ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦ | ម៉ោង 4:15 PM
http://vodhotnews.com

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ និងម្ចាស់យានយន្តគ្មានពន្ធ និងរថយន្តចង្កូតស្ដាំ បង់ពន្ធជូនរដ្ឋឲ្យបានមុនថ្ងៃផុតកំណត់។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធនៅឡើយទេ។
អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យម្ចាស់អចលនទ្រព្យដែលពុំទាន់បំពេញកាតព្វកិច្ច ប្រញាប់ទៅបង់ពន្ធជូនរដ្ឋ ឲ្យបានមុនថ្ងៃផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ដោយស្ថាប័ននេះនិយាយថា ដើម្បីចៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នានៅថ្ងៃចុងក្រោយនោះ។
អាជ្ញាធរពន្ធដារបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើម្ចាស់អចលនទ្រព្យណាមិនបានបំពេញកាតព្វកិច្ចនេះទេ។
កាលពីថ្ងៃម្សិលមិញនេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋារករកម្ពុជា ក៏បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទ ឲ្យបង់ពន្ធជូនរដ្ឋ ឲ្យបានមុនកាលបរិច្នេទកំណត់។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាននិយាយថា រដ្ឋាភិបាលបានផ្ដល់ភាពអនុគ្រោះដល់ម្ចាស់យានយន្តគ្មានពន្ធ និងរថយន្តចង្កូតស្ដាំរួចមកហើយ។
ទោះជាយ៉ាងណា ស្ថាប័ននេះ បញ្ជាក់ថា ម្ចាស់យានយន្តគ្មានពន្ធមួយចំនួន នៅមិនតែបានទៅបង់ពន្ធអាករដល់រដ្ឋនៅឡើយ ខណៈដែលម្ចាស់រថយន្តចង្កូតស្ដាំដែលបានកក់ប្រាក់ពន្ធ ២០ភាគរយរួចហើយនោះ ក៏នៅតែមិនទាន់បង់ពន្ធអាករបង្គ្រប់នៅឡើយដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានព្រមានចាត់វិធានការទៅលើម្ចាស់រថយន្តទាំងពីរប្រភេទនេះ បន្ទាប់ពីកាលបរិច្ឆេទអនុគ្រោះផុតកំណត់។
កាលបរិច្នេទអនុគ្រោះសម្រាប់យានយន្តគ្មានពន្ធ នឹងត្រូវផុតកំណត់នៅចុងខែសីហានេះ ខណៈដែលភាពអនុគ្រោះដល់រថយន្តចង្កូតស្ដាំ នឹងផុតកំណត់នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ៕