
(ឆ្វេង) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង (ស្ដាំ) លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។ ហេង ជីវ័ន
Mon, 6 March 2017
វង្ស សុខេង, ឆាយ ច័ន្ទនីដា and ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានសម្ដែងប្រតិកម្មទៅលើខ្សែអាត់សំឡេងប្រមាណជា ២០ នាទីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថាជាគោលបំណងប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រឆាំង។
លោក រង្ស៊ី សរសេរលើហ្វេសប៊ុកលោកថា៖ «គ្រប់កាលៈទេសៈ ទោះបីជាមានតំណែងជាប្រធាន ឬគ្មានតំណែងអ្វីក្នុងបក្សក៏ដោយ លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី នៅតែជាមនុស្សតែមួយគឺជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើង។ ដោយសារតែខាងគេម្ខាងទៀតនោះរកវិធីអ្វីមិនបាន ដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយ ពួកគេមានតែប្រើល្បិចកាន់តែថោកទាបទៅថោកទាបទៅ»។
លោក រង្ស៊ី បន្តថា៖ «សូមបងប្អូន កូនក្មួយ កុំឲ្យតម្លៃចំពោះឯកសារជាលាយលក្ខណ៍អក្សរ ឬជាសំឡេងដែលគេប្រឌិត ឬកាត់តយកមកផ្សព្វផ្សាយក្រៅបរិបទរបស់វា ហើយក៏កុំជឿការបកស្រាយអកុសល និងការញុះញង់ទាំងឡាយដែលធ្វើឡើងក្នុងគោលបំណងប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ»។
លោក ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងទៅកាន់សារព័ត៌មាន Fresh News ដោយបានទទួលស្គាល់នូវខ្សែអាត់សំឡេងដែលលោកបាននិយាយជាមួយលោក កឹម សុខា ដែលត្រូវបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ។
លោក ហ៊ុន សែន ថ្លែងថា៖ «នោះជាសំឡេងពិតនឹងខ្លឹមសារ ១០០ ភាគរយដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជម្រាបសាធារណៈមតិជ្រាប។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការណែនាំរបស់ខ្ញុំដូចជាការបង្ហោះសារលើហ្វេសប៊ុក, ទៅចុះឈ្មោះបោះឆ្នោត។ល។ នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តម កឹម សុខា និងខ្ញុំ។ ឯកឧត្តមតែងតែផ្ញើព័ត៌មានមកខ្ញុំជាមុនដូចជាការចេញសេចក្ដីថ្លែងការណ៍ និងអ្វីផ្សេងមួយចំនួនទៀត»។ «ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿហើយបើសិនឯកឧត្តម កឹម សុខា ហ៊ានចេញមុខមកបដិសេធសំឡេងនៃការសន្ទនានេះខ្ញុំនឹងបបួលឯកឧត្តមទៅស្បថនៅមុខព្រះអង្គដងកើតែម្ដង»។
យោងតាមសម្រង់សង្ខេបដែលភ្នំពេញប៉ុស្តិ៍បានស្រង់ចេញពីខ្សែថតសំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា បានបង្ហាញនូវសម្ព័ន្ធភាពអ្នកទាំងពីរដែលពិភាក្សាគ្នាពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ហើយលោក ហ៊ុន សែន បានគូសផ្លូវឲ្យលោក កឹម សុខា វ៉ៃចេញពីក្នុងគណបក្សសង្គ្រោះជាតិដើម្បីឆ្ពោះទៅរកការក្ដោបកម្លាំងនៅក្នុងបក្សទាំងមូលពិសេសមិនអត់ឱនឲ្យលោក រង្ស៊ី ជាដាច់ខាត។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំប្រាប់ ខា ឯងឲ្យច្បាស់ ខ្ញុំអាចធ្វើការជាមួយ ខា ឯងបានតែរឿង រង្ស៊ី ខ្ញុំមិនលើកលែងទេ។ បើសិនថា ខា ឯងនៅតែភ្ជាប់ខ្លួន ខា ឯងក៏គ្រោះថ្នាក់ដែរ។ កុំថាមួយ កុំថាពីរ ប្រាំក៏ខ្ញុំលេងដែរ ប៉ុន្តែសូមកុំភ្លេចថា ហើយខ្ញុំអត់ខ្លាចទេ ទោះបីថាអាមេរិកលើកទ័ពចូលស្រុកខ្មែរ សាកល្បងលមើលទៅ ខ្ញុំអត់ខ្លាចទេ»។ បញ្ហាខ្ញុំមិនចង់ធ្វើបាបនរណាទាំងអស់ ហើយខ្ញុំក៏មិនចង់ឲ្យ ខា ឯងបើគេចង់ចាប់ ខា ឯង តាំងពីថ្ងៃដែលគេបញ្ជូនកម្លាំងចូលទៅនោះ ស្មានថាគេធ្វើមិនបានអី ចង់អស់ប៉ុន្មានក៏អស់ទៅ»។
លោក ហ៊ុន សែន ថ្លែងទៅកាន់ កឹម សុខា ថា៖ «ខ្ញុំមិនចង់វ៉ៃម្ដងមួយគូទេ តែបើចាំបាច់ ១០ គូក៏វ៉ៃដែរ ខ្ញុំមិនបំផ្លាញសង្គ្រោះជាតិចោលទេ តែខ្ញុំរកដៃគូក្នុងសង្គ្រោះជាតិ ហើយ ខា (កឹម សុខា) ឯងអាចធ្វើការជាមួយខ្ញុំបាន ឥឡូវឱកាសមានហើយដែល ខា ឯងក្ដាប់យកកម្លាំង ខា ឯងជឿទុកចិត្តឥឡូវខ្ញុំត្រូវការឲ្យ ខា ឯងផ្ទុះអាវុធ (បំបែកពីក្នុង) ខាងណោះ ផ្ដល់សញ្ញាពីខាងណោះវិញ CPP នៅស្ងៀម»។
នៅក្នុងសម្រង់ខ្សែអាត់នេះផងដែរលោក ហ៊ុន សែន បានប្រាប់ទៅ កឹម សុខា ថានឹងមិនអត់ឱនឲ្យជាដាច់ខាតចំពោះលោក រង្ស៊ី ដែលបានរិះគន់ដោយភ្ជាប់ភរិយា និងកូនប្រុសរបស់លោកក្នុងរឿងអាស្រូវផ្លូវភេទ និងឈាមជ័រជាមួយនឹងមេដឹកនាំវៀតណាមម្នាក់។ ដោយលើកហេតុផលថាលោកទទួលយកមិនបានទេ ចំពោះការចោទប្រកាន់ថាភរិយា និងកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ជាអតីតភរិយា និងកូនប្រុសមេដឹកនាំវៀតណាម ឡេ ដឹកថូ។ បញ្ហានេះលោក កឹម សុខា បានបង្ហាញពីទស្សនៈលោក និងកូនស្រីរបស់លោកមិនពេញចិត្តដូចនឹងនាយករដ្ឋមន្ត្រីចំពោះការរិះគន់បែបអសីលធម៌។

លោក ហ៊ុន សែន និងលោក កឹម សុខា នៅពេលជួបគ្នានៅរដ្ឋសភាកាលពីខែធ្នូឆ្នាំមុន។ ហេង ជីវ័ន
លោក កឹម សុខា ថ្លែងទៅកាន់លោកនាយករដ្ឋមន្ត្រីថា៖ «កូនខ្ញុំប្រឆាំងដាច់ខាតគាត់ថាអត់សីលធម៌ កូនខ្ញុំបញ្ជាក់ថាកុំបង្ខូចគេ កូនខ្ញុំមិនចូលចិត្តទេសម្ដេច ខ្ញុំក៏ទទួលមិនបានដែរ»។
លោក កឹម សុខា ក៏បានថ្លែងផងដែរបើមានឱកាសនឹងជួបផ្ទាល់ជាមួយលោក ហ៊ុន សែន ដើម្បីជម្រាបជូនឲ្យបានលម្អិតអំពីអ្វីដែលនឹងត្រូវធ្វើសម្រាប់សេចក្ដីសុខជាតិ និងប្រជាពលរដ្ឋ។
លោក កឹម សុខា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកនាំពាក្យបានថ្លែងកាលពីម្សិលមិញថាលោក មិនអាចអះអាងជំនួសលោក កឹម សុខា បានទេ ប៉ុន្តែបានបញ្ជាក់ថាថ្នាក់ដឹកនាំគណបក្សបានទទួលព័ត៌មានពីលោក កឹម សុខា ភ្លាមៗក្រោយបានឆ្លើយឆ្លងជាមួយនាយករដ្ឋមន្ត្រីតាមទូរស័ព្ទកាលពីថ្ងៃទី ២៥ ខែកញ្ញា ២០១៦។
លោក អ៊ាង ថ្លែងថា៖ «ព្រោះពេលនោះស្ថានភាពនយោបាយតឹងតែងដែលត្រូវជជែកគ្នាពេលនោះយើងបានផ្ដល់សិទ្ធិឲ្យឯកឧត្តម កឹម សុខា រកដំណោះស្រាយ យើងទាំងអស់គ្នាដឹងហើយខ្ញុំសុំមិនធ្វើអត្ថាធិប្បាយទៅលើខ្សែអាត់នៃការសន្ទនានេះទេ យើងអត់ខ្វល់ហើយក៏មិនភ្ញាក់ផ្អើលដែរ ព្រោះបញ្ហានេះមានតាំងពីយូរមកហើយៗក៏ដដែលៗទុកឲ្យមហាជនជាអ្នកសម្រេចចុះ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាការបញ្ចេញនូវខ្សែអាត់សន្ទនានេះគឺជាការបង្ហាញការពិតរវាងអ្នកនយោបាយ និងអ្នកនយោបាយក្នុងការប្រកួតប្រជែងខាងនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក ឥសាន ថ្លែងថា៖ «ខ្ញុំគិតថានៅក្នុងការសន្ទនានេះសម្ដេចគ្រាន់តែជាអ្នកផ្ដល់យោបល់ ដើម្បីប្រកួតប្រជែងផ្ទៃក្នុង CNRP ធម្មតាទេការប្រកួតនៅក្នុងសង្គមប្រជាធិបតេយ្យ មិនដែលចង់ឲ្យដៃគូខ្លាំងជាងទេ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel បានថ្លែងថាការធ្លាយចេញខ្សែអាត់សំឡេងបែបនេះមិនបង្ហាញពីភាពចាស់ទុំខាងសីលធម៌ និងនយោបាយទេ។
លោកថ្លែងថា៖ «គ្មានចំណេញទៅខាងណាទេ នេះគ្រាន់តែរឿងធ្វើឲ្យមានការសង្ស័យគ្នានៅក្នុងបក្សតែប៉ុណ្ណោះ តែមិនប្រាកដថាបានផលខាងនយោបាយទេ ព្រោះអ្នកប្រើប្រាស់ព័ត៌មានតាមបណ្ដាញសង្គមច្រើនណាស់ គេមានព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់»៕
Contact authors: វង្ស សុខេង, ឆាយ ច័ន្ទនីដា and ម៉ិច ដារ៉ា