ដោយអញ្ជើញបុគ្គលិកទូរទស្សន៍មួយ ក្រុមឲ្យចូលទៅក្នុងបន្ទប់របស់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានទទួលស្គាល់ថា លោកគិតថា គណបក្សសង្គ្រោះ ជាតិនឹងមានស្ថានភាពប្រសើរឡើងប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។

ប៉ុន្មានថ្ងៃក្រោយមកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៅក្នុងគណបក្សនេះបានបន្តរិះគន់ចំពោះបំណងវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តាមរយៈគេហទំព័របណ្តាញទំនាក់ទំនងសង្គមទ្វីតធើ។
បន្ទាប់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីថ្ងៃច័ន្ទថា មន្ត្រីរបស់គណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានបដិសេធសំណើដែលលោក សម រង្ស៊ី សុំជាប់ពន្ធនាគារជំនួសពួកគេជាថ្នូរនឹងការដោះលែងពួកគេមកវិញនោះ កញ្ញា កឹម មនោវិទ្យា ជា បានសរសេរថា បំណងនេះគ្មានភាពស្មោះត្រង់ទេ។
កញ្ញាបានសរសេរក្នុងទំព័រទ្វីតធើកាលពីម្សិលមិញអមដោយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា “មានមនុស្សមើលទូរទស្សន៍ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោកមើលទៅគួរទុកចិត្តបានផង”។
ដោយឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយក្នុងទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ដែលលោក សម រង្ស៊ី រិះគន់ប្រទេសចិនថា បានលើកទឹកចិត្តចំពោះទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីនោះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា ការលើកឡើងរបស់លោក សម រង្ស៊ី ប្រាស់ចាកពីមាគ៌ាបក្ស។
ដោយគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិតែងតែប្រកាន់ជំហរមិត្តភាពចិននោះ កញ្ញាបានសរសេរសារនៅលើទំព័រទ្វីតធើកាលពីថ្ងៃច័ន្ទ អមដោយអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ថា “ជំហរផ្លូវការរបស់គណបក្សសង្គ្រោះជាតិយកអត្ថប្រយោជន៍របស់ប្រទេសកម្ពុជា និងស្ថិរភាពក្នុងតំបន់ជាអាទិភាព មិនមែនជំហរគ្មានគោលដៅជាក់លាក់ដែលផ្អែកលើទ្រឹស្តីមិនច្បាស់លាស់ ឬអារម្មណ៍មួរម៉ៅរបស់នរណាម្នាក់ឡើយ”។
ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់គណបក្សសង្គ្រោះជាតិនោះ កញ្ញា កឹម មនោវិទ្យា តែងតែលើកឡើងថា ភាពជោគជ័យរបស់គណបក្សកើតមានឡើងតាមរយៈការរួបរួមសាមគ្គីគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ។
ពេលសួរតាមសារអេឡិចត្រូនិកថា តើកញ្ញាមានការព្រួយបារម្ភថា លោក សម រង្ស៊ី កំពុងធ្វើឲ្យប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិដែរ ឬទេ កញ្ញា កឹម មនោវិទ្យា បានឆ្លើយតបថា “ល្ខោននៅមិនទាន់ចប់ទេ វាមិនមែនជារឿង Peter Pan នោះឡើយ”។
កញ្ញាបានបន្ថែមថា “គោលដៅចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺត្រូវធ្វើឲ្យមានការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាននៅទីនេះ ហើយគោលដៅនោះអាចសម្រេចទៅបានតាមរយៈការមានក្រុមដ៏ស័ក្តិសម និងគំនិតដ៏ស័ក្តិសម”។កញ្ញាបានបដិសេធមិនឆ្លើយសំណួរបន្ថែមឡើយ។
នៅក្នុងកិច្ចសម្ភាសមួយផ្សាយតាមបណ្តាញសារព័ត៌មាន Channel News Asia កាលពីសប្តាហ៍មុនលោក កឹម សុខា បានលើកឡើងជាសាធារណៈជាលើកដំបូងថា លោកមិនឯកភាពចំពោះការសម្រេចរបស់លោក សម រង្ស៊ីដែលនៅតែនិរទេសខ្លួនដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពីរឆ្នាំនោះឡើយ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើលោក សម រង្ស៊ី វិលមកធ្វើការជាមួួយខ្ញុំវិញ វាប្រសើរជាងខ្ញុំនៅម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើគាត់សម្រេចមិនត្រឡប់មកវិញទេ យើងនៅតែអាចដឹកនាំគណបក្សដោយគ្មានគាត់បានដដែល”។
ពេលសួរកាលពីសប្តាហ៍មុនពាក់ព័ន្ធនឹងការលើកឡើងនេះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែមានដំណើរការដូចធម្មតា ដូចមុនការបោះឆ្នោតឆ្នាំ២០១៣ដែរ ទោះគ្មានលោក សម រង្ស៊ី ក៏ដោយ។
កញ្ញាបានសរសេរថា “សមាជិកគ្រប់រូបមានតួនាទីបំពេញរៀងៗខ្លួន ការខំពុះពារនៅទីនេះ ហេតុដូច្នេះបើយើងមានមនុស្សកាន់តែច្រើននៅទីនេះ វាកាន់តែប្រសើរ”។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនឯងដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។ ពីមុនលោកធ្លាប់បានសន្យាវិលត្រឡប់មកកម្ពុជាវិញនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មិនថា លោកប្រឈមនឹងការចាប់ខ្លួននោះឡើយ។
លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា វាជាសិទ្ធិរបស់សមាជិកគ្រប់ៗរូបក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។
លោកស្រីបានមានប្រសាសន៍ថា “យើងជាគណបក្សប្រជាធិបតេយ្យ។ កញ្ញាមានគំនិតផ្ទាល់ខ្លួនរបស់កញ្ញា ខ្ញុំមានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែគោលនយោបាយបក្សគឺជាយុទ្ធសាស្ត្រ”៕ស៊ុយឈាង
© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
Kem Monovithyia is too young in politics. She does not understand about politics and does not know how to speak politically and diplomatically. It is unfortunate for the CNRP to have such a standing committee who always spoke out of the party line. She is too idiot. Her spoken words did not bring advantages to the CNRP.
I hope Monovityia will understand a lot better about what to say. Hope she won’t damage reputation of CNRP any further. Sam Rainsy is a clean man and has much better political views than Kem Sokha and Kem Monovityia.
Please unite the party and not divide it.
លោកសម រង្សីនឹងលោកកឹម សុខាត្រូវតែនៅជាមួយគ្នារួមសាមគ្គីគ្នាដើម្បីប្រទេសជាតិ។លោកទាំងពីរមិនអាចអត់នរណាម្នាក់បានឡើយ ប្រជាជនខ្មែរប្រទេសខ្មែរពិតជាត្រូវការលោកទាំងពីរ ចំពោះកញ្ញាមនោវិទ្យាបើនាងមិននិយាយក៏គេមិនថានាងគរដែរ។
One bad fish spoils the whole basket. Momovityia can be a bad fish and smells fishy. Will it be a coup take place within the party? She should have learned about FUNCIPEC past history.