ដោយ សាន សែល
2016-06-09
RFA

៦-សីហា-២០១៥៖ ក្បាំងមុខសម្រាប់តួសម្ដែងល្ខោនខោល។ RFA/Sek Bandith
![]()
មន្ត្រីក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ប្រកាន់យកឥរិយាបថថ្លៃថ្នូរ និងពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ពេលជជែកពិភាក្សាគ្នាពីគម្រោងដាក់ល្ខោនពាក់របាំងមុខថៃ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ អ្នកសម្ដែងល្ខោនខោលកម្ពុជា សម្ដែងការអន់ចិត្ត ពេលប្រជាពលរដ្ឋកម្ពុជា មិនបានជួយគាំទ្រល្ខោនខោល ហើយវាយប្រហារវប្បធម៌ប្រទេសជិតខាង។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការបង្ហោះឌឺដង និងបន្ទាបតម្លៃល្ខោន ខូន (Khon) របស់ប្រទេសថៃ ជាការនិយមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) កម្ពុជា មួយចំនួន បន្ទាប់ពីក្រសួងវប្បធម៌នៃប្រទេសថៃ គ្រោងដាក់ល្ខោនខូន ដែលមានទម្រង់ស្រដៀងទៅនឹងល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
ក៏ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងវប្បធម៌កម្ពុជា លោក ថៃ នរៈសត្យា អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បង្ហាញភាពថ្លៃថ្នូរ តាមការប្រតិកម្មប្រកបដោយឥរិយាបថពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបន្តថា ការប្រតិកម្មជ្រុលពេកលើសពីអ្វីដែលបានកើតឡើង នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងល្អក់កករ។ លោកស្នើឲ្យពលរដ្ឋកម្ពុជា ពិនិត្យនិងសិក្សាច្បាប់ជាតិ និងអន្តរជាតិ ស្ដីពីការដាក់បញ្ចូលសម្បត្តិវប្បធម៌ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី៖ «»។
លោកបន្ថែមទៀតថា ការដាក់បញ្ចូលល្ខោនខូន របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនប៉ះពាល់ដល់កម្ពុជា នោះទេ។ លោកថា កម្ពុជា មិនដែលបណ្ដែតបណ្ដោយឲ្យបរទេសកេងចំណេញផលប្រយោជន៍ពីសម្បត្តិវប្បធម៌កម្ពុជា នោះទេ ជាក់ស្ដែងដូចជាករណីប៉ុនប៉ងកសាងប្រាសាទអង្គរវត្តសិប្បនិមិត្តពីសំណាក់ឥណ្ឌា និងការព្យាយាមកសាងប្រាសាទព្រះវិហារ ពីថ្មស៊ីម៉ង់ ពីសំណាក់ថៃ៖ «»។
កាសែត ឌឹ ណេសិន (The Nation) របស់ថៃ បានផ្សព្វផ្សាយនៅថ្ងៃពុធ ទី៨ ខែមិថុនា នៅលើទំព័រមុខថា ការព្យាយាមដាក់ល្ខោនពាក់របាំងមុខរបស់ប្រទេសកម្ពុជា និងថៃ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នឹងមិនបង្កជម្លោះរវាងប្រទេសទាំងពីរទេ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ត្រូវបានកាសែត ឌឹ ណេសិន ស្រង់សម្ដីបន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីស្ដីពីការបង្ហាញកំហឹងរបស់ប្រជាជនកម្ពុជា ចំពោះគម្រោងដាក់ល្ខោនខូន ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថា ល្ខោនខូន និងល្ខោនខោល មិនដូចគ្នាទាំងស្រុងនោះទេ តែល្ខោនទាំងពីរមានឫសគល់ដូចគ្នា។
តួឯកម្នាក់នៃល្ខោនខោល គឺលោក ទេស សាខន វ័យ ២៣ឆ្នាំ ដែលរូបគាត់កំពុងសម្ដែងល្ខោនខោល ត្រូវបានអ្នកប្រើហ្វេសប៊ុក ចែករំលែកតគ្នា អន់ចិត្តនៅពេលដែលប្រជាពលរដ្ឋកម្ពុជា ជ្រួលបង្ហោះបន្តុះបង្អាប់សិល្បៈអ្នកដទៃ ហើយលើកតម្កើងរបស់ខ្លួនឯង៖ «ដល់ពេលបរទេសដាក់ចូល ទើបមានអារម្មណ៍នាំគ្នាស្នេហា…»។
នាដករូបនេះបញ្ជាក់ទៀតថា កន្លងមកអ្នករាំល្ខោនមិនដែលត្រូវបានសាធារណជនជួយគាំទ្រ បើទោះជាពួកគេអង្វរករប៉ុណ្ណាក៏ដោយ៖ «អ្នករាំខ្លះ រត់ទៅធ្វើប៉ូលិសអស់ហើយ។ …ខ្ញុំបើពឹងតែលើរាំល្ខោននេះ មិនអាចរស់បានទេ»។
កាសែត ឌឹ ណេសិន ផ្សាយសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ដន ប្រាមាដវិណៃ (Don Pramudwinai) ថា កម្ពុជា និងថៃ មានសិទ្ធិរៀងខ្លួនដើម្បីស្នើល្ខោនពាក់របាំងមុខចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ លោកថា បញ្ហានេះ នឹងមិនមែនជាបញ្ហាធំដុំទេ ហើយទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺរក្សានៅដូចដើម ហើយជួយគ្នាទៅវិញទៅមក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្ដាហ៍មុនឲ្យដឹងថា កម្ពុជាបានស្នើចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តាំងពីឆ្នាំ២០០៣។ ក៏ប៉ុន្តែល្ខោនខោល មិនទាន់មានគោលការណ៍ច្បាប់ និងនីតិវិធីចាំបាច់គ្រប់គ្រាន់របស់អង្គការយូណេស្កូ (UNESCO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលបញ្ជាក់ពីការខិតខំបញ្ជូនល្ខោនខោលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- មន្ត្រីព្រះបរមរាជវាំងនិងអាជ្ញាធរខេត្តសៀមរាបហាត់សមពិធីច្រត់ព្រះនង្គ័ល
- សម្ភាសសិល្បករបីនាក់ដែលទើបបញ្ចប់ការសម្ដែងឧបករណ៍ភ្លេងខ្មែរនៅអាមេរិក
- ពលរដ្ឋធ្វើបុណ្យ៧ថ្ងៃឲ្យកវីនិពន្ធ គង្គ ប៊ុនឈឿន នៅវត្តកណ្ដាលខេត្តបាត់ដំបង
- សិល្បករអំពាវនាវឲ្យពលរដ្ឋចូលរួមពិធីបុណ្យ៧ថ្ងៃកវី គង្គ ប៊ុនឈឿន
- ជនជាតិដើមភាគតិចកួយប្រារព្ធពិធីដើម្បីរំឭកគុណបុព្វបុរសធ្វើសង្គ្រាមដើម្បីទឹកដី
- តើរបាំគោះអង្រែមានប្រវត្តិយ៉ាងណាខ្លះ?
- ក្រុមសិល្បៈរបាំត្រុដិត្អូញត្អែរថាទីផ្សាររបាំត្រុដិអំឡុងបុណ្យចូលឆ្នាំមិនសូវមានអ្នកគាំទ្រ
- ប្រវត្តិនៃការរាប់ឆ្នាំតំណាងសត្វ
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ