អង្គការអន្តរជាតិ៤១ស្ថាប័នអំពាវនាវឲ្យឈប់ចាប់ខ្លួនពលរដ្ឋដែលតវ៉ា

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

សិទ្ធិមនុស្ស

អង្គការអន្តរជាតិចំនួន៤១ស្ថាប័នដែលមានស្នាក់ការនៅប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៏រួមមួយនៅថ្ងៃទី៨ខែមិថុនាម្សិលមិញ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

សេចក្តីថ្លែងការណ៍រួមដែលផ្ញើជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្រុមអង្គការទាំង៤១នោះ បានកត់សំគាល់ថា ព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ ពួកគេជឿថា រដ្ឋាភិបាលបានចាត់ទុកអង្គការសង្គមស៊ីវិលមួយចំនួនដែលកំពុងធ្វើការលើកកម្ពស់គណនេយ្យភាពនិងតម្លាភាពថាជាការគំរាមកំហែងកំហែងដល់ស្ថេរភាពក្នុងប្រទេសកម្ពុជា”។

ក្នុងសេចក្តីថ្លែងការណ៏ដដែលនេះក្រុមអង្គការទាំងនោះបានស្នើថាឲ្យរដ្ឋាភិបាលបញ្ឈប់ការយាយីតាមផ្លូវតុលាការទៅលើការសំដែងមតិរបស់ប្រជាពលរដ្ឋនិងធានាឲ្យមានការចូលរួមតាមបែបប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងស្របគ្នានឹងអង្គការសហប្រជាជាតិនិងសភាអ៊ឺរ៉ុបដែលបានអំពាវនាវជាបន្តបន្ទាប់ឲ្យគណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជាចូលតុចរចាជាបន្ទាន់ ខណៈពួកគេសំដែងក្តីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះ។

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា លោក បាន គីមូន បានអំពាវនាវឲ្យមានការចរចានោះនៅពេលលោកទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ។

ទន្ទឹមនឹងការបង្ហាញកង្វល់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះសភាសហគមន៍អឺរ៉ុបកាលពីម្សិលមិញក៏បានចេញសេចក្តីសម្រេចរបស់ខ្លួនមួយ ដោយបានបង្ហាញកង្វល់របស់ខ្លួនផងដែរដោយថាស្ថានការណ៍កាន់តែអាក្រក់ចំពោះគណបក្សប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស។ ស្ថាប័នមួយនេះក៏បានថ្កោលទោសចំពោះអំពើហិង្សា ការឃុំខ្លួន ការចោទប្រកាន់ និងការកាត់ទោសចំពោះអ្នកទាំងនេះ។

សភាសហគមន៍អឺរ៉ុបក៏អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សនេះ។ ជាមួយគ្នានេះដែរ សភាសហគមន៍អឺរ៉ុបក៏អំពាវនាវឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្សអាដហុកបួនរូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបផងដែរ។ មិនត្រឹមតែប៉ុណ្ណេះសភាសហគមអឺរ៉ុបក៏បានអំពាវនាវឲ្យអាជ្ញាធរទម្លាក់បទចោទប្រឆាំងសមាជិក គ.ជ.ប លោក រ៉ុង ឈុន ផងដែរ។

សម្រាប់គណបក្សប្រឆាំងអះអាងថាខ្លួនស្វាគមន៍នឹងការអំពាវនាវនេះ ប៉ុន្តែគណបក្សកាន់អំណាចអះអាងថា សហគមន៍អន្តរជាតិវាយតម្លៃខុសពីស្ថានការណ៍នយោបាយនៅកម្ពុជា៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles