ចន ច័ន្ទ​លក្ខិណា ខួប​កំ​ណើត​ឆ្នាំ​នេះ​សុំ​នៅ​ឯកា

រូបថត​ពី​ខួប​កំណើត​នាង​ឆ្នាំ​មុន និង​សារនាង​ទើប​បង្ហោះ​ថ្មីៗ​នេះ​​​។ ហ្វេសប៊ុក

រូបថត​ពី​ខួប​កំណើត​នាង​ឆ្នាំ​មុន និង​សារនាង​ទើប​បង្ហោះ​ថ្មីៗ​នេះ​​​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដំណើរ​ឈាន​ឡើង​ទៅ​ភ្ជាប់​ខ្លួន​នឹង​ឥស្សរ​ជន​ជាន់ខ្ពស់​ ផុតពី​ប្រជា​ប្រិយ​ភាព​សិល្បៈ​ ពី​ឱកាស​លើក​ស្ទួយ​កំពូល​ស្នេហ៍​ជាអ្នក​ជំនួញ​វ័យ​ក្មេង​ល្បី​មានទ្រព្យ​ស្តុក លោក ហេង ឡុង​ ស្នេហ៍​ស្និទ្ធ​ទាំងមិន​មានពិធី​ប្រពៃណី ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជោគជ័យ​លើជំនួញ​ផ្ទាល់ខ្លួន​ផង​ដែរនោះ បែរជា​ប្រកាស​ធ្វើខ្លួន​ជា​មនុស្ស​ឯកា​សម្រាប់ថ្ងៃ​កំណើត ​និង​មិនទទួល​យក​កាដូ​នាំជំ​ពាក់កម្ម។

ភ្លាមៗ​បន្ទាប់​ពី​ជំនួប​ស្នេហ៍​ជា​មួយនឹង​បុរស​ពោះម៉ាយ​កូនមួយ​ អ្នក​ជំនួញ​វ័យក្មេង​ឈ្មោះ ហេង ឡុង ទាំងរង​ពាក្យ​ចំអកឡកឡឺយ​ថា (បងបាន​កូន អូន​បាន​ឱប​ដុំដុល្លារ) នោះ តារា​សម្ដែង និង​ម៉ូដែល​អ្នកនាង ចន ច័ន្ទ​លក្ខិណា ថ្ងៃធ្វើខួប​កំណើត កាល​ពីថ្ងៃទី ១៨ ខែ មិថុនា​ ឆ្នាំ ២០១៥ (មុនថ្ងៃ​កំណើត​ពិត ២០ ខែ​មិថុនា) ក៏បាន​សាង​ភាព​ភ្ញាក់​ផ្អើល​ ដែល​សូម្បី​តែ​អ្នក​សិល្បៈ​​រួម​អាជីព​ក៏ទប់ចិត្ត​ទ្រាំមិន​សរសើរ​មិនបាន ដោយ​ឪពុក​ម្តាយ​បង្កើត​គូស្នេហ៍ជូន​កាដូ​គ្រឿង​ពេជ្រមួយ​ឈុត​ថ្លៃ​រាប់​ម៉ឺនដុល្លារ ប្រគល់ឲ្យ​ម្ចាស់​ស្នេហ៍​បំពាក់ឲ្យ​នាង​ដោយ​ផ្ទាល់ដៃ។

មើល​ឃើញពី​ទឹកចិត្ត​អធ្យាស្រ័យ​ពីអ្នក​មានគុណ​ម្ចាស់​ស្នេហ៍​នៅ​ថ្ងៃខួប​កំណើត និង​ភាព​ស្និទ្ធ​ស្អិត​ស្នេហ៍​ពីសង្សារជា​អ្នក​ជំនួញ​ សូម្បីតែ​អនាគត​ក៏ត្រៀម​បានល្អ​ ក៏សង់​វីឡា​សម្រាប់​រួម​រស់សាង​សុភមង្គល​ដែរ​នោះ​ មហាជន​ដែលធ្លាប់​តែ​ថ្លែងពាក្យ​ចំអកឡក​ឡឺយ​ពី​ជំនួប​ស្នេហ៍អ្នក​នាង ចន ច័ន្ទ​លក្ខិណា ក៏លាន់​មាត់​ដែរថា៖ «អនាគត​ តារា​សម្តែង​ម្នាក់​នេះ​ នឹងមិន​មានអ្វី​មករំខាន​អារម្មណ៍​គេបាន​ទៀត បើ​មាន​បុរស​ស្រឡាញ់​យល់ចិត្ត​ហើយ ហើយ​ឪពុកម្តាយ​ខាង​​ប្រុស​ក៏ឲ្យ​តម្លៃនាង​ទៀត នេះ​ខួប​កំណើត​នៅជំនួប​ឆ្នាំ​ដំបូង​ នៅ​ឆ្នាំបន្ត​នឹងធំ​គគ្រឹក​គគ្រេង​ប៉ុនណា បើ​អ្នកនាង ចន ច័ន្ទលក្ខិណា ខ្លួន​ឯងក៏​ជោគជ័យ​លើ​ជំនួញ​ដែរនោះ»។

បែរជា​តារា​សម្តែង​រាសី​អណ្តែត​ខ្ពស់​ក្រោយ​ភ្ជាប់​ជំនួប​ស្នេហ៍​នឹង​លោក ហេង ឡុង រូបនេះ ខណៈ​ខែ​កំណើត​ក៏ចូល​ដល់ រង់ចាំតែ​ថ្ងៃ​បង្គ្រប់​វ័យ ៣៦ ឆ្នាំនោះ ក៏ធ្វើ​ឲ្យមហាជន​ភ្ញាក់ផ្អើល​ផ្ទុយពីការ​រំពឹង ពីសារ​បង្ហោះ​ក្នុងទំព័រ​ហ្វេសប៊ុក​របស់​នាង។

បន្ថែមពី​រូបថត​អង្គុយ​បត់ជើង​ដៃកាន់​ធូប​បន់ស្រន់​នៅមុខ​ព្រះនោះ អ្នកនាង ចន ច័ន្ទ​លក្ខិណា បរិយាយថា៖ «ក្តីប៉ងប្រាថ្នា​សម្រាប់​ខួបកំណើត​ឆ្នាំនេះ ​គឺសុំ​នៅ​ម្នាក់ឯង មិនចង់​ជួប​អ្នកណា​ មិនចង់​ឲ្យមាន​ពិធី​អ្វី​ទាំងអស់ ព្រោះរឿ​ងរ៉ាវ​ឆ្នាំមុន​នៅថ្ងៃ​ខួប គឺជា​បណ្តាសាជីវិត​ខ្ញុំឲ្យ​អាប់​អួ ១ ឆ្នាំពេញ ហើយ​ខ្ញុំ​ក៏លែង​ចង់ជួប​មនុស្ស​ទាំងឡាយ ព្រោះ​ថា ភាព​ពុតត្បុត​របស់​មនុស្ស​មួយ​ចំនួន​គឺធ្វើឲ្យ​ខ្ញុំខ្លាច រាង​មួយ​ជីវិត»។

ក្នុងសារ​ដដែល​នោះ តារា​សម្តែង​មេម៉ាយ​កូនមួយ ដែលកំពុង​ភ្ជាប់​ស្នេហ៍​នឹង​បុរសអ្នក​ជំនួញ​ពោះ​ម៉ាយ​កូនមួយ​ដូចគ្នា និង​បណ្តើរ​គ្នា​ដោយ​បើកចំហ​ផ្អើលទាំង​មន្ត្រី ​ទាំងអ្នក​សិល្បៈ​នោះ នាង​លើកឡើង​ដែរថា៖ «មិនចង់​ជំពាក់​គុណ​អ្នកណា​ទៀត​ឡើយ ព្រោះការ​រំឭក​គុណវា​ធ្វើឲ្យ​ខ្ញុំឆ្អែត សង្ឃឹមថា ​ក្តីប៉ងប្រាថ្នា​របស់ខ្ញុំ​នឹង​បានដូច​បំណង ហើយ​ខ្ញុំក៏​មិនចូល​ចិត្ត​ប្រា​រព្ធកម្មវិធី​ខួបកំណើត​ដែរ ហើយ​ខ្ញុំជឿ​ថា បើគ្មាន​ពិធី​គឺនឹង​លែងមាន​ការរិះគន់ និងវាយ​ប្រហារ​ឡើយ ព្រោះ​សូម្បីតែ​ថ្ងៃ​សិរីសួស្តី​របស់​មនុស្ស​ក៏មិន​លើក​លែង»។

នៅមិន​ដឹង​ថាក្នុង​ដំណើរ​ជីវិត លើ​ជំនួបស្នេហ៍​ ជាមួយ​អ្នក​ជំនួញ​ទ្រព្យស្តុក ​ធ្លាប់បាន​ទទួល​កាដូ​គ្រឿងពេជ្រ​ដ៏មាន​តម្លៃ​​ ធ្វើឲ្យ​អ្នក​នាង ចន ច័ន្ទលក្ខិណា ទទួល​បាន​ភាពកក់ក្តៅ​ឬ​ក៏រង​នូវ​ស្ថានភាព​យ៉ាងណា​នោះទេ​ ខណៈថ្ងៃខួប​កំណើត​ក៏ជិត​មក​ដល់ នាង​បែរជា​ សរសេរ​សារ​បង្ហោះបែប​នេះ ហើយ​ទំនាក់​ទំនងទៅនាង​ក៏មិន​មានអ្នក​ទទួល​ទូរស័ព្ទ៕​

What Next?

Recent Articles