ដោយ តាំង សារ៉ាដា
2016-10-19
RFA

កងកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណៈដែលតំណាងរាស្ត្រគណបក្សនេះត្រៀមហែញត្តិចេញទៅថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Leng Maly
![]()
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិក្នុងតំបន់អាស៊ីចំនួន ៤០ស្ថាប័ន នៅថ្ងៃពុធ ទី១៩ តុលា នេះ ទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធានាឲ្យបានពេញលេញចំពោះដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។
អង្គការទាំងនេះរួមមាន គណៈកម្មាធិការអាស៊ីភាគអាគ្នេយ៍ដើម្បីការតស៊ូមតិ (SEACA) អង្គការសាមគ្គីពលរដ្ឋដើម្បីការចូលរួមលទ្ធិប្រជាធិបតេយ្យនៃប្រទេសកូរ៉េខាងត្បូង (PSPD) អង្គការស្ត្រីវៀតណាម ដើម្បីសិទ្ធិមនុស្ស (VNWHR) និងអង្គការចំនួន ៣៧ស្ថាប័នទៀត ក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនៃវិបត្តិនយោបាយនៅកម្ពុជា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះ។
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិក្នុងតំបន់អាស៊ីទាំងនេះកត់សម្គាល់ឃើញថា មានការកើនឡើងការរំលោភបំពាននៃគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈកម្ពុជា កំពុងដំណើរការបោះឆ្នោតឃុំ–សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ។ ជាងនេះទៅទៀត រដ្ឋាភិបាលកាន់តែបង្កើនការរឹតត្បិតក្រុមអ្នកហ៊ានរិះគន់រដ្ឋាភិបាល ដែលរហូតមកទល់ពេលនេះ សមត្ថកិច្ចទីក្រុងភ្នំពេញនៅតែបន្តឃុំខ្លួនអ្នកទោសមនសិការជាច្រើននាក់ក្នុងពន្ធនាគារ។
លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជា ក៏បានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ក្រុមមេដឹកនាំបក្សប្រឆាំង ដូចជាករណីលោក សម រង្ស៊ី និងលោក កឹម សុខា។
ក្រៅពីមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់ក្រុមបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលទាំងនេះ កម្ពុជា ក៏ល្បីផងដែរខាងការបាញ់សម្លាប់អ្នកហ៊ានរិះគន់ចំៗដល់គោលនយោបាយរបស់រដ្ឋាភិបាល បញ្ហាបរិស្ថាន និងបញ្ហាប្រាក់ខែរបស់កម្មករ។
អង្គការសង្គមស៊ីវិលទាំងនោះចង់យកខួប ២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំនេះ ជាឱកាសមួយសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ដើម្បីអំពាវនាវឲ្យបណ្ដាប្រទេសម្ចាស់ហត្ថលេខីទាំងនោះ ធ្វើយ៉ាងណាខិតខំសាជាថ្មី ដើម្បីបំពេញភាពប្ដេជ្ញាចិត្តរបស់ខ្លួនឲ្យទទួលបានសន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដមួយសម្រាប់កម្ពុជា ពេលអនាគត។
អង្គការទាំងនេះផ្តល់អនុសាសន៍ថា ការបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសំឡេងអ្នកហ៊ានរិះគន់ នឹងនាំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
លោក កែវ រ៉េមី ថារដ្ឋាភិបាលគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន
-
របាយការណ៍៖ ប្រាក់វិនិយោគធនាគារពិភពលោកពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
-
អាដហុកខេត្តព្រះវិហារចោទអាជ្ញាធរស្រុកថារារាំងមិនឲ្យបើកវគ្គផ្សព្វផ្សាយស្ដីពីសិទ្ធិមនុស្ស
-
មតិជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្សកម្ពុជានិងអ.ស.ប
-
អង្គការសហប្រជាជាតិលើកឡើងពីយន្តការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី
-
តំណាងពិសេសក្រសួងការបរទេសអាមេរិកនឹងពិភាក្សាបញ្ហាសិទ្ធិមនុស្សជាមួយមន្ត្រីកម្ពុជា
-
“ខ្មែរកម្ពុជាក្រោមខ្លះមិនទទួលបានសិទ្ធិពេញលេញដើម្បីរស់នៅកម្ពុជា”
-
អ្នករាយការណ៍ពិសេសរបស់អ.ស.បបារម្ភពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិនិងប្រមូលផ្តុំ
-
សង្គមស៊ីវិលបង្កើតកិច្ចពិគ្រោះយោបល់ស្ដីពីការលើកស្ទួយសិទ្ធិមនុស្សនិងបញ្ហាប្រឈម
-
“ជម្លោះដីធ្លីកំពុងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ស្ត្រី”