លោក កែម ឡី ដែលប្រហែលជាអ្នកវិភាគនយោបាយដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា និងជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកម្សិលមិញនៅស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោកតែងតែទៅពិសាកាហ្វេ និងជួបជុំជាមួយមិត្តភក្ដិស្ទើរតែរាល់ព្រឹក។
អង្គុយតែម្នាក់ឯងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង (ស្តុបបូកគោ)អ្នកវិភាគវ័យ៤៦ឆ្នាំរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយមួយគ្រាប់បាញ់ចំពីក្រោយត្រចៀកខាងឆ្វេង និងមួយគ្រាប់បាញ់ចំក្រោមដៃខាងឆ្វេង នេះបើយោងតាមការលើកឡើងរបស់លោក នង សុវណ្ណារ័ត្ន វេជ្ជបណ្ឌិតប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។

លោកមានប្រសាសន៍នៅម៉ោងប្រមាណ៣រសៀល បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពនៅខាងក្នុងស្តាម៉ាតអស់រយៈពេលជាច្រើនម៉ោងថា “គាត់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលពីក្រោយត្រចៀក និងមួយគ្រាប់ទៀតចំបោះដៃផុតធ្លាយមកទ្រូងខាងស្ដាំ”។
យោងតាមមន្ត្រីមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងក្រោយម៉ោង៨និង៣០នាទីព្រឹក។ បុគ្គលិកផ្នែកចាក់សាំងនិយាយថា ពួកគេគិតថា ស្នូរគ្រាប់កាំភ្លើងដែលបានផ្ដាច់ជីវិតលោក កែម ឡី គឺជាស្នូរទុស្សេខ្សែភ្លើង ដោយបុគ្គលិកម្នាក់ថែមទាំងបានរត់ទៅចុចកុងតាក់ប្រកាសអាសន្នដើម្បីបិទចរន្តអគ្គិសនីទៀតផង។
បុគ្គលិកផ្នែកចាក់សាំងម្នាក់ឈ្មោះ សំ ប្រសិទ្ធ អាយុ២៥ឆ្នាំ និយាយថា “ខ្ញុំបានឮស្នូរ ‘ផាំង!ផាំង!’ ហើយខ្ញុំគិតថា ផ្ទុះម៉ាស៊ីនកាហ្វេ ព្រោះព្រឹកនេះម៉ាស៊ីនកាហ្វេខូច។ បុគ្គលិកបានរត់ចេញមកក្រៅ ហើយស្រែកថា ‘គេបាញ់លោក កែម ឡី’។ គេទើបតែលើកកាហ្វេជូនគាត់រួច មិនទាន់ទាំងបានពិសាផង”។
និស្សិតវ័យ២៥ឆ្នាំម្នាក់ឈ្មោះ ឡេង ឧត្តម ដែលជាភ្ញៀវប្រចាំនៅស្តាម៉ាតខាងលើនេះនិយាយថា លោក កែម ឡី តែងតែទៅពិសាកាហ្វេនៅទីនោះស្ទើរតែរាល់ព្រឹកដើម្បីជួបជុំមិត្តភក្ដិពិភាក្សាគ្នារឿងនយោបាយ ហើយជាញឹកញាប់លោកត្រឡប់ទៅវិញនៅពេលរសៀល។
និស្សិតរូបនេះនិយាយទៀតថា “ពេលខ្លះគាត់ពិសាកាហ្វេម្នាក់ឯង ហើយអង្គុយលេងទូរស័ព្ទ និងអានកាសែត ហើយអ្នកនៅក្នុងម៉ាតដែលស្គាល់គាត់តែងតែមកនិយាយជាមួយគាត់។ គាត់ជាមនុស្សរួសរាយ”។
លោក កឹម រតនា ជាមន្ត្រីនគរបាលសង្កាត់ទន្លេបាសាក់ដែលបានដេញតាមចាប់ខ្លួនខ្មាន់កាំភ្លើងលើកឡើងថា ជនល្មើសត្រូវចាប់ខ្លួនបាននៅម៉ោងប្រហែល៩ព្រឹកក្បែរផ្សារទំនើបអុីអន ចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីស្ថានីយប្រេងឥន្ធនៈកើតហេតុ។
ក្រសួងមហាផ្ទៃបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ឃាតករជាជនជាតិខ្មែរ វ័យ៣៨ឆ្នាំ ដែលបានទៅធ្វើការក្នុងប្រទេសថៃជាញឹកញាប់។ សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា “បន្ទាប់ពីការចាប់ខ្លួន ឃាតករបានសារភាពថា វាឈ្មោះ ‘ជួប សម្លាប់’” ហើយថា ឃាតករគឺជាកម្មករចម្ការនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាពេលរសៀលថា ”ឈ្មោះនេះ យើងមិនជឿទេ។ តាំងពីណាពីណីមក មិនដែលមានអ្នកណាដាក់ឈ្មោះ ‘សម្លាប់’ ឲ្យកូនទេ”។

លោកលើកឡើងទៀតថា ខ្មាន់កាំភ្លើងបានបាញ់លោក កែម ឡី ក្នុងចម្ងាយពីគ្នា “ប្រហែល២ជំហាន” ហើយពេលនេះជនល្មើសកំពុងជាប់ឃុំនៅស្នងការដ្ឋាន។ ការស៊ើបអង្កេតនឹងផ្ដោតលើចំណុចថា តើមានអ្នកបញ្ជានៅពីក្រោយឃាតកម្មនេះ ឬក៏អត់។
លោកគូសបញ្ជាក់ថា “ភ័ស្តុតាងដែលយើងដកហូតបានពីជនល្មើសបង្ហាញយ៉ាងច្បាស់ថា ជនល្មើសគឺជាឃាតករដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី”។
វីដេអូឃ្លីបរយៈពេល៣៥វិនាទីបង្ហាញពីការសារភាពរបស់ជនសង្ស័យដែលប្រឡាក់សុទ្ធតែឈាមលើផ្ទៃមុខផ្នែកខាងឆ្វេង និងដើមទ្រូង ត្រូវបានបង្ហោះលើគេហទំព័រហ្វ្រេស ញូស (Fresh News) នៅពេលរសៀល។ ជនេនះអះអាងថា ខ្លួនបានទិញកាំភ្លើងខ្លីមួយដើមខណៈនៅក្នុងប្រទេសថៃដើម្បីសម្លាប់លោក កែម ឡី រឿងជំពាក់លុយជាង១ឆ្នាំមិនព្រមសង។
នៅពេលសួរចម្លើយថា តើខ្លួនស្គាល់លោក កែម ឡី តាមវិធីណា ជននេះឆ្លើយថា “យើងធ្លាប់ស្គាល់ជួបគ្នា”។ ជននេះបាននិយាយអំពីប្រាក់៣.០០០ដុល្លារដែលខ្លួនអះអាងថាបានឲ្យទៅលោក កែម ឡី ខ្ចីថា “គាត់ខ្ចីយកជួយប្រជាជន”។
ទោះជាយ៉ាងណា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ២.០០០នាក់ដែលបានចេញទៅប្រមូលផ្ដុំជុំវិញស្ថានីយប្រេងឥន្ធនៈកើតហេតុកាលពីម្សិលមិញ មានអ្នកខ្លះបានបន្ទោសលោក ហ៊ុន សែន ចំពោះឃាតកម្មនេះ ហើយអ្នកខ្លះទៀតស្រែកថា “ខ្ញុំមិនជឿទេ”។
លោក មឿន តុលា ដែលជាមិត្ដិជិតស្និទ្ធរបស់លោក កែម ឡី និងដែលរូបលោកផ្ទាល់ក៏ជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) បានមានប្រសាសន៍នៅខាងក្រៅស្ថានីយប្រេងឥន្ធនៈកើតហេតុថា អ្នកដែលមានផែនការធ្វើឃាតលោក កែម ឡី ប្រាកដជាដឹងពីកន្លែងរកលោក។
លោកគូសបញ្ជាក់ថា “គាត់មកទីនេះរាល់ថ្ងៃដើម្បីពិសាកាហ្វេ និងជួបជុំគ្នា លើកលែងតែគាត់មានបេសកកម្មចុះទៅតាមខេត្ត” ហើយលោកបានច្រានចោលទស្សនៈដែលលើកឡើងថា មិត្ដរបស់លោកត្រូវបានបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសដោយសារជំពាក់បំណុលគេមិនព្រមសង។
លោកមានប្រសាសន៍ទៀតថា ”វាគួរឱ្យអស់សំណើច រឿងនេះពាក់ព័ន្ធបញ្ហានយោបាយ។ គាត់ជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់។ ទើបតែពីរថ្ងៃមុន គាត់បានឡើងវេទិកាវិទ្យុអាស៊ីសេរី ដើម្បីនិយាយអំពីរបាយការណ៍របស់អង្គការក្លូបល វីតណេស”។
របាយការណ៍ដែលរៀបរាប់អំពីភាគហ៊ុនយ៉ាងច្រើនរបស់គ្រួសារលោកហ៊ុន សែន បានរងការរិះគន់យ៉ាងខ្លាំងពីគ្រួសារលោកនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។លោក កែម ឡី បានលើកឡើងថា វាគឺជាស្ថានភាពដ៏អាក្រក់ ប៉ុន្តែ ថា លោក ហ៊ុន សែន មិនសូវជាព្រួយបារម្ភទេ។
លោកបានមានប្រសាសន៍តាមកម្មវិធីរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រថា “វាគឺជាជម្លោះផលប្រយោជន៍”។ លោកបានបន្ថែមថា របាយការណ៍នេះបង្ហាញពីរបៀបដែលគ្រួសាររបស់លោក ហ៊ុន សែន គ្រប់គ្រងទាំងស្រុងទាំងវិស័យឯកជន និងវិស័យសាធារណៈនៅក្នុងសង្គមកម្ពុជា។
លោកបានថ្លែងថា “ម្នាក់ជាអ្នកចុះហត្ថលេខា ម្នាក់ទៀតជាអ្នកអនុម័ត។ ប្រធានអង្គភាពប្រឆាំងពុករលួយបានរាយការណ៍ដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហើយប្រសិនបើខ្លួនរកឃើញថា សែស្រឡាយនេះស្ថិតក្នុងស្ថានភាពនេះ១០០ភាគរយ ច្បាស់ជាមិនហ៊ានសើុបអង្កេតទេ”។
បើទោះជាមានអ្នកខ្លះនៅក្នុងចំណោមមនុស្សយ៉ាងច្រើនបានអះអាងថា ការធ្វើឃាតនេះ ជាប់ពាក់ព័ន្ធរឿងនយោបាយ ដូចគ្នានឹងករណីឃាតកម្មជាច្រើនក្នុងពេលកន្លងមកក៏ដោយ តែលោក ហ៊ុន សែន បានចេញមុខថ្កោលទោសភ្លាមៗចំពោះអំពើឃាតកម្មនេះនៅលើទំព័រហ្វេសប៊ុករបស់លោក។
ដោយអំពាវនាវឲ្យមានការសើុបអង្កេតឲ្យបានហ្មត់ចត់ លោក ហ៊ុន សែន បានសរសេរថា “ខ្ញុំសូមចូលរួមមរណទុក្ខចំពោះមរណភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅដែល ខ្ញុំសូមថ្កោលទោសអំពើដ៏ព្រៃផ្សៃនេះ”។
ការខិតខំរបស់នគរបាលដើម្បីយកសពរបស់លោក កែម ឡី ចេញពីម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈត្រូវបានរារាំងម្តងហើយម្តងទៀតដោយក្រុមប្រជាពលរដ្ឋ ដោយសារមានការព្រួយបារម្ភខ្លាចក្រែងនគរបាលព្យាយាមលាក់បាំងហេតុការណ៍ដោយការព្យាយាមបិទទ្វារម៉ាត ហើយបន្ទាប់មកប្រញាប់ប្រញាល់ដឹកសពចេញទៅ។
ពេលរថយន្តសង្គ្រោះបន្ទាន់ដែលមានរូបសញ្ញាកាកបាទក្រហមកម្ពុជា ជាអង្គការដែលភរិយារបស់លោក ហ៊ុន សែន ធ្វើជាប្រធានបានមកដល់ មនុស្សជាច្រើនក្នុងចំណោមប្រជាពលរដ្ឋយ៉ាងច្រើនកកកុញបានស្រែកថា “វាជាឡានឃាតករ” ហើយបានទាមទាររួមគ្នាសែងដង្ហែសពរបស់អ្នកវិភាគនយោបាយរូបនេះទៅវត្ត។
ទាំងរថយន្តសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា និងរថយន្តសង្គ្រោះបន្ទាន់ឯកជនដាច់ដោយឡែកមួយទៀតដែលត្រូវក្រុមប្រជាពលរដ្ឋគប់ដបទឹកសុទ្ធិដាក់ សុទ្ធតែត្រូវបានរារាំងមិនឲ្យដឹកសពលោក កែម ឡី ចេញ ដោយប្រជាពលរដ្ឋបានកើនឡើងប្រហែល៥.០០០នាក់នៅពេលរសៀល។
ពេលអាជ្ញាធរអនុញ្ញាតឲ្យលើកសព លោក កែម ឡី ដាក់ចូលក្នុងរថយន្តដែលលោកបានជិះមកម៉ាតនេះ ប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់ផ្តើមរួមគ្នាយ៉ាងស្រុះដៃស្រុះជើង។ ដោយគ្របទង់ជាតិខ្មែរពីលើសពរបស់លោកត្រូវបានលើកដាក់ចូលបាំងខាងក្រោយនៃរថយន្តរបស់លោកនៅម៉ោងប្រហែល៣រសៀល ជាពេលចាប់ផ្តើមការដង្ហែសពរយៈពេលមួយម៉ោងតាមផ្លូវក្នុងរាជធានីភ្នំពេញទៅកាន់វត្តចាស់ ទីដែលសពរបស់លោកត្រូវបានលើកចុះពីរថយន្តហើយរោមជុំជិតដោយអ្នកកាន់ទុក្ខរហូតដល់ពេលល្ងាច។
លោក កែម ឡី បានស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៥ខែ និងកូនប្រុសចំនួន៤នាក់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកបានហៅពួកគេទាំងសេចក្តីក្លាហានឲ្យចូលរួមស្លៀកពាក់ខ្មៅ រួចថតរូបរួមគ្នាដើម្បីបង្ហាញការគាំទ្រដល់យុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ”ទាមទារឲ្យដោះលែងសកម្មជនដែលជាប់ពន្ធនាគារ។

លោក សួន ប៊ុនសាក់ អគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងដោយសារអ្នកអត្ថាធិប្បាយរូបេនះមាននាទីដ៏សំខាន់ក្នុងការពន្យល់រឿងរ៉ាវនៅពីក្រោយឧបាយកលទុច្ចរិតនៃនយោបាយនៅកម្ពុជាដែលជារឿយៗតែងតែធ្វើការអត្ថាធិប្បាយតាមវិទ្យុជួយធ្វើឲ្យបញ្ហាទាំងនេះបានជ្រួតជ្រាបដល់ប្រិយមិត្តអ្នកស្តាប់ទូទៅ។
លោកបានមានប្រសាសន៍ថា “វាគឺជាការបាត់បង់ធនធានមនុស្សនៅកម្ពុជា ព្រោះគាត់មានចំណេះដឹងនៅក្នុងការអត្ថាធិប្បាយអំពីដំណើរការទូទៅនៃនីតិរដ្ឋ ព្រមទាំងបញ្ហាសង្គមផ្សេងៗ”។
លោកបានបន្ថែមថា “យើងមិនងាយរកបានមនុស្សបែបនេះទេ…ដូច្នេះការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេង”។
លោក សួន ប៊ុនសាក់ បានលើកឡើងបន្ថែមថា លោកក៏ដូចលោក កែម ឡី ដែរ មិនខ្លាចការគំរាមជាយូរមកហើយក្នុងការតស៊ូមតិដើម្បីសិទ្ធិនៅកម្ពុជា ប៉ុន្តែ បាននិយាយបន្ទាប់ពីហេតុការណ៍ម្សិលមិញថា “ខ្ញុំសូមទទួលស្គាល់ថា ខ្ញុំមានការភ័យខ្លាច”។
លោក កែម ឡី មិនដែលខ្លាចក្នុងការរិះគន់ឥស្សរជននយោបាយទាំងសងខាងឡើយ ហើយតែងតែរងការរិះគន់ពីគណបក្សសង្គ្រោះជាតិ ដោយមានមន្ត្រីខ្លះលើកឡើងថា លោកកំពុងតែរៀបចំសម្រាប់ វិថីនយោបាយផ្ទាល់ខ្លួន តាមរយៈការរិះគន់គណបក្សនេះថា គ្មានជំហរប្រជាធិបតេយ្យពិតប្រាកដ។
ការមិនពេញចិត្តរបស់លោកចំពោះស្ថានភាពនយោបាយបែបនេះ បានធ្វើឲ្យអ្នកវិភាគរូបនេះដឹកនាំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីឆ្នាំមុន ជាការខិតខំដើម្បីដាក់ឲ្យគណបក្សនេះស្ថិតក្រោមការគ្រប់គ្រងរបស់សមាជិកខ្លួន មុនពេលចាកចេញវិញ ហើយវិលត្រឡប់មកធ្វើអត្ថាធិប្បាយពាក់ព័ន្ធនយោបាយ និងធ្វើដំណើរទូទាំងប្រទេសដើម្បីចូលរួមកិច្ចប្រជុំ និងធ្វើបាឋកថា។
ក្នុងចំណោមអ្នកវិភាគ លោក កែម ឡី ក៏មានទស្សនៈសុទិដ្ឋិនិយមបំផុតដែរ សម្រាប់អនាគតកម្ពុជា ដោយជារឿយៗបានរិះគន់លាយឡំជាមួយនឹងសារក្តីសង្ឃឹមលើជំនឿចិត្តនយោបាយដែលកើនឡើងក្នុងចំណោមសាធារណជនក្នុងសម័យអីុនធឺណិត។
ពេលសួរអំពីផលប៉ះពាល់នៃការដាក់ពន្ធនាគារអ្នករិះគន់គណបក្សប្រឆាំងប្រហែល២០នាក់កាលពីឆ្នាំមុនអំឡុងកិច្ចសម្ភាសមួយកាលពីខែឧសភា លោកបានឆ្លើយថា “ប្រជាពលរដ្ឋមានការភ័យខ្លាច១០ឆ្នាំមកហើយ ប៉ុន្តែប្រហែល៣ឆ្នាំមកនេះ ពួកគាត់ស៊ាំហើយ”។
លោកបានបន្ថែមថា “សូម្បីតែខ្ញុំ ក៏កាន់តែមានទំនុកចិត្តដែរនៅក្នុងការនិយាយស្តី និងរិះគន់ក្នុងលក្ខណៈត្រឹមត្រូវ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម និង គីម ចាន់)
© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
One of Hun Sen nepotism( one of Hun Sen group or could be Hun Sen himself ordered the assassination to Mr. Kem Ley) hired a sniper to assassinate Mr. Kem Ley after Mr. Kem Ley had analyzed on Global Witness report about Hun Sen nepotism Family Tree Business Empire. Mr. Kem Ley’s analyzing made the people and the world know about Hun Sen nepotism own and control 90% of Cambodian major business worth from 2 billions to 10 billion Dollar through power abuse, breaking the law, and extremely corruption
The gun man( sniper) captured by police not a real one; it’s a fake one
លោកកែម ឡី ដែលត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់នេះ ធ្លាប់បាននិយាយថា “ខ្ញុំអាចត្រូវគេបាញ់សម្លាប់ តែដរាបណាខ្ញុំ មានជីវិត គាត់នឹងនិយាយអ្វី ដែលអ្នកដ៏ទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញខ្ញុំមិនឲ្យនិយាយបានទេ”។ “ពេលខ្ញុំវិភាគម្តងៗខ្ញុំមិនដែលគិតថាខ្ញុំនៅមានជិវិតនោះទេ ព្រោះខ្ញុំដឹងហើយថា យើងរស់នៅក្នុងហ្វូងឆ្កែចចក ហ្វូងខ្លា ហ្វូងពស់វែក ហ្វូងក្រពើ តែខ្ញុំចង់ឲ្យពលរដ្ឋខ្មែរមានភាពក្លាហានឡើង បើយើងនៅតែខ្លាច គេនៅតែជិះជាន់យើង”។
I will always remember this for ever……… there will be a lot of KEM LEY will stand up and continuous to fitting again this evil of our nation. we are over sea can not take this any more we will do every thing to get justice for Cambodia hero Mr KEM LEY. we will make the whole world know how bad the current evil leader of Cambodia
ចូរមើលរូបភាព ក្នុងកាម៉េរ៉ា សុវត្ថិភាព ។