
វីដេអូផ្សាយស្រាបៀរមានវត្ដមាន មាស សុខសោភា។ ហ្វេសប៊ុក
Fri, 10 June 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជាង ១០ ឆ្នាំជោគជ័យលើអាជីពចម្រៀង រហូតមហាជនគាំទ្រថែមងារឲ្យជាកំពូលតារាចម្រៀង ទឹកដមផ្អែមពីរោះអ្នកនាង មាស សុខសោភា ក៏ក្តាប់ឱកាសថតផ្សព្វផ្សាយផលិតផលយ៉ាងច្រើន ក្រៅពីគ្រឿងស្រវឹង។
ទើបតែថ្មីៗនាងក៏លេចមុខផ្សព្វផ្សាយផលិតផលស្រាបៀរលីអូ ដំបូង ទាំងភ្ញាក់ផ្អើលដល់អ្នកគាំទ្រផងដែរ។ទន្ទឹមនឹងភាពភ្ញាក់ផ្អើលពីវត្តមានកំពូលតារាចម្រៀងស្រីជ្រកក្រោមដំបូលផលិតកម្មថោន ទឹកដមសំនៀងបត់បែនបានគ្រប់ចង្វាក់ ទាំងបុរាណសម័យ ដែលទើបតែធ្វើចិត្តក្លាហានបង្ហាញមុខស្វាមីបើកចំហបណ្តើរគ្នាទីកម្សាន្តនៅប្រទេស បញ្ចេញភាពសិច ស៊ីផ្អើលពិភពសិល្បៈ អ្នកនាង មាស សុខសោភា ក្នុងវីដេអូផ្សព្វផ្សាយផលិតផលស្រាបៀរលីអូ លេចវង់ភក្ត្រនៅប៉ុន្មានវិនាទីចុងក្រោយតែបន្តិចបញ្ចប់ដោយឃ្លា «ភាពអស្ចារ្យអាចកើតឡើងគ្រប់ពេល»។
វត្តមាននាងក្នុងវីដេអូផ្សព្វផ្សាយស្រាបៀរនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងច្រើន ជាមួយនឹងចម្ងល់លើកឡើងថា៖ «រក្សាភាពល្បីរបស់គេបានច្រើនឆ្នាំ ក៏ទទួលឱកាសផ្សព្វផ្សាយផលិតឲ្យក្រុមហ៊ុនក៏បានច្រើនដែរ តែមិនដែលឃើញតារាចម្រៀងស្រីម្នាក់នេះ ថតផ្សព្វផ្សាយឲ្យផលិតផលគ្រឿងស្រវឹងនោះឡើយ។ ចុះហេតុអ្វីពេលនេះទើបនឹងសម្រេចចិត្តថតផ្សព្វផ្សាយឲ្យស្រាបៀរលីអូ? ឬក៏គេឲ្យតម្លៃខ្លួននាងខ្ពស់មិនអាចបដិសេធ»។

តារាចម្រៀង មាស សុខសោភា។ ឈឹម ស្រីនាង
បកស្រាយនូវចម្ងល់មហាជននេះ កំពូលតារាចម្រៀងស្រីដែលបានក្លាយជាតារាតំណាងផ្សាយផលិតផលគ្រឿងស្រវឹងដំបូង អ្នកនាង មាស សុខ សោភា មិនអាចទំនាក់ទំនងបានទេ ខណៈទូរស័ព្ទចូលច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
យ៉ាងណាមិញ លោក មាស សុខរតនៈ ជាបងប្រុសរបស់នាងក៏បានបង្ហាញជំហរថា៖ «កន្លងមកក៏មានផលិតផលគ្រឿងស្រវឹងទាក់ទង ប្អូនភា ឲ្យផ្សព្វផ្សាយរហូត តែមាស សុខសោភា មិនទទួល»។
ក្នុងជំនួបឆ្លើយឆ្លងជាមួយ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ លោកក៏បានបញ្ជាក់ប្រាប់ថា៖ «កាលដែល ប្អូនភា ថតផ្សព្វផ្សាយឲ្យស្រាបៀរលីអូ នោះ ក៏ព្រោះ យើងមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនស្រាបៀរ លីអូ នោះច្រើនឆ្នាំហើយ ទើបនាងព្រមទទួលថតឲ្យ»។
លោក មាស សុខរតនៈ បន្ថែមទៀតថា៖ «ការពិត ប្អូនភា បានផ្សព្វផ្សាយឲ្យស្រាបៀរ លីអូ រយៈពេលប្រហែលជា ៣ ឆ្នាំហើយ គ្រាន់តែមិនថតជាស្ប៉តអ៊ីចឹង ទើបតែថ្មីនេះក៏ថតស្ប៉តឲ្យក្នុងការយោគយល់លើអធ្យាស្រ័យល្អច្រើនឆ្នាំកន្លងមក»។ ក្នុងវីដេអូផ្សព្វផ្សាយស្រាបៀរ មាស សុខសោភា ដើរជាតួអង្គសំខាន់ក្នុងការបង្កើតភាពភ្ញាក់ផ្អើល និងរីករាយចំណោមមិត្តភក្ដិជាច្រើន។
ទន្ទឹមនឹងអះអាង ស្រាបៀរ លីអូ ទើបមានតារាតំណាងផ្សព្វផ្សាយផលិតផលជាលើកដំបូង ក៏ជ្រើសរើសតារាចម្រៀងស្រីរូបនេះអ្នកនាង កានជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារប្រចាំតំបន់របស់ក្រុមហ៊ុនស្រាបៀរ លីអូ ក៏បង្ហាញដែរថា៖ «យើងមានក្តីរីករាយក្រៃលែង ដែលតារាចម្រៀងលំដាប់កំពូល អ្នកនាង មាស សុខសោភា ជាឯកអគ្គរាជទូតរបស់យើង ព្រោះយើងជឿជាក់ថា គាត់តំណាងឲ្យយុវវ័យកម្ពុជាទាំងអស់ ហើយគាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពរួសរាយរាក់ទាក់»៕