គ.ជ.ប កំពុង​ពិចារណា​លើ​សំណើ​សុំ​ឲ្យ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​សម្រាប់​កម្មករ

ដោយ ទីន ហ្សាការីយ៉ា
2016-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​បាត់​សិទ្ធិ​បោះ​ឆ្នោត ៦១០
ពលរដ្ឋ​ដែល​បាត់​សិទ្ធិ​បោះ​ឆ្នោត ផ្ដិត​មេ​ដៃ​ប្ដឹង​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Den Ayutheya


គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សុំ​ឲ្យ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈពេល​បី​ថ្ងៃ​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​រៀបចំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ឈប់​សម្រាក​នេះ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​កម្មករ និង​ពលករ​ដែល​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​គ្នា។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​ពិចារណា​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង សុំ​ឲ្យ គ..ប បន្ថែម​ថ្ងៃ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​កម្មករ និង​ពលករ​ខ្មែរ​នៅ​ថ្ងៃ​ឈប់​សម្រាក​ពិធី​ភ្ជុំ​បិណ្ឌ​ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ សីហា ថា គ..ប បាន​ទទួល​សំណើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​កំពុង​ពិចារណា​លើ​ការ​ស្នើសុំ​ឲ្យ​រៀបចំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ពិធី​ភ្ជុំ​បិណ្ឌ​នោះ។ លោក ហង្ស ពុទ្ធា ទទួល​ស្គាល់​ថា បើ​សិន​ជា គ..ប រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​សម្រាប់​កម្មករ និង​ពលករ​មែន​នោះ គឺ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​កើន​ឡើង ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ ចំ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុគ្គលិក​របស់ គ..ប ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ទៀត​ដែរ«ថ្ងៃ​៣០ និង​ថ្ងៃ​ទី​១ និង​ទី​២ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ហើយ​ជា​ថ្ងៃ​ដែល​បុគ្គលិក គ..ប ត្រូវ​ឈប់​ដោយ​ស្រប​ច្បាប់​ទៅ​ទៀត ព្រោះ​ថា​ក្នុង​រយៈពេល​បី​ខែ​នេះ ពួក​គាត់​គ្មាន​ថ្ងៃ​ឈប់​ទេ ទាំង​សៅរ៍ និង​អាទិត្យ។ អ៊ីចឹង​ទេ គ..ប កំពុង​ពិចារណា»

ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ គ..ប នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ស្នើសុំ​ទៅ គ..ប កាល​ពី​ថ្ងៃ​ទី​២ សីហា ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្ដីទី​គណបក្ស លោក កឹម សុខា សុំ​ឲ្យ គ..ប ពិនិត្យ​លទ្ធភាព​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​បន្ថែម​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ដាក់​លិខិត​ស្នើសុំ​ជួប​ថ្នាក់​ដឹកនាំ គ..ប ដោយ​ផ្ទាល់​ដាច់​ដោយឡែក​មួយ​ទៀត ដើម្បី​សុំ​ជជែក​គ្នា​អំពី​ការ​ស្នើសុំ​ចុះ​ឈ្មោះ​សម្រាប់​កម្មករ ពលករ និង​ពលរដ្ឋ​ទូទៅ នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ៖ «យើង​អាច​ឲ្យ​ការ​ឈប់​សម្រាក​ហ្នឹង​មួយ​ថ្ងៃ​ចំ​ថ្ងៃ​បុណ្យ​ធំ ឬ​ក៏​អាច​ឈប់​សម្រាក​ពេល​ព្រឹក ពេល​រសៀល​ធ្វើ​បាន ធម្មតា​ភ្ជុំ​បិណ្ឌ​យើង​ទៅ​វត្ត តែ​មួយ​ព្រឹក គឺ​ចប់​ហើយ»

លោក​បណ្ឌិត ហង្ស ពុទ្ធា ឆ្លើយ​តប​ថា គ..ប ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ និង​សាធារណជន​ចំពោះ​ការ​ស្នើសុំ​ជួប​ថ្នាក់​ដឹកនាំ គ..ប ដើម្បី​ជជែក​ពី​បញ្ហា​បោះឆ្នោត​នេះ។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ប្រសិន​បើ គ..ប រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ឈប់​សម្រាក​ភ្ជុំ​បិណ្ឌ ហើយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក គ..ប បន្ថែម​នោះ ក៏ គ..ប មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ថវិកា​ដែរ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី គាំទ្រ​ចំពោះ​ការ​ស្នើសុំ​របស់​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា ថ្ងៃ​ភ្ជុំ​បិណ្ឌ គឺ​ជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​កម្មករ​ក្នុង​ស្រុក និង​ពលករ​នៅ​បរទេស​មួយ​ចំនួន​ទៅ​លេង​ស្រុក​កំណើត ដូច្នេះ​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ ជា​រឿង​ល្អ​ប្រសើរ ដែល​កម្មករ​មិន​បាច់​ចំណាយ​ពេល និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​ច្រើន​ដង៖ «ពេល​ដែល​គាត់​ទៅ​ហ្នឹង​អំឡុង​ពេល​ភ្ជុំ​បិណ្ឌ គាត់​មាន​ឱកាស​ឈប់​សម្រាក​ផង និង​មាន​ឱកាស​ជួប​ជុំ​ឪពុក​ម្ដាយ​ផង និង​មាន​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ផង»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល​បី​ខែ ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា។ រីឯ​ពិធី​ភ្ជុំ​បិណ្ឌ​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ និង​ទី​២ ខែ​តុលា ឆ្នាំ​២០១៦។ បុគ្គលិក​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​មាន​ចំនួន ៧.២០០​នាក់​នៅ​ទូទាំង​ប្រទេស។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែ​សីហា ខាង​មុខ​ជា​ថ្ងៃ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។ ការ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​នេះ ក្នុង​គោល​បំណង​ផ្ដល់​ចំណេះ​ដឹង​ចាំបាច់​នានា​ដល់​អ្នក​សារព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ក្រៅ​ពី​ការ​ស្នើសុំ​ឲ្យ គ..ប រៀបចំ​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ភ្ជុំ​បិណ្ឌ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​ស្នើសុំ​ឲ្យ គ..ប រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន ពិសេស​នៅ​ព្រំដែន​កម្ពុជាថៃ ដើម្បី​ឲ្យ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​សិទ្ធិ​ចូល​មក​ចុះ​ឈ្មោះ​នៅ​តាម​ព្រំដែន​បាន ប៉ុន្តែ​ត្រូវ គ..ប បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គ.ជ.ប កំពុង​ពិចារណា​លើ​សំណើ​សុំ​ឲ្យ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​សម្រាប់​កម្មករ"

  1. Judge says:

    ការបោះឆ្នោត ជាការសំដែងពីសិទ្ធិ និងឆន្ទៈប្រជាពលរដ្ឋ អាស្រ័យហេតុនេះ សូម គ ជ ប មេត្តា សំរួលការលំបាកនេះ ទោះបី ចំថ្ងៃ ភ្ជុំបិណ្ឌ យ៉ាងហោចណាស់ ក៏ អនុញ្ញាតិឱយមាន ២ ថ្ងៃ សំរាប់ចុះឈ្មោះ ឯ១ថ្ងៃ សំរាប់បុគ្គលិក។
    ការធ្វើបែបនេះ គឺបង្ហាញពីឆន្ទៈ បំរើរាស្ត្រ តាមកាលៈទេសៈរាស្ត្រត្រូវការ ជាចំណែករួមក្និងប្រយោជន៏ជាតិ ក៏ដូចជា បង្ហាញពី ឆន្ទៈប្រជាធិបតេយ្យ ពិតប្រាកដ និងឆ្លើយតប នូវសិទ្ធ របស់រាស្ត្រសមរម្យ តាមរដ្ឋធម្មនុញ្ញចែងស្រាប់។
    សំនៀង