សារ​សន្ទនា​បង្ហាញ​ថា លោក ហ៊ុន សែន ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​លោក សម រង្ស៊ី

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ


សារ​សន្ទនា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “សីហា” បញ្ចេញ​ជា​សាធារណៈ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។

បើតាម​​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា សារ​សន្ទនា​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ពោល​គឺ​ចំពេល​ដែល​លោក កឹម សុខា បាន​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ខណៈ​ដែល​លោក​ប្រឈម​នឹង​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​បដិសេធ​បង្ហាញ​ខ្លួន​នៅ​តុលាការ។

សារ​សន្ទនា​នោះ បាន​បង្ហាញ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​លា​លែង​ពី​តំណែង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

ក្នុង​សារ​សន្ទនា​នោះ លោក ហ៊ុន សែន ប្រាប់​ទៅ​លោក កឹម សុខា​ថា​៖ “ផែនការ​ហ្នឹង​ណ៎ា! ខា​ឯង​ត្រូវ​យល់ ហេតុ​អី​បាន​ជា​សុខៗ គេ​ធើ​អីចឹង បាន​សេចក្ដី​ថា គោលដៅរបស់​គេ គេ​ចង់​ឲ្យ​ខ្ញុំ​ចាប់​ខា​ទាល់​តែ​បាន​ហ្នឹង។ ខា​មើល​ទៅ! ឥឡូវ​ខាឯង​គួរ​តែ​ទះ​វា​មួយ​កំផ្លៀង​ទៅ! គួរ​តែ​ទះ​វា​មួយ​កំផ្លៀង​ទៅ! កុំ​ចាំ​បាច់​ទៅ​ថ្លែងការណ៍​ជា​សាធារណៈ​អី លេង​តាម​ហ្វេសប៊ុក​របស់​ខ្លួន​វិញ”។

លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​លោក កឹម សុខា នៅ​តែ​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី លោក កឹម សុខា នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ផង​ដែរ។

លោក ហ៊ុន សែន ប្រាប់​​ថា៖ “ខ្ញុំ​ប្រាប់​ខា​ឯង​ឲ្យ​ច្បាស់ ខ្ញុំ​អាច​ធ្វើ​ការ​ជាមួយ​ខា​ឯង​បាន តែ​រឿង រង្ស៊ី ខ្ញុំ​មិន​លើក​លែង​ទេ​។ បើ​សិន​ថា ខាឯង​នៅ​តែ​ភ្ជាប់​ខ្លួន ខា​ឯង​ក៏​គ្រោះ​ថ្នាក់​ដែរ។ កុំ​ថា​មួយ កុំ​ថា​ពីរ ប្រាំ​ក៏​ខ្ញុំ​លេង​ដែរ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ហើយ​ខ្ញុំ​អត់​ខ្លាច​ទេ ទោះបី​ថា អាមេរិក​លើក​ទ័ព​ចូល​ស្រុក​ខ្មែរ សាក​ល្បង​ល​មើល​ទៅ ខ្ញុំ​អត់​ខ្លាច​ទេ”។

លោក ហ៊ុន សែន បន្ថែម​ថា​៖ “អាហ្នឹង​បាន​ដឹង​ថា…ប៉ុន្តែ ខ្ញុំ​អស់​និស្ស័យ​ជាមួយ​អារង្ស៊ី​ហើយ! ខ្ញុំ​ប្រាប់​ឲ្យ​ច្បាស់​អញ្ចឹង​ហ្មង។ ហើយ​ខ្ញុំ​អត់​លើក​លែង​បាន​ទេ! ប៉ុន្តែ រឿង​បញ្ហា​ហ្នឹង គឺ​ថា និយាយ​រួម ខា​ឯង​ក្ដាប់​យក​កម្លាំង​តែ​ម្ដង​ទៅ! ពេល​ហ្នឹង ខាឯង​យក​ទៅ! យក​បាន! ខា ឯង​យក​បក្ស​ហ្នឹង​បាន!”។

ទោះជាយ៉ាងណា លោក​ ហ៊ុន សែន បាន​និយាយ​ការពារ​ខ្លួន​​ប្រាប់​ទៅ​លោក កឹម សុខា ថា រូប​លោក​និយាយ​បែប​នោះ មិន​មែន​ចង់​ញុះ​ញង់​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​នោះ​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ទៅ​លោក កឹម សុខា​ ថា​៖ “[…] អញ្ចឹង ខ្ញុំ​មិន​អាច​ឲ្យ​ប្រើ កុំ​យក​សម្ដី​របស់​ខ្ញុំ​ទៅ​ថា ខ្ញុំ​ជា​អ្នក​បំបែក! ប៉ុន្តែ ខ្ញុំ​ អាហ្នឹង​អ្នក​ឯង បើ​និយាយ​ពី​ខាង​ណោះ​វិញ ប៉ុន្មាន​ថ្ងៃ​នេះ គេ​សង្ឃឹម​រឿង​ខ្ញុំ​បែប​ទៅវិញ!”។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​បែប​នេះ ដោយ​លើក​ហេតុផល​ថា លោក​ទទួល​យក​មិន​បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​ថា ភរិយា​ និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​អតីត​ភរិយា និង​កូន​ប្រុស​មេដឹកនាំ​វៀតណាម ឡេ ដឹកថូ។

ការ​បញ្ចេញ​សារ​សន្ទនា​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក កឹម សុខា ត្រូវ​បាន​សមាជគណបក្ស​សង្គ្រោះជាតិ ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ថ្មី បន្ទាប់​ពី​លោក សម រង្ស៊ី លា​លែង​កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​កន្លង​មក​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

2 Responses to "សារ​សន្ទនា​បង្ហាញ​ថា លោក ហ៊ុន សែន ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​លោក សម រង្ស៊ី"

  1. ?omen? says:

    បើតាមការពិចារណារបស់ខ្ញុំឃើញថា(សីហា)កំពុងវាយក្បាល ហ៊ុន សែន និងកន្ថោព្រោះយើងដឹងទាំងអស់គ្នាហើយថាលោក កឹម សុខា បានទាក់ទងទៅលោក សម រង្សី នៅពេលនោះដើម្បីបកស្រាយរឿងរាវទាំងអស់ជូនលោក សម រង្សី!ហើយក្រោយមកលោក សម រង្សី បានលាឈប់ក៏ដោយសាររឿងការកែប្រែច្បាប់មិនមែនដោយសារកម្រោង ហ៊ុន សែន ឯណា។សំនួរសួរថាតើ(សីហា)នេះជារបស់អ្នកណាគេជួយលោក កឹម សុខា រួចហើយខោកក្បាល ហ៊ុន សែន និងកន្ថោ ឬក៏ដោយសារភាពមិនឆ្លាតវៃរបស់(សីហា)ខាងផ្លូវនយោបាយ ?? ការបញ្ចេញសារមួយនេះខាតខ្លាំងណាស់ដល់លោក ហ៊ុន សែន។

  2. Holli says:

    ហ៊ុនសែនប្រឹងច្របាច់កសមរង្ស៊ីកឹមសុខាតែភ្លេចថាអ្នកដែលលានអណ្ដាតគឺខ្លួនឯង