូច្នេះភស្តុតាងទាំងពីរនេះ វាបញ្ជាក់ថា ការងារទាំងអស់ សុន សេន ជាអ្នកចេញមុខក៏ដោយ មិនចេញមុខក៏ដោយ ក៏មានបង នួន នៅក្នុងហ្នុងជាអ្នកគ្រប់គ្រងតាមគោលការណ៍សហប្រធានពីរ»។
សាក្សី ឌុច អតីតជាប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង កាលពីក្នុងអំឡុងរបបខ្មែរក្រហមត្រូវបានសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម រកឃើញថា ជាអ្នកទទួលខ្ពស់បំផុតចំពោះជីវិតមនុស្សជាង ១ម៉ឺន ២នាក់ ដែលត្រូវបានសម្លាប់ដោយប្រព័ន្ធគ្រប់គ្រងមន្ទីរសន្តិសុខ ស-២១ នោះ។
នៅក្នុងសវនាការសាលាដំបូងនៃសាលាក្ដីនៅថ្ងៃទី៧ មិថុនា ថា លោកប្រកាសថា លោកមិនកាន់សាសនាណាមួយទេ ទោះជាលោកមានជំនឿក្នុងសាសនាព្រះពុទ្ធ ខុងជឺ និងសាសនាគ្រិស្តក៏ដោយ។ លោកក៏បានអះអាងដែរថា មានករណីដែលគេយកអ្នកទោសទៅរៀនវះកាត់ផ្នែកវិជ្ជាពេទ្យនៅសម័យនោះ។ អង្គជំនុំជម្រះសាលាដំបូង គ្រោងស្ដាប់សក្ខីកម្មរបស់ ឌុច រយៈពេល ៩ថ្ងៃនៅក្នុងសំណុំរឿង ០០២ វគ្គ ២ នេះ។ លោកនឹងត្រូវផ្ដល់សក្ខីកម្មបន្តទៀត នៅថ្ងៃពុធ ទី៨ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមបន្តស្ដាប់សាក្សីជាអតីតអ្នកធ្វើបញ្ជីនៅគុកទួលស្លែង
- អតីតអ្នកកាន់បញ្ជីថាអ្នកទោសត្រូវតែស្លាប់ពេលចូលដល់គុកទួលស្លែង
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការ១០ថ្ងៃទុកពេលត្រៀមសួរសាក្សីសំខាន់ក្នុងរឿងមន្ទីរស-២១
- ឌុច នឹងផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង០០២វគ្គ២
- អតីតឆ្មាំគុកទួលស្លែងរៀបរាប់អំពីរបៀបចាប់ខ្លួនគ្រប់គ្រងនិងសម្លាប់អ្នកទោសសំខាន់ៗ
- អតីតឆ្មាំគុកទួលស្លែងប្រាប់តុលាការថា ឌុច បញ្ជាឲ្យវះពោះសពអ្នកទោសពេលសម្លាប់ហើយ
- សាក្សីអតីតកុមារពេទ្យនៅមន្ទីរសន្តិសុខស-២១ផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមស្ដាប់សក្ខីកម្មអ្នកសួរចម្លើយអ្នកទោសនៅគុកទួលស្លែង
- សាក្សីទទួលស្គាល់ថាបានសម្លាប់អ្នកទោសមួយចំនួននៅវាលពិឃាដជើងឯកក្នុងរបបខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមបន្តសួរដេញដោលអតីតអ្នកថតរូបនៅគុកទួលស្លែង
នួនជាជាចារបុរសរបស់សៀមប្រើសំរាប់ជួយសំឡាប់ខ្មែរនិងបំផ្លាញវប្បធម៌ខ្មែរ!!!!