ដោយ មាន ឫទ្ធិ
2017-03-03
RFA

សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី លើកដៃដែលមានសរសេរអក្សរអង់គ្លេសថា I need justice ដែលមានន័យថា ខ្ញុំចង់បានយុត្តិធម៌ នាតុលាការកំពូល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ RFA/Rann Samnang
![]()
អង្គការ Vital Voices ដែលធ្វើការជាដៃគូជាមួយមេដឹកនាំស្ត្រីនៅទូទាំងពិភពលោក អំពាវនាវឲ្យស្ថាប័ន អង្គការ និងរដ្ឋាភិបាលនានា នៅទូទាំងពិភពលោក ចូលរួមទាមទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ដែលជាម្ចាស់ពានរង្វាន់ “ភាពជាអ្នកដឹកនាំសាកលឆ្នាំ២០១៣”។ អង្គការនេះ ក៏ស្នើឲ្យតុលាការកម្ពុជា ទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់មកលើអ្នកស្រី។
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំកន្លះ ក្រោមបទចោទប្រើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
សេចក្ដីថ្លែងការណ៍អង្គការ Vital Voices ចេញកាលពីថ្ងៃទី២ ខែមីនា សង្កត់ធ្ងន់ថា “ការកាត់ទោសអ្នកស្រី ទេព វន្នី នៅពេលថ្មីៗនេះ បង្ហាញឲ្យឃើញអំពីលទ្ធភាពមិនអាចបំពេញការងាររបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការអនុវត្តសេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិជាសាធារណៈ ប្រកបដោយសន្តិវិធី”។
សេចក្ដីថ្លែងការណ៍បន្តទៀតថា “អង្គការ Vital Voices បំពេញការងារជាមួយស្ត្រីរាប់ពាន់នាក់នៅទូទាំងសាកលលោក ដូចជាអ្នកស្រី ទេព វន្នី ជាដើម ដែលហ៊ានប្រឈមនឹងការប្រថុយប្រថានចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេក្នុងការការពារជីវិតរបស់អ្នកដទៃ និងហ៊ានរិះគន់ជាសាធារណៈប្រឆាំងអំពើអយុត្តិធម៌គ្រប់រូបភាព ពីគ្រប់ទិសទីនៅក្នុងពិភពលោក”។
អ្នកស្រី ទេព វន្នី ត្រូវបានអង្គការ Vital Voices ប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំសាកលឆ្នាំ២០១៣ និងផ្ដល់កិត្តិយសឲ្យធ្វើជាសមាជិកបណ្ដាញភាពជាអ្នកដឹកនាំសាកលរបស់អង្គការនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ឧទ្ធរណ៍តម្កល់សាលក្រមតុលាការភ្នំពេញករណីអ្នកស្រី ទេព វន្នី និងស្ត្រី៣នាក់ទៀត
-
សហគមន៍ភ្នំបាតបន្តរកជំនួយចំណែកឯអ្នកបុរីកីឡាបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
-
អ្នកស្រី ទេព វន្នី អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីជួយផ្តល់យុត្តិធម៌
-
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់
-
អ្នកបឹងកក់ហៅការកោះហៅពួកគាត់ចូលតុលាការបន្តបន្ទាប់ជាការគំរាមកំហែង
-
សហគមន៍បឹងកក់ធ្វើយុទ្ធនាការបិទរូបថតអ្នកស្រី ទេព វន្នី នៅតាមផ្ទះក្នុងតំបន់បឹងកក់
-
សាលដីកាសំណុំរឿងសកម្មជនបក្សប្រឆាំងនិងសកម្មជនដីធ្លីនឹងត្រូវប្រកាសនៅថ្ងៃទី២៥មករា
-
សហគមន៍បឹងកក់អំពាវនាវដល់តុលាការកំពូលឲ្យផ្តល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី
-
អ្នកស្រី ទេព វន្នី ថាអ្នកស្រីទទួលបានយុត្តិធម៌ពីតុលាការជាលើកទី១