ដោយ រដ្ឋា វិសាល
2016-11-02
RFA

១៣-មករា-២០១៦៖ ឈើមូលដែលគេកាប់រំលំនាឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបភាពសហគមន៍
![]()
សហគមន៍តំបន់ការពារធម្មជាតិអូរតាបូក ឋិតក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី រកឃើញបទល្មើសកាប់ឈើប្រណិតមានតម្លៃជាថ្មីទៀតក្នុងព្រៃអភិរក្ស គ្រាដែលសហគមន៍នាំគ្នាដើរល្បាតព្រៃឃ្លាំមើលព្រៃឈើនៅសេសសល់ ក្រោយពីការលួចកាប់យកឈើអស់ជាច្រើននៅឧទ្យានជាតិវីរៈជ័យ នាប៉ុន្មានឆ្នាំកន្លងទៅនេះ។
ក្រុមល្បាតព្រៃសហគមន៍អូរតាបូក រួមជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រទះឃើញចំនៀរឈើប្រណិតថ្មីៗបន្សល់ចោលក្នុងតំបន់ព្រៃការពារធម្មជាតិ ជាភស្តុតាងបង្ហាញថា ជនល្មើសបានលួចអារយកឈើមានតម្លៃក្នុងព្រៃការពារជាថ្មីទៀត នៅខណៈរដ្ឋាភិបាលបានប្រកាសប្ដេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាននោះ។
ក្រសួងបរិស្ថាន បានកាត់ចេញតំបន់ព្រៃឈើ ២.៨០០ហិកតារពីឧទ្យានជាតិវីរៈជ័យ បង្កើតជាតំបន់ការពារធម្មជាតិអូរតាបូក ដើម្បីប្រគល់ឲ្យសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅតំបន់ក្បែរនោះ អភិរក្សតាំងពីឆ្នាំ២០១៤ រហូតមក។
មន្ត្រីគម្រោងអង្គការសង្គ្រោះសត្វព្រៃ លោក មឿ ធារ៉ា បញ្ជាក់នៅថ្ងៃទី២ ខែវិច្ឆិកា ថា នេះជាការរកឃើញបទល្មើសព្រៃឈើថ្មី ដែលកើតមានក្រោយតំបន់ការពារធម្មជាតិបានប្រគល់ឲ្យសហគមន៍គ្រប់គ្រង។ លោកថា ក្រុមល្បាតព្រៃកំពុងបន្តល្បាតព្រៃនៅចំណុចផ្សេងទៀត ដើម្បីវាយតម្លៃជុំវិញបទល្មើសព្រៃឈើថ្មី និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ៖ «អត់បានជនល្មើសទេ ឃើញតែកំណាត់ឈើដែលគេកាប់គរៗហើយ។ ឈើនោះជាប្រភេទឈើធ្នង់ មុខកាត់ចិតប៉ែតឡើង។ ឥឡូវខ្ញុំទើបរកឃើញមួយចំណុចនៅច្រើនចំណុចទៀតនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ»។
ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ក្រុមល្បាតសហគមន៍អូរតាបូក សហការជាមួយមន្ត្រីបរិស្ថាន មន្ត្រីអនុរក្សឧទ្យានជាតិវីរៈជ័យ និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា មានគ្នាសរុប ២០នាក់ បាននាំគ្នាល្បាតព្រៃ ហើយប្រទះឃើញចំនៀរឈើប្រណិតប្រភេទឈើធ្នង់ចំនួន ៥ ទៅ ៦ដើម ទំហំមុខកាត់ ៧ ទៅ ៨តឹក បន្សល់ចោលក្នុងព្រៃចំណុចអូរឡាប៉រ។
ប្រធានសហគមន៍អូរតាបូក លោក សាលា ត្រាវ បញ្ជាក់ដែរថា ជនល្មើសទំនងប្រជាពលរដ្ឋមកពីតំបន់ផ្សេងអាចជាប់ពាក់ព័ន្ធលួចអារយកឈើមានតម្លៃនោះ ជាពិសេសសហគមន៍សង្ស័យទៅលើកម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់ក្បែរតំបន់ការពារធម្មជាតិ បានលួចកាប់យកឈើដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុន៖ «គេកាយដើមវា ហើយគេរំលំខ្លះៗ មុខសញ្ញាតាមខ្ញុំដឹងខាងក្រៅខាងក្រុមហ៊ុនណា!»។
ប្រធានការិយាល័យផែនការ និងកិច្ចការច្បាប់ និងជាមន្ត្រីសម្របសម្រួលតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី លោក ទន់ សុវណ្ណនី ឲ្យដឹងដែរថា រហូតមកទល់នឹងរសៀលថ្ងៃទី២ វិច្ឆិកា នេះ ក្រុមល្បាតព្រៃមិនទាន់ផ្តល់របាយការណ៍ពីលទ្ធផលចុះល្បាតព្រៃរយៈពេលពីរថ្ងៃកន្លងទៅនៅឡើយ។ លោកថា ប្រសិនបើមានភស្តុតាងបង្ហាញថា មានបទល្មើសកើតមានជាថ្មីក្នុងព្រៃអភិរក្សនេះ មន្ត្រីអនុរក្សឧទ្យានជាតិមានភារកិច្ចស៊ើបអង្កេតរកមុខសញ្ញាប្រព្រឹត្តបទល្មើស យកមកផ្ដន្ទាទោសតាមច្បាប់៖ «ចង់ស្រាវជ្រាវចង់រកឲ្យឃើញចំណុចធំៗហ្នឹង បើមានខាងសមត្ថកិច្ចវីរៈជ័យ ត្រូវតែរកមុខសញ្ញាបទល្មើសឲ្យឃើញ ឲ្យឃើញតើបទល្មើសចេញពីប្រភពណា? អ្នកណាបញ្ជាឲ្យធ្វើ?»។
តំបន់ការពារធម្មជាតិអូរតាបូក គឺជាតំបន់ព្រៃឋិតក្នុងឧទ្យានជាតិវីរៈជ័យ។ ព្រៃឈើ ជាពិសេសឈើប្រណិតមានបេង នាងនួន ធ្នង់ និងគ្រញូង រងការលួចកាប់បែបអនាធិបតេយ្យអស់ស្ទើរគ្មានសល់តាំងពីឆ្នាំ២០១២ រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហគមន៍ព្នងខេត្តក្រចេះបារម្ភអំពីការកាប់ដីព្រៃសហគន៍ក្រោយក្រុមហ៊ុនឈូសឆាយផ្លូវ
-
សហគមន៍និងមន្ត្រីបរិស្ថានកំពង់ឆ្នាំងស្នើតុលាការចាត់ការបណ្ដឹងប្រឆាំងអ្នកទន្ទ្រានដីព្រៃរដ្ឋ
-
សង្គមស៊ីវិលបារម្ភការលក់ឈើដែលបង្ក្រាបបានអាចជាលេសធ្វើឲ្យមានការកាប់ឈើបន្ត
-
មន្ត្រីបរិស្ថានខេត្តព្រះវិហារឃាត់ខ្លួនអ្នកកាប់ឈើ៥នាក់បញ្ជូនទៅតុលាការ
-
អភិបាលខេត្តព្រះសីហនុព្រមានចាត់វិធានការលើអ្នកកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២
-
ក្រុមបណ្ដាញព្រៃឈើនឹងចាប់ផ្ដើមយុទ្ធនាការល្បាតព្រៃព្រះរកាខេត្តព្រះវិហារ
-
ចៅអធិការវត្តខេត្តក្រចេះអំពាវនាវឲ្យតុលាការដោះលែងបុរស៣នាក់ដែលដឹកឈើរបស់វត្ត
-
ពលរដ្ឋ៦ភូមិនៅសៀមរាបចងក្រងគ្នាជាសហគមន៍ការពារឈើជាង២០០ហិកតារ
-
ពលរដ្ឋចំណាកស្រុកសង់លំនៅក្នុងបរិវេណដីព្រៃសហគមន៍ក្នុងខេត្តស្ទឹងត្រែងដើម្បីកាប់រានយកដី
-
សកម្មភាពលួចកាប់ឈើក្នុងព្រៃសហគមន៍នៅខេត្តរតនគិរីនៅតែបន្តកើតមាន