ដោយ ឡេង ម៉ាលី
2016-08-03
RFA

សាក្សី ជិន សារឿន អតីតយុទ្ធជនការពារព្រំដែនក្នុងកងវរសេនាធំលេខ ៥០២ និង ៩២០ នៅក្នុងអង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៦។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី៣ សីហា បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សី ជិន សារឿន ទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុងនៅខេត្តមណ្ឌលគិរី ភូមិភាគឦសាន។ សាក្សីរូបនេះអតីតជាកងចល័ត និងជាកងទ័ពការពារព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី នោះ។
សាក្សី ជិន សារឿន អតីតយុទ្ធជនការពារព្រំដែនក្នុងកងវរសេនាធំលេខ ៥០២ និង ៩២០ ជម្រាបអង្គជំនុំជម្រះអំពីការងារ និងហេតុការណ៍នានា នៅខេត្តមណ្ឌលគិរីនោះ។
លោកត្រូវបានអង្គជំនុំជម្រះសាលាដំបូងសួរដេញដោលអំពីហេតុការណ៍ចាប់ខ្លួនកម្មាភិបាល ដែលត្រូវបានអង្គការខ្មែរក្រហមចោទថា ជាអ្នកពាក់ព័ន្ធនឹងវៀតណាម។ ថ្វីបើលោកបដិសេធថា មិនបានដឹងអំពីការបោសសម្អាតផ្ទៃក្នុងកម្មាភិបាលនៅភូមិភាគឦសានក្ដី ក៏លោកថ្លែងថា មានករណីចោទប្រកាន់ និងចាប់មនុស្សនៅតំបន់នោះ។
លោក ជិន សារឿន បញ្ជាក់ថា ពលរដ្ឋនៅតំបន់លោក តែងតែភ័យខ្លាចពេលឃើញឡានលេខ ៥០២៖ «មិនថាមន្ត្រី មិនថាប្រជាជនទេ សំខាន់ប្រជាជន តែឃើញឡានហ្នឹងទៅហើយ គឺដឹងថាក្នុងភូមិឃុំស្រុកហ្នឹងមានបញ្ហាហើយ ព្រោះឡានហ្នឹង គឺទៅអត់សូវឮទេ។ បើចង់រត់ រត់អត់ទាន់ទេ។ គ្រាន់តែង៉ឺត ទៅដល់មុខផ្ទះតែម្ដង។ អ៊ីចឹង គឺគាត់ភ័យណាស់។ ចង់និយាយថា បើគាត់មានបញ្ហាអី គឺខ្លាចឡានហ្នឹងតែម្ដង។ ឡានហ្នឹង គឺទទួលបញ្ជាពីគណៈតំបន់ ឱ្យតែឡានហ្នឹងចេញទៅ គឺមានបញ្ហាត្រូវហៅបុគ្គលណាមានកំហុសអី គឺគេយកឡានហ្នឹងទៅហៅដល់ៗ ផ្ទះតែម្ដង។ អ៊ីចឹងហើយបានជាប្រជាជនគាត់ចេះតែខ្លាច»។
សាក្សីរូបនេះ ក៏ត្រូវបានអង្គជំនុំជម្រះសួរដេញដោលករណីកម្មាភិបាលឈ្មោះ ស្វាយ ដែលអង្គការចោទថា ជាអ្នកលាក់កងទ័ពវៀតណាម ១២នាក់ ក្បត់បដិវត្តន៍។ ប៉ុន្តែបដិសេធថា លោកមិនបានឃើញបញ្ហានោះផ្ទាល់ទេ លោកទទួលបានព័ត៌មាននេះ ពេលមេបញ្ជាការរបស់លោកប្រជុំប្រាប់។
សាក្សី ជិន សារឿន ថ្លែងថា ពេលលោកនៅក្នុងកងចល័ត លោក និងមនុស្សក្នុងកងជាមួយលោកត្រូវបានអង្គការបង្ខំឱ្យធ្វើការងារហួសកម្លាំងដោយផ្ដល់អាហារតិចតួច។ ទីបំផុត លោក និងយុវជនយុវនារី ១៥គូផ្សេងទៀត ត្រូវអង្គការបង្ខំឱ្យរៀបការរួមគ្នា ដើម្បីបង្កើនចំនួនពលរដ្ឋនៅក្នុងតំបន់នោះ។
លោកជម្រាបអង្គជំនុំជម្រះថា ទាំងពលរដ្ឋធម្មតា និងកម្មាភិបាលដែលរស់នៅក្នុងរបបខ្មែរក្រហមសុទ្ធតែភ័យខ្លាចដូចគ្នា៖ «ខ្ញុំសុំឧទាហរណ៍ថា ខ្ញុំកងទ័ពអ៊ីចឹង បើខ្ញុំផ្ដាច់ខ្លួនមកខាងរដ្ឋកម្ពុជា អ៊ីចឹង ប្រពន្ធកូនខាងក្រោយ គឺគេចាប់ដាក់ឃុំឃាំងទាំងអស់។ អាហ្នឹងគឺជាចំណុចមួយគួរឱ្យយើងចាប់អារម្មណ៍ ពិសេសខ្លួនខ្ញុំផ្ទាល់ ក៏ចាប់អារម្មណ៍បញ្ហានេះដែរ។ បើថាប្ដីខុសហើយ ប្រពន្ធអត់មានបញ្ហាអីទៅ គឺអត់អីទេ។ តែនេះគឺប្ដីខុស ប្រពន្ធកូនមានបញ្ហាហើយ»។
សាក្សីឱ្យដឹងដែរថា ទោះលោករស់នៅជាង ១០០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ក៏លោកធ្លាប់បានដឹង និងឮអំពីមន្ទីរសន្តិសុខឈ្មោះ ភ្នំក្រោល។ ប៉ុន្តែលោកមិនបានឃើញទេ។ ឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខភ្នំក្រោល ជាអង្គហេតុមួយដែលអង្គជំនុំជម្រះលើកមកជំនុំជម្រះដែរ ទាក់ទងនឹងការសម្លាប់រង្គាលជនជាតិភាគតិច ដោយអង្គការចោទថា ជាអ្នកជាប់ខ្សែនិន្នាការជាមួយវៀតណាម។
បន្ទាប់ពីការស្ដាប់សាក្សី ជិន សារឿន អង្គជំនុំជម្រះសាលាដំបូងសម្រេចផ្អាកសវនាការសម្រាប់សប្ដាហ៍នេះ ដោយសារនៅថ្ងៃព្រហស្បតិ៍ ទី៤ សីហា អង្គជំនុំជម្រះត្រូវប្រជុំរៀបចំកិច្ចដំណើរការសវនាការបន្តបន្ទាប់ទៅមុខទៀត។ ប្រធានអង្គជំនុំជម្រះ ចៅក្រម យ៉ា សុខន ប្រកាសថា សវនាការនឹងត្រូវលើកទៅបន្តនៅចន្ទ ទី៨ សីហា សប្ដាហ៍ក្រោយ ហើយសវនាការនោះ នឹងពិនិត្យលើឯកសារនានា ដែលភាគីពាក់ព័ន្ធក្នុងរឿងក្ដីដាក់ជូនអង្គជំនុំជម្រះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សីលាក់ឈ្មោះប្រាប់ថាក្រុមរបស់លោកជាអ្នកចាប់ប្រធានភូមិភាគពាយ័ព្យនិងគណៈតំបន់៥
- សាលាក្ដីខ្មែរក្រហមបន្តសវនាការស្ដាប់អ្នកជំនាញអំពីប្រព័ន្ធពន្ធនាគាររបស់របបខ្មែរក្រហម
- សាលាក្ដីខ្មែរក្រហមចាប់ផ្ដើមធ្វើសវនាការស្ដាប់សាក្សីលើអង្គហេតុបោសសម្អាតផ្ទៃក្នុងបក្ស
- សាលាក្ដីខ្មែរក្រហមនឹងបន្តសវនាការលើអង្គហេតុបោសសម្អាតផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា
- សេចក្ដីសង្ខេបសក្ខីកម្មរបស់ ឌុច អំពីការងារមន្ទីរស-២១
- សាក្សីនៅសាលាក្ដីខ្មែរក្រហមផ្ដល់សក្ខីកម្មអំពីការបោសសម្អាតផ្ទៃក្នុងនៅភូមិភាគបូព៌ា
- អតីតយោធាសុំឱ្យសាលាក្ដីខ្មែរក្រហមរកយុត្តិធម៌ឱ្យមិត្តរួមអាវុធដែលគេសម្លាប់
- សាក្សី ឌុច បន្តបដិសេធភស្តុតាងនៅមន្ទីរស-២១ខ្លះថាជាភស្តុតាងត្រូវបានគេបង្កើតឡើង
- ឌុច ថាអ្នកទោសឆ្លើយដាក់លោក ហេង សំរិន ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារ ប៉ុល ពត
- ឌុច ថាលោកនៅរស់ព្រោះតែបានលាក់ការណ៍សម្ងាត់