ពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​វាយដំ​នៅ​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​អាជ្ញាធរ​មិន​ចាត់ការ​សំណុំរឿង

ដោយ​ សូត សុខប្រាថ្នា
2016-08-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផែនទី​ខេត្ត​កំពង់ធំ ៦២០
ផែនទី​ខេត្ត​កំពង់ធំ។ Photo: RFA


ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ចំពោះ​ករណី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​វាយដំ​លើ​ពួកគាត់​ឱ្យ​របួសធ្ងន់​កាល​ពី​ខែ​កក្កដា។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​សំណុំរឿង​របស់​ពួកគាត់​បាន​ដាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​តុលាការ​កាល​ពី​ខែ​កក្កដា ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

ក្រុម​គ្រួសារ​ជនរងគ្រោះ​ពីរ​នាក់​រស់​នៅ​ឃុំ​ទ្រៀល ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​លើ​សំណុំរឿង​ដែល​ពួកគាត់​អះអាង​ថា មន្ត្រី​ប៉ូលិស​រដ្ឋបាល​ឃុំ និង​បក្ខពួក បាន​វាយដំ​លើ​ពួកគាត់​កាលពី​ខែ​កក្កដា។ ការ​ស្នើ​សុំ​នេះ ក្រោយ​ពេល​ពួកគាត់​មិន​ទាន់​ទទួល​ដំណឹង​ណា​មួយ​ពី​អាជ្ញាធរ​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ឈូក ឃុំ​ទ្រៀល លោក ឌឹម វណ្ណៈ ឱ្យ​ដឹង​ថា អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ សំណុំរឿង​វាយដំ​រូប​គាត់​ពី​សំណាក់​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទ្រៀល នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ចាត់​វិធានការ។

លោក​បន្ត​ថា ក្រោយ​ពេល​ក្រុម​សមត្ថកិច្ច​វាយដំ​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​រហូត​ដាច់​ពោះវៀន​ទៀត​នោះ លោក​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ជា​ច្រើន​ថ្ងៃ ហើយ​សម្រេច​ចេញ​មក​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ដោយសារ​មិន​មាន​ថវិកា​គ្រប់គ្រាន់៖ «គេ​ឱ្យ​ខ្ញុំ​លើក​ដៃ ហើយ​វ៉ៃ​យកៗ ហើយ​គេ​ដាក់​ខ្នោះ​ខ្ញុំ ហើយ​វ៉ៃ​ថែម​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ក្រុម​គ្រួសារ​លោក ឌឹម វណ្ណៈ និង​គ្រួសារ​អ្នកស្រី ឆេង ហុន ដែល​មាន​កូន​ប្រុស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​វាយ​ដំ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ និង​ក្រោយ​មក​ពួកគេ​បាន​ដាក់​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​សាលាដំបូង​ខេត្ត​ទៀត​ផង។ ពួកគេ​បាន​ប្ដឹង​មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល គឺ​លោក គ្រី សារិទ្ធ និង​បក្ខពួក​ពី​បទ​បង្ក​របួស​ស្នាម ហើយ​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ព្រមទាំង​ទាមទារ​សំណង​ក្នុង​មួយ​គ្រួសារ​ជាង ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

​កាល​ពី​ពេល​កន្លង​ទៅ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទ្រៀល លោក គ្រី សារិទ្ធ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​បញ្ជាក់​ថា មិន​បាន​វាយដំ​ពលរដ្ឋ​ទាំង​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ម្នាក់​ធ្លាក់​ពី​របង​ផ្ទះ​ដោយ​ខ្លួន​ឯង។ ចំណែក​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​ពីរ​នាក់​នោះ ព្រោះ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​នៅ​ឃុំ​ជាប់​គ្នា ដោយ​ចោទ​ថា អ្នក​ទាំង​ពីរ​បាន​បង្ក​របួស​ស្នាម​ដល់​ពួកគេ។

​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។ យ៉ាង​នេះ​ក្តី កាលពី​ខែ​កក្កដា លោក​បញ្ជាក់​ថា ប្រសិនបើ​មាន​ពាក្យ​បណ្ដឹង អាជ្ញាធរ​នឹង​ចុះ​ស្រាវជ្រាវ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

បន្ថែម​ពី​នេះ បងប្រុស​លោក ឌឹម វណ្ណៈ គឺ​លោក ឌឹម វន្នី បញ្ជាក់​ថា មន្ត្រី​ស្នងការ​ខេត្ត​បាន​កោះហៅ​ពួកគាត់​ម្ដង កាល​ពី​ចុង​ខែ​កក្កដា ប៉ុន្តែ​ក្រោយ​មក​គ្មាន​ដំណឹង​ទៀត​ឡើយ។ លោក​ចង់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ករណី​នេះ ព្រោះ​ស្ថានភាព​ក្រុម​គ្រួសារ​លោក​កាន់តែ​ជួប​ការ​លំបាក ត្បិត​ប្អូន​របស់​គាត់​យក​ទៅ​ព្យាបាល​របួស​នៅ​រាជធានី​ភ្នំពេញ អស់​ប្រាក់​ជាង ៥​ពាន់​ដុល្លារ ហើយ​អាការៈ​ជនរងគ្រោះ​​នៅ​មិន​ទាន់​ជា​សះស្បើយ​ទេ៖ «ខ្ញុំ​សុំ​បន្ថែម​ត្រង់​ថា ឱ្យ​ដក​មេ​ប៉ុស្តិ៍​ហ្នឹង​ចោល​ទៅ ខ្ញុំ​ទារ​សំណង​គេ​ហើយ ចង់​ឱ្យ​ដក​គេ​ចោល​ទៀត»

ដោយឡែក​ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ឆេង ហុន ចេះ​តែ​បារម្ភ​ខ្លាច​អាជ្ញាធរ​ពាក់ព័ន្ធ​ទុក​សំណុំរឿង​ពួកគាត់​ចោល ស្រប​ពេល​កូន​អ្នកស្រី និង​ពលរដ្ឋ​មួយ​រូប​ទៀត​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ផង ស្រាប់តែ​សមត្ថកិច្ច​មក​វាយដំ​កូន​គាត់ និង​ធ្វើ​ឱ្យ​គ្រួសារ​អ្នកស្រី​ខូច​កិត្តិយស​ថែម​ទៀត។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​កំពង់ធំ លោក ឈួម រុណ មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ មន្ត្រី​ពាក់ព័ន្ធ​អាច​កំពុង​ចាត់​វិធានការ ប៉ុន្តែ​ពលរដ្ឋ​ចេះ​តែ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​ទុក​សំណុំរឿង​ពួកគាត់​ចោល។ លោក​បន្ត​ថា ប្រសិន​អាជ្ញាធរ​មិន​បាន​ចាត់ការ​តាម​ពាក្យ​បណ្ដឹង​របស់​ពួកគាត់ ពលរដ្ឋ​អាច​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ បន្ត​ទៀត​បាន។ លោក​យល់​ថា ប្រសិនបើ​រឿង​នេះ​អាជ្ញាធរ​មិន​ព្រម​ចាត់​វិធានការ គឺ​ប្រៀប​ដូចជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles