ដោយ សេក បណ្ឌិត
2016-10-18
RFA

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចាប់ដៃជាមួយមន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ពេលអ្នកស្រីចូលរួមគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នាវត្តចាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth
![]()
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស៊ើបអង្កេតឲ្យបានស៊ីជម្រៅជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមសិទ្ធិមនុស្សសង្ឃឹមថា របាយការណ៍ដែលចេញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ រូបនេះនឹងឆ្លុះបញ្ចាំងពីការពិតនៃការរំលោភសិទ្ធិមនុស្ស ជាពិសេសទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា នឹងត្រូវបានដោះស្រាយដោយយុត្តិធម៌។
មន្ត្រីសិទ្ធិមនុស្សអះអាងថា ពួកគេមិនទាន់អាចជឿជាក់ការអះអាងរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងនេះ ជាមួយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលក្រសួងការបរទេសលើកឡើងថា អ្នកស្រីបាននិយាយពីភាពល្អប្រសើរនៃបរិយាកាសនៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិសារព័ត៌មាន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ បញ្ហាទាំងនេះជាការព្រួយបារម្ភរបស់អ្នកស្រី និងសហគមន៍អន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងស្ដីពីលទ្ធផលក្នុងជំនួបនោះ បានស្រង់ប្រសាសន៍លោក ប្រាក់ សុខុន ដែលជម្រាបទៅអ្នកស្រី រ៉ូណា ស្មីត ថា គេមិនគួរវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្ដោតតែទៅលើបញ្ហានយោបាយមួយមុខនោះទេ។ លោក ប្រាក់ សុខុន អះអាងទៀតថា កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន ដែលមានសេរីភាពសារព័ត៌មានល្អជាងគេ។
សេចក្ដីប្រកាសព័ត៌មានដដែលក៏បានដកស្រង់ប្រសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត ក្នុងកិច្ចសន្ទនានោះដែរថា អ្នកស្រីក៏បានទទួលស្គាល់ពីការរីកចម្រើនលើវិស័យផ្សេងៗជាច្រើននៅកម្ពុជា។
សេចក្ដីប្រកាសក្រសួងបន្តថា អ្នកស្រីក៏បានមើលឃើញដែរថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកស្ទួយស្តង់ដារសិទ្ធិមនុស្សរបស់ខ្លួនដោយបានស្ម័គ្រចិត្តទទួលយកនូវកាតព្វកិច្ច និងអនុសាសន៍ជាច្រើនក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ អ្នកស្រីចង់ឃើញកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត ទោះបីត្រូវប្រឈមមុខនឹងការទិតៀនយ៉ាងណាក្ដី។
អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកស្រី រ៉ូណា ស្មីត ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសបានទេ កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលទើបត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញ វាយឲ្យរបួសពេលចុះបំពេញការងារឃ្លាំមើលការគោរពសិទ្ធិមនុស្សកាលពីពេលថ្មីៗនេះ រិះគន់ថា ការលើកសរសើរគ្នា ឬទទួលស្គាល់ពីភាពល្អប្រសើរពីស្ថានភាពសិទ្ធិមនុស្សនៅពេលនេះ គឺមិនបានឆ្លុះបញ្ចាំងពីសភាពពិតជាក់ស្ដែងដែលពលរដ្ឋកំពុងជួបប្រទះនោះទេ។
លោកបន្តថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ទាំងសហគមន៍ជាតិ និងអន្តជាតិជាច្រើនបានមើលឃើញ និងមានក្តីបារម្ភរៀងខ្លួនៗថា លំហនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងធ្លាក់ចុះ និងរួមតូច ដូចជាករណីចាប់មន្ត្រីសិទ្ធិមនុស្ស សកម្មជនដីធ្លី បរិស្ថាន និងអ្នកនយោបាយ ដាក់ពន្ធនាគារ ព្រមទាំងគំរាមកំហែងពួកគេជាបន្តបន្ទាប់ ដោយប្រើប្រព័ន្ធតុលាការជាបង្អែក៖ «ជាពិសេសទិដ្ឋភាពនៃការគោរពសិទ្ធិមនុស្សហ្នឹងវាអត់ទាន់ពេញលេញ ដូចអ្វីដែលបានលើកឡើងនោះទេ ហើយរដ្ឋាភិបាលត្រូវតែទទួលស្គាល់នូវមតិរិះដើម្បីកែលំអស្ថានភាពសិទ្ធិមនុស្សនេះឲ្យល្អប្រសើរ។ អ្វីដែលសំខាន់ក្នុងការធានានូវការគោរពសិទ្ធិមនុស្សបាន គឺប្រព័ន្ធតុលាការឯករាជ្យ ធានាឲ្យមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ មិនទាន់ជឿជាក់លើលទ្ធផលនៃជំនួបប្រមុខការទូតទាំងពីរនេះនៅឡើយទេ ហើយរំពឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នឹងមានរបាយការណ៍ឯករាជ្យ និងសុក្រឹតមួយ ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់តំណាង ពិសេសរូបនេះនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
អ្នកឃ្លាំមើលបញ្ហាសង្គម លោកបណ្ឌិត មាស នី ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកថា ជំនួបផ្ទាល់មាត់អាចគេប្រើភាសាការទូតច្រើនជាង ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា និងដើម្បីរក្សាទំនាក់ទំនងល្អជាមួយគ្នាទៅថ្ងៃមុខទៀត ប៉ុន្តែធាតុពិតនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអំឡុងពេលនេះ លោកថា ស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ៖ «ខ្ញុំគិតថា នឹងមានរបាយការណ៍ផ្សេងគ្នារវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ពេលកំពុងនៅក្នុងប្រទេស និងពេលគាត់ចេញទៅដល់ការិយាល័យរបស់គាត់នៅសហរដ្ឋអាមេរិកវិញ យើងនៅមើលដល់ពេលនោះសិនជឿថា នឹងអាចអីប្រែប្រួលខ្លះជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា»។
តាមគម្រោង អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា នេះ ដើម្បីបង្ហាញពីលទ្ធផលជាសាធារណៈស្ដីពីដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជា។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា។ អ្នកស្រីបានស្នាក់នៅកម្ពុជា រយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត មកកម្ពុជា ជាទស្សនកិច្ចផ្លូវការក្នុងអាណត្តិការងាររបស់អ្នកស្រី ដើម្បីពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្ស និងតាមដានការអនុវត្តអនុសាសន៍ដែលអ្នកស្រីដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ការកែលំអស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានប្រសើរឡើង។
ប្រធានបទសម្រាប់ដំណើរទស្សនកិច្ចមកកម្ពុជា លើកនេះ គឺអ្នកស្រីនឹងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ដូចជាស្ថានភាពនយោបាយ និងទិដ្ឋភាពផ្សេងៗនៃការរើសអើង។ អ្នកស្រីក៏នឹងវាយតម្លៃអំពីសិទ្ធិរបស់ក្រុមជនភាគតិច និងក្រុមជនទន់ខ្សោយនៅកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មន្ត្រីអ.ស.ប អ្នកស្រី រ៉ូណា ស្មីត ទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី
-
អ្នកស្រី រ៉ូណា ស្មីត ចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប
-
អ្នកស្រី រ៉ូណា ស្មីត លើកបញ្ហាមណ្ឌលព្រៃស្ពឺពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
-
លោក កែវ រ៉េមី ថាអ្នកស្រី រ៉ូណា ស្មីត មិនបានលើកករណីវាយដំលោក អំ សំអាត ក្នុងកិច្ចប្រជុំ
-
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត មកដល់ប្រទេសកម្ពុជា
-
សម្ភាសអ្នកស្រី រ៉ូណា ស្មីត អំពីស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា
-
មន្ត្រីអ.ស.ប៖ ស្ថានការណ៍នយោបាយនៅកម្ពុជាជិតដល់ចំណុចគ្រោះថ្នាក់
-
អាជ្ញាធរខេត្តស្ទឹងត្រែងសន្យាថានឹងពិចារណាសំណើសុំរបស់អ្នករាយការណ៍អ.ស.ប
-
អ្នករាយការណ៍អ.ស.បជួបសង្គមស៊ីវិលពិភាក្សាពីបញ្ហារំលោភសិទ្ធិជនជាតិដើមភាគតិច
-
អ្នករាយការណ៍អ.ស.បស្នើអភិបាលខេត្តស្ទឹងត្រែងឲ្យគោរពសិទ្ធិជនជាតិដើមភាគតិច