ពលរដ្ឋខ្លះព្រមានមិនបោះឆ្នោតឲ្យបក្សកាន់អំណាចបើមិនដោះស្រាយជម្លោះដីធ្លី

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០១៦​
http://vodhotnews.com

បញ្ហា​វិវាទដីធ្លី


អ្នកមានជម្លោះដីធ្លីរ៉ាំរៃ ព្រមានមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ប្រសិនបើមន្រ្តីរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឲ្យបានបង្កបង្កើនផលឡើងវិញទេនោះ។ ប្រជាពលរដ្ឋមកពីខេត្តកោះកុងប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃព្រហស្សតិ៍នេះបានប្រមូលផ្តុំគ្នាមុខរដ្ឋសភា ដើម្បីសុំឲ្យលោក ហេង សំរិន ជួយអន្តរាគមន៍លើជម្លោះដីធ្លីរបស់ពួកគេដែលបានអូសបន្លាយប្រហែល១០ឆ្នាំមកនេះ។

ពេលកំពុងតវ៉ានោះ ក្រុមពលរដ្ឋប្រកាសថាពួកគេនឹងមិនបោះឆ្នោតឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ប្រសិនបើជម្លោះដីធ្លីរបស់ពួកគេនៅតែបន្តអូសបន្លាយគ្មានដំណោះស្រាយ។

តំណាងប្រជាពលរដ្ឋអ្នកស្រី ណុំ វណ្ណារី អះអាងថាគ្រួសារអ្នកស្រីក៏ដូចពលរដ្ឋក្នុងសហគមន៍បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ ដោយសារជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន សែន។ តែអ្នកស្រីថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗនេះ ហាក់មិនយកចិត្តទុកដាក់លើពលរដ្ឋនោះទេ ដោយថាមានពលរដ្ឋជាច្រើនរយគ្រួសារក្នុងខេត្តកោះកុងត្រូវបានអ្នកមានលុយនិងមានអំណាចរំលោភយកដីធ្លីព្រមទាំងប្រើអំពើហិង្សា។

អ្នកស្រីបញ្ជាក់ថា៖ “បើសិនជាសម្តេច ហ៊ុន សែន មិនដោះស្រាយមុនពេលបោះឆ្នោតអាណត្តិទី៦នេះទេ ពួកយើងខ្ញុំប្តេជ្ញាចិត្តជាស្រេច នឹងឈប់បោះឆ្នោតឲ្យគាត់ហើយ”។

អ្នកស្រី ណុំ វណ្ណារី បន្ថែមថាពលរដ្ឋបានរកអន្តរាគមន៍តាំងពីអាជ្ញាធរថ្នាក់មូលដ្ឋានរហូតថ្នាក់ជាតិ រួមទាំងលោកនាយករដ្ឋមន្រ្តីផង មកដល់ពេលនេះជាង១០ឆ្នាំហើយមិនមានដំណោះស្រាយឡើយ។

អ្នកស្រីបានទាមទារឲ្យនាយករដ្ឋមន្រ្តីត្រូវដោះស្រាយជម្លោះដីធ្លីក្នុងខេត្តកោះកុងឲ្យបានមុនឆ្នាំ២០១៧ បើមិនដូច្នោះទេអ្នកស្រីថាគណបក្សកាន់អំណាចនឹងបាត់សន្លឹកឆ្នោត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ថារដ្ឋាភិបាលមានតួនាទីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមិនប្រកាន់បក្សពួកនោះទេ។ តែលោកថារដ្ឋាភិបាលក៏មិនចូលចិត្តឲ្យមានការគំរាមឬដាក់លក្ខខណ្ឌដែរ។

លោកបញ្ជាក់ថា៖ “ពួកហ្នឹងគេមិនដោះទេអញ្ចឹងនោះ បើនិយាយគំរាមអញ្ចឹង។ លោកនាយករដ្ឋមន្រ្តីមិនចូលចិត្តឲ្យអ្នកណាគំរាមគាត់ទេ។ ហិសៗៗ(សើច)កុំដាក់លក្ខខណ្ឌអញ្ចឹង បើសំណូមពរសុំសម្តេចជួយផង អាហ្នឹងបាន”។

អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត មាន ប្រសាសន៍ថា រដ្ឋាភិបាលកើតចេញពីរាស្រ្តស៊ីប្រាក់ខែរាស្រ្តី ត្រូវមានតួនាទីបំរើរាស្រ្តបើមិនដូច្នេះទេ ពលរដ្ឋមានសិទ្ធិមិនគាំទ្រ។ ហើយលោកថា ការលើកឡើងរបស់ប្រជាពលរដ្ឋនេះជាសារសំខាន់មួយសម្រាប់មន្រ្តីរដ្ឋាភិបាលត្រូវប្រញាប់ប្រញាល់ក្នុងដោះស្រាយបញ្ហាជូនពលរដ្ឋ។

លោកបញ្ជាក់ថា៖ “សម្តេចនាយករដ្ឋគាត់តែងតែរំលឹកដែរថា យើងជាមន្រ្តីជាអ្នកបំរើរបស់រាស្រ្ត មិនមែនរាស្រ្តជាខ្ញុំបំរើរបស់មន្រ្តីទេ ដូច្នេះមន្រ្តីទាំងអស់ហ្នឹងត្រូវខិតខំបំរើរាស្ត្រនិងដោះស្រាយបញ្ហារបស់ពួកគាត់(ពលរដ្ឋ)”។

ពលរដ្ឋឲ្យដឹងថា ពួកគេចំនួន១៤៧គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកស្រែអំបិលនិងឃុំមួយទៀតក្នុងស្រុកបុទុមសាគរខេត្តកោះកុងបានបាត់បង់ដីជិត៨០០ហិកតា ដោយសារមានជម្លោះជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន។ ជម្លោះដីធ្លីនេះបានកើតឡើងតាំងឆ្នាំ២០០៦ ពួកគេថានៅពេលពលរដ្ឋចេញតវ៉ាច្រើនដងតែត្រូវបានក្រុមហ៊ុនគំរាមកំហែងនិងថាក្រុមហ៊ុនបានបាញ់សត្វគោក្របីរបស់អ្នកភូមិដែលទៅស៊ីស្មៅក្បែរចំការក្រុមហ៊ុនព្រមទាំងបានឈូសបំផ្លាញដំណាំពលរដ្ឋទៀតផង។

ពលរដ្ឋថាការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ ដោយបាត់បង់មុខរប គ្មានដីធ្វើស្រែចំការ កូនៗបាត់បង់ការសិក្សារ និងពលរដ្ឋខ្លះត្រូវចំណាក់ស្រុកជាដើម៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles

2 Responses to "ពលរដ្ឋខ្លះព្រមានមិនបោះឆ្នោតឲ្យបក្សកាន់អំណាចបើមិនដោះស្រាយជម្លោះដីធ្លី"

  1. namrequire says:

    Becareful, Dont tread on CPP, regardless you all are not going to vote for CPP, the party have enough people to win 2018 election, not to mention half million of vietnamese pretend khmer, who on stand by to cast the ballot for CPP.

  2. xxx says:

    ប្រជាពលរដ្ឋមានជម្លោះដីធ្លី១០ឆ្នាំមកហើយ ដោយសុំអន្តរាគមន៍តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត និងមកដល់ពេលនេះ
    ថែមទៀត។ ដោយសារតែមិនមានឆន្ទៈជួយដោះស្រាយឲ្យពួកគាត់នឹងហើយ បានជាពួកគាត់នាំគ្នាមកដល់ទីនេះ ហើយក៏
    ដោយសារតែការអូសបន្លាយរហូតដល់១០ឆ្នាំមកហើយក៏នៅតែមិនព្រមដោះស្រាយជូនពួកគាត់នឹងហើយ ទើបពួកគាត់គ្មានជម្រើសបានជានិយាយថានិងលែងបោះឆ្នោតឲ្យទៀតហើយបើនៅតែមិនជួយដោះស្រាយនោះ (ហេតុអីបានជាថាពួក
    គាត់គម្រាមទៅវិញ) ចុះរយៈពេល១០ឆ្នាំកន្លងមកហើយ ម៉េចក៏មិនព្រមដោះស្រាយជូនពួកគាត់? ដល់គេនិយាយចឹងបែរ
    ជាថាគេគម្រាមយើងទៅវិញ។ រាស្ត្រគ្មានអំណាចនិយាយអីក៏ថានិយាយខុស ឯអ្នកមានអំណាចវិញនិយាយអីក៏សុទ្ធតែត្រូវ
    ១០០% ហេតុ???