
លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា។ វុទ្ធី
Fri, 10 June 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ព្រមគ្នានឹងជោគជ័យពាក់កណ្តាលអ្នកជំនួញនិងពាក់កណ្តាលសិល្បៈ គូស្នេហ៍ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា បង្កើតចំណងដៃកូនប្រុសបានពីរគ្រាប់ ក៏ទទួលបានការកោតសរសើរពីជីវិតស្នេហានៅរក្សាផ្អែមល្ហែមនឹងគ្នានោះ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងសារលោក ឃុំ ប៉ុណ្ណាដែត ក្នុងអារម្មណ៍ក្តៅឆួលចុងច្រមុះ បង្ហាញឲ្យសាធារណជនដឹងថា ជីវិតគ្រួសារលោក ក៏ជួបនឹងការរំខានពីមនុស្សទី ៣ ដែរ។
គួររំឭកដែរថា គូស្នេហ៍សិល្បៈអ្នកនាង យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត មិនធ្លាប់ពើបប្រទះនូវរឿងអាស្រូវដូចគ្នានឹងគូស្នេហ៍សិល្បៈទាំងពួងឡើយ បើទោះជាគូស្នេហ៍នេះបានដើរផ្លូវពីរផ្សេងគ្នាក៏ដោយ ខណៈអ្នកនាង យក់ ឋិតរដ្ឋា នៅបន្តអាជីពចម្រៀង ឯលោក ឃុំ ប៉ុណ្ណាដែត ក៏បោះបង់ចោល ទៅប្រឡូកជំនួញសាងសង់ផ្ទះល្វែងនោះ។
ព្រមនឹងភាពស្ងប់សុខ លោក ឃុំ ប៉ុណ្ណាដែត និងភរិយា ដែលជាតារាមិនសូវសកម្មរឿងហ្វេសប៊ុកដូចគ្នា ដែលផ្ទុយពីតារាល្បីឈ្មោះភាគច្រើននោះ ម្តងម្កាលក្នុងហ្វេសប៊ុកគូស្នេហ៍មួយគូ ដែលបានផ្តល់កំណើតកូនប្រុសពីរនាក់ មានបង្ហោះ តែសារអរគុណដល់ភ្ញៀវគាំទ្រហាងរបស់ខ្លួន ទើបតែថ្មីៗនេះ គេឃើញលោកបង្ហោះសារដំបូង ដែលបង្ហាញគ្រោតគ្រាត បែបមិនសប្បាយចិត្ត ដែលត្រូវបានរុកកួនដោយក្រុមអ្នកឈ្នានីសនាពេលមុននេះ។
ភ្ជាប់ជាមួយនឹងរូបថត ថតអង្គុយម្នាក់ឯង លោក ឃុំ ប៉ុណ្ណាដែត បានបន្ថែមសារបរិយាយថា៖ «ធ្វើចិត្តឲ្យស្ងប់ ហើយល្មមឈប់មកចងកម្មពៀរជាមួយគ្រួសាររបស់ខ្ញុំទៀតទៅ សន្តានពួកអ្នកខ្ញុំស្គាល់អស់ហើយ ហើយក៏កុំព្យាយាមលាង និងកាត់ស្រមោលខ្លួនឯងអី ការអត់ធ្មត់របស់ខ្ញុំ គឺមានកំណត់ ត្រូវចាំថា ជីវិតខ្ញុំ និងគ្រួសារខ្ញុំ គឺខ្ញុំជាអ្នកកំណត់ មិនមែនជាអ្នក»។
នេះជាលើកទី ១ ដែលលោកបង្ហាញឲ្យឃើញថា លោកដល់ក និងទ្រាំលែងបាន បន្ទាប់ពីមានអ្នកឈ្នានីសមកលើខ្លួន និងភរិយា ធ្វើឲ្យលោកឆេះដុំ ដែលបង្ខំឲ្យលោកចេញមុខវាយបកសងវិញ ដើម្បីជាសារឲ្យអ្នកឈ្នានីសបានដឹង។
ស្នើសុំការពន្យល់ពីសារទម្លាយក្នុងហ្វេសប៊ុកនោះ លោក ឃុំ ប៉ុណ្ណាដែត បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «រឿងនេះកើតឡើងមិនឆ្ងាយពីខ្លួនទេ ហើយវាកើតឡើងមួយឆ្នាំហើយ តែបានជាខ្ញុំបង្ហោះសារពេលនេះ គឺចង់ឲ្យគាត់ដឹងថា ចិត្តរបស់ខ្ញុំក៏មានព្រំដែន បើអាចឈប់បានឈប់ គ្មានអ្វីចំណេញទេសម្រាប់អ្នកនោះ»។
លោកមិនបានបកស្រាយវែងឆ្ងាយដោយគ្រាន់តែថា៖ «ខ្ញុំបង្ហោះវាចេញក៏ព្រោះខ្ញុំមិនចង់ឲ្យរឿងវែងឆ្ងាយ ចង់ប្រាប់អ្នកឈ្នានីសគ្រួសារខ្ញុំនោះ ឲ្យដឹងនិងយល់ពីចិត្តខ្ញុំ ហើយឲ្យគាត់ឈប់ត្រឹមហ្នឹង ព្រោះចង់ឲ្យល្អទាំងអស់គ្នា»៕