ដោយ ម៉ម មុនីរតន៍
2016-06-08
RFA

សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ ពេលនាំខ្លួនចេញពីតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
ចៅក្រមជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកាក្នុងសំណុំរឿងលោក ហុង សុខហួរ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ។ សាលដីកាដែលនឹងចេញក្នុងរយៈពេល ១៤ថ្ងៃខាងមុខទៀតនេះ គឺពាក់ព័ន្ធបណ្ដឹងតវ៉ាការឃុំខ្លួនលោក ហុង សុខហួរ ខុសនីតិវិធី និងបណ្ដឹងប្រឆាំងសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។
អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សយល់ឃើញថា លោក ហុង សុខហួរ គឺមិនងាយនឹងមានឱកាសបាននៅក្រៅឃុំណាស់ ប្រសិនបើសំណុំរឿងនេះមិនត្រូវបានដោះស្រាយផ្នែកនយោបាយទេនោះ។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលជាប់ពិរុទ្ធក្នុងរឿងរិះគន់បញ្ហាព្រំដែនកម្ពុជា–វៀតណាម ថ្លែងក្រោយបញ្ចប់ការជំនុំជម្រះ ដោយរំពឹងថា ប្រសិនបើតុលាការធ្វើការផ្អែកលើអង្គហេតុ និងធាតុផ្សំនៃបទល្មើស ដោយមិនយកបញ្ហានយោបាយមកឡូកឡំទេនោះ លោកអាចនឹងមានវាសនារួចផុតពីការចោទបាន។
ការអះអាងដូចនេះរបស់លោក ហុង សុខហួរ ក្នុងពេលលោកត្រូវគេបញ្ជូនទៅកាន់ពន្ធនាគារព្រៃសវិញ ក្រោយបិទបញ្ចប់សវនាការ។ សមាជិកព្រឹទ្ធសភារូបនេះមានសុឆន្ទៈថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នឹងសម្រេចលើបណ្ដឹងសារទុក្ខរបស់លោកដោយយុត្តិធម៌ក្នុងរយៈពេលប្រមាណ ២សប្តាហ៍ខាងមុខទៀតនេះ។ លោកបន្តថា «យើងសង្ឃឹមថាតុលាការនឹងពិនិត្យឡើងវិញដោយសុភវិនិច្ឆ័យ អំពីខ្លឹមសារនៃការប្រព្រឹត្តបទល្មើសជាក់ស្ដែងចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ»។
នៅព្រឹកថ្ងៃទី៨ មិថុនា តុលាការកំពូល បានលើកយកសំណុំរឿងពីរដាច់ដោយឡែកពីគ្នារបស់លោក ហុង សុខហួរ មកជំនុំជម្រះ។ សំណុំរឿងទី១ គឺមេធាវីការពារក្ដីរបស់លោក ហុង សុខហួរ បានប្ដឹងទាស់ដោយចាត់ទុកថា ការឃុំខ្លួនរបស់សមត្ថកិច្ចប្រឆាំងលោក ហុង សុខហួរ គឺធ្វើឡើងខុសនីតិវិធី។ រីឯសំណុំរឿងទី២ ដែលតុលាការលើកយកមកជំនុំជម្រះក្នុងថ្ងៃតែមួយដែរនោះ គឺទាក់ទិនបណ្ដឹងសារទុក្ខរបស់លោក ហុង សុខហួរ ប្រឆាំងសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។
ក្រោយបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ ប្រកាសថា បណ្ដឹងសារទុក្ខទាំងពីរនេះ នឹងត្រូវប្រកាសរួមគ្នាឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ។
ជុំវិញករណីនេះ មេធាវីការពារក្ដីលោក ហុង សុខហួរ គឺលោក ជូង ជូងី ហាក់មានភាពអល់អែកអំពីសាលដីកាដែលនឹងត្រូវចេញលទ្ធផលក្នុងរយៈពេល ១៤ថ្ងៃខាងមុខទៀតនេះ។ លោកយល់ឃើញថា ប្រសិនបើសំណុំរឿងនេះប្រព្រឹត្តទៅដោយមិនពាក់ព័ន្ធទឡ្ហីករណ៍អ្វីផ្សេងទេ នោះក្នុងរឿងក្ដីនេះអាចសង្ឃឹមច្រើន ដូចក្នុងបណ្ដឹងដែលបានជំទាស់ហើយនេះ។ លោកបន្តថា «ខ្ញុំគួរតែតវ៉ាយ៉ាងនេះ ដើម្បីចូលរួមក្នុងការទាមទារឲ្យសមត្ថកិច្ចចាត់ការកុំឲ្យបំពាននីតិវិធី។ ប៉ុន្តែចំពោះលទ្ធផលក្នុងករណីនេះ ជាក់ស្ដែងខ្ញុំមិនអាចព្យាករយ៉ាងណាបានទេ រង់ចាំតាមដាននៅថ្ងៃទី២២ ទាំងអស់គ្នា»។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា វាពិតជាពិបាកណាស់ដែលហ៊ានសន្និដ្ឋានមុនថា លោក ហុង សុខហួរ អាចរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការនោះ។ លោកបន្តថា ឧបសគ្គនៅត្រង់ថា សំណុំរឿងនេះ គឺជាទំនាស់ផ្នែកនយោបាយ។ ហេតុនេះ ប្រសិនមិនបានបញ្ចប់តាមផ្លូវនយោបាយទេ វាសនាបាននៅក្រៅឃុំនៅឆ្ងាយណាស់។ លោកបន្តថា «រឿងនេះវាពាក់ព័ន្ធនឹងរឿងនយោបាយ។ អ៊ីចឹងខ្ញុំគិតថា បើសិនជាឥតមានការចរចាផ្នែកនយោបាយកើតឡើងទេ ទោះជាការសង្កេតរបស់យើងកន្លង រឿងទាំងនេះគឺមិនងាយអាចរួចខ្លួនទេ»។
គិតមកដល់ពេលនេះ គណបក្សប្រឆាំងមានមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់ខ្លួនចំនួន ១៧នាក់ហើយកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ដោយឡែកតំណាងរាស្ត្រចំនួន ៧រូបផ្សេងទៀត កំពុងជាប់បណ្ដឹង ហើយនៅក្រៅឃុំ៕
This is king dom of communist veitcong dictator’ ‘ this authority and the judges must responsibility of the cases of M-P,senator ‘.M-P,senator’ should not put in jail and handcuff’ but theses government never obey the law or constitution’ .We must sue this judges and authority who handcuff the M-P and senator’.GOD bless all cambodian people’