ដោយ ហ៊ុំ ចំរើន
2016-10-19
RFA

ទីតាំងក្រុមហ៊ុន លឹម សេង ធ្វើអាជីវកម្មថ្មនៅភ្នំធំ ឃុំប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ RFA/Hum Chamroeun
![]()
ប្រជាពលរដ្ឋរស់នៅជាប់ចង្កេះភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រួយបារម្ភជាខ្លាំងខ្លាចក្រែងថ្មភ្នំនេះបាក់ធ្លាក់សង្កត់មនុស្សស្លាប់ ប្រសិនបើក្រុមហ៊ុននៅតែធ្វើអាជីវកម្មថ្មបន្តទៀត។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីថ្មភ្នំធំបាក់សង្កត់មនុស្សចំនួន ៣នាក់កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនធ្វើអាជីវកម្មវាយកម្ទេចថ្មឈ្មោះ លឹម សេង ដែលថ្មបាក់សង្កត់មនុស្សស្លាប់កាលពីថ្ងៃរសៀលថ្ងៃទី១៦ តុលា នោះ នៅមិនទាន់ដំណើរការឡើងវិញនៅឡើយទេ នៅព្រឹកថ្ងៃទី១៨ តុលា។ ចំណែកឧបករណ៍គ្រឿងចក្រ និងបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុននេះ នៅប្រចាំការទីតាំងដើមនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់នោះ ព្រួយបារម្ភខ្លាចក្រុមហ៊ុន លឹម សេង បន្តអាជីវកម្មរបស់ខ្លួនទៅមុខទៀតនាំឲ្យហិនហោចភ្នំ ហើយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។
ពលរដ្ឋម្នាក់រស់នៅចង្កេះភ្នំធំចម្ងាយប្រមាណ ១០០ម៉ែត្រពីទីតាំងដែលថ្មបាក់សង្កត់មនុស្សស្លាប់នៅឃុំប្រាសាទ ស្រុកមង្គលបូរី លោក ទិត ង៉ូយ ពាក់អាវដៃខ្លីឈរបែរមុខទៅរកភ្នំខាងមុខផ្ទះ ផ្ដល់សម្ភាសថា កាលពីរសៀលថ្ងៃទី១៦ តុលា ដែលថ្មបាក់សង្កត់មនុស្សស្លាប់នោះ លោកអង្គុយនៅក្នុងផ្ទះ ស្រាប់តែឮសំឡេងបាក់ភ្នំលាន់ដូចរន្ទះបាញ់ពីចំណុចកើតហេតុ។ លោកអះអាងថា សំឡេងដែលលាន់ដូចគេបាញ់កាំភ្លើងធំនោះ ឮខុសប្លែកពីធម្មតា ហើយធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅជុំវិញនោះរត់ទៅមើលយ៉ាងច្រើនកកកុញ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំនៅតំបន់នោះបន្តទៀត៖ «ផ្ទះខ្ញុំអី ចង់ប្រេះអស់ហើយដោយសារគេវាយកម្ទេចថ្មលក់ ហើយមានពេលខ្លះនាំគ្នារត់ចេញពីផ្ទះក៏មានដែរ។ លើកនេះបាក់ខ្លាំងណាស់ ខ្ញុំនៅក្នុងផ្ទះទេ តែអង្គុយមើលទៅឃើញថ្មបាក់ធ្លាក់មកក្រោមគួរឲ្យខ្លាច»។
រីឯប៉ូលិសយាមឲ្យក្រុមហ៊ុន លឹម សេង ធ្វើអាជីវកម្មថ្មភ្នំ គឺលោក អ៊ុក អាន ឈរនៅខាងមុខរោងការដ្ឋានកិនថ្ម ពាក់ម៉ាស់ពណ៌ខៀវ បែរមុខទៅរកភ្នំ មានប្រសាសន៍ថា ថ្មធ្លាក់សង្កត់ខូចអេស្កាវាទ័រចំនួន ២គ្រឿង និងមនុស្សស្លាប់ចំនួន ៣នាក់ រួមមានលោក លឹម ប៊ុនឡុង អាយុ ២៦ឆ្នាំ លោក ហែម គឹមឡេង អាយុ ៥២ឆ្នាំ និងលោក ថន រដ្ឋា អាយុ ៣៦ឆ្នាំ ដែលអ្នកទាំង ៣នាក់កំពុងធ្វើការនៅកន្លែងកើតហេតុនៅភូមិភ្នំធំត្បូង ឃុំប្រាសាទ ស្រុកមង្គលបូរី កាលពីរសៀលថ្ងៃទី១៦ តុលា៖ «ពេលដែលថ្មបាក់នោះ អ្នកនៅធ្វើការគាត់កំពុងតែកាយថ្មដាក់ឡានធម្មតា ស្រាប់តែបាក់ថ្មមកតែម្ដង ហើយថ្មកប់អេស្កាវាទ័រជិតសឹងតែមើលមិនឃើញ»។
ទាក់ទងនឹងបញ្ហានេះ តំណាងក្រុមហ៊ុន លឹម សេង ធ្វើអាជីវកម្មថ្មភ្នំ លោក ជា គឹមហេង ផ្ដល់បទសម្ភាសន៍ថា ថ្មបាក់សង្កត់មនុស្សស្លាប់នេះ កើតឡើងដោយចៃដន្យដោយពុំមានបុគ្គលិកណាទៅវាយបំបែកថ្មនោះទេ។ លោកអះអាងថា ខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវរាល់ការចំណាយថវិកាទាំងអស់ សម្រាប់ធ្វើបុណ្យសពជូនសាច់ញាតិ។ ទោះយ៉ាងនេះក្ដី លោកថាខាងក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញថ្ងៃណាច្បាស់លាស់នៅឡើយទេ៖ «គាត់នៅធ្វើការខាងលើម្នាក់ និងខាងក្រោមម្នាក់ ហើយគាត់បបួលពូគាត់ឡើងទៅលេងម្នាក់ទៀត ដើម្បីឲ្យបានគ្នាច្រើន។ ហើយគាត់ក៏ឡើងទៅជាមួយក្មួយ ក៏ជួបបញ្ហានេះតែម្ដង»។
សាកសពជនរងគ្រោះទាំង ៣នាក់ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យហើយ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមព្រះពុទ្ធសាសនានៅផ្ទះនៃសព ឋិតនៅភូមិភ្នំធំត្បូង ឃុំប្រាសាទ។ សាច់ញាតិនៃសពមិនដាក់ពាក្យប្ដឹងជុំវិញករណីនេះទេ ក្រោមហេតុផលធ្លាប់រស់នៅ និងមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះច្រើនឆ្នាំ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំ លឹម សេង មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកអះអាងថា ករណីនេះខាងក្រសួងបានបញ្ជាឲ្យក្រុមហ៊ុនមួយនេះផ្អាកធ្វើអាជីវកម្មមួយរយៈ ដើម្បីទុកពេលឲ្យគណៈកម្មការរបស់ក្រសួងចុះត្រួតពិនិត្យដល់ទីកន្លែងរួចរាល់សិន ប៉ុន្តែការដាក់ពិន័យ ឬដកអាជ្ញាប័ណ្ណបញ្ឈប់ឲ្យធ្វើអាជីវកម្មយ៉ាងណានោះ គឺលោកពុំទាន់ហ៊ានសម្រេចថាយ៉ាងណានៅឡើយ៖ «ការពិតគាត់ធ្វើមានថ្នាក់ត្រូវរបស់ពួកគាត់ ប៉ុន្តែសន្ទះថ្មមានជម្រាលខ្លាំង ហើយសន្ទះស្ដើង ដល់អ៊ីចឹងវាធ្វើឲ្យស្រទាប់ថ្មវាងាយនឹងរអិលតែម្ដង»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា មូលហេតុដែលថ្មភ្នំបាក់សង្កត់មនុស្សស្លាប់នេះ គឺជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធដែលមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ អំពីហានិភ័យបង្កគ្រោះថ្នាក់អាយុជីវិតមនុស្សឲ្យបានត្រឹមត្រូវ។ លោកអះអាងថា ករណីនេះខាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនអាចប្រកែកបានឡើយ៖ «អ៊ីចឹងត្រូវមានអ្នកទទួលខុសត្រូវ ដោយមិនមែនគ្រាន់តែយកលុយទៅបុណ្យ ហើយចប់រឿងនេះទេ។ ចំណែកមន្ត្រីទាំងអស់នោះក៏ត្រូវដកតំណែងចេញ ហើយផ្ដន្ទាទោសទៅតាមច្បាប់ដែលបានចែង»។
បច្ចុប្បន្ន ក្រុមហ៊ុនធ្វើអាជីវកម្មថ្មនៅភ្នំធំ ស្រុកមង្គលបូរី ដែលមានច្បាប់អនុញ្ញាតមាន ៤ក្រុមហ៊ុនធំៗ រួមមានក្រុមហ៊ុន អិត លឿ ក្រុមហ៊ុន គោ ណៃ ក្រុមហ៊ុន នុក ទូច និងក្រុមហ៊ុន លឹម សេង។
លោក ស៊ុំ ច័ន្ទគា អះអាងថា ក្រៅអំពីក្រុមហ៊ុនអាជីវកម្មកិនថ្មនៅស្រុកមង្គលបូរី នៅមានទីតាំងជាច្រើនកន្លែងទៀតមានជាអាទិ៍ ភ្នំនៅក្រុងសិរីសោភ័ណ និងភ្នំមួយចំនួនក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាដើម ក៏ប្រឈមមុខនឹងគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហគមន៍នៅខេត្ត៥ជួបជុំគ្នាចែករំលែកបទពិសោធន៍តស៊ូមតិលើកិច្ចការពារធនធានធម្មជាតិ
-
អភិបាលខេត្តព្រះសីហនុជំរុញការងារអភិវឌ្ឍន៍តំបន់ឆ្នេរត្រៀមធ្វើម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំនេះ
-
អ្នកជំនាញបរិស្ថានអំពាវនាវឲ្យអ្នកពាក់ព័ន្ធគិតគូរបញ្ហាបរិស្ថានតាមដងទន្លេមេគង្គ
-
យុវជនតំបន់ទន្លេមេគង្គ៥០នាក់សិក្សាពីដំណោះស្រាយបញ្ហាផ្នែកទឹកដោយប្រើបច្ចេកវិទ្យា
-
សហគមន៍តំបន់ការពារធម្មជាតិគ្រោងដាំកូនឈើដើម្បីស្ដារព្រៃឈើដែលរងការកាប់បំផ្លាញ
-
អ្នកភូមិក្រងស្វាយត្អូញត្អែរពីទឹកព្រែកប្រែជាកខ្វក់នៅពេលអាជ្ញាធរបិទទឹកសង់ទ្វារទឹក
-
សង្គមស៊ីវិលគាំទ្រក្រសួងបរិស្ថានដាក់តំបន់ការពារធម្មជាតិ៣បន្ថែមទៀតជាតំបន់អភិរក្ស
-
អណ្ដើកហ្លួងជាង២០០ក្បាលត្រូវបាននាំយកទៅអភិរក្សនៅខេត្តកោះកុង
-
សង្គមស៊ីវិលផលិតស្នាដៃសិល្បៈចំនួន៥បង្ហាញពីកិត្តិសព្ទព្រៃឡង់
-
សកម្មភាពជួសជុលគ្រឿងម៉ាស៊ីននិងបញ្ចូលអាគុយនៅបន្តកើតមានលើផ្ទៃបឹងទន្លេសាប