
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ @Samdech Hun Sen, Cambodia Prime Minister
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ មីនានេះ បានធ្វើជាអធិបតីសម្ពោធបើកការដ្ឋានកំណាត់ផ្លូវក្នុងរាជធានីភ្នំពេញមួយកន្លែង។ ថ្លែងជាសាធារណៈ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ថា សំឡេងបែកធ្លាយនោះគឺជាការសន្ទនារបស់លោក និងប្រមុខបក្សប្រឆាំង។ ការបញ្ជាក់នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ប្រកាសថានោះគឺជាសំឡេងក្លែងក្លាយតែប៉ុណ្ណោះ។
សារជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលស្គាល់ថាសំឡេងដែលបានបែកធ្លាយកាលពីចុងសប្តាហ៍មុន គឺជាសំឡេងពិតប្រាកដរបស់លោកនិងលោកកឹម សុខាដែលសន្ទនាពីគម្រោងផែនការកំចាត់លោក សម រង្ស៊ី ចេញពីគណបក្ស។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លោក កឹម សុខា ពិតជាបាននិយាយជាមួយលោកពិតប្រាកដ ហើយលោក កឹម សុខា មិនអាចបដិសេធទេ។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមនឹងទម្លាយរាល់ឯកសារសំងាត់ទាំងអស់របស់មេបក្សប្រឆាំងដែលធ្លាប់បានសន្ទនាជាមួយលោក។ ការបញ្ជាក់សារជាថ្មីម្តងទៀតនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃម្សិលមិញបានអំពាវនាវជាសាធារណៈកុំឱ្យជឿសំឡេងដែលបានលេចធ្លាយនោះ។ លោក សម រង្ស៊ី ថាជាសំឡេងដែលបែកធ្លាយគឺជាការប្រឌិតឬកាត់ត ដែលមានចេតនាបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ មិនមានប្រតិកម្មជាផ្លូវការណាមួយចំពោះការបែកធ្លាយសំឡេង លោក កឹម សុខា និងលោក ហ៊ុន សែន នោះទេ។
ប៉ុន្តែលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងក្រោយពេលលេចធ្លាយថា គណបក្សសង្គ្រោះជាតិ កើតឡើងពីការរួបរួមគ្នា។ អ្វីៗតែងតែធ្វើរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាសម្រេច ដើម្បីផលប្រយោជន៍រួម សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
គួរកត់សំគាល់ថា ក្រោយការបែកធ្លាយសារសំឡេងសំងាត់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា មន្ត្រីគណបក្សសមរង្ស៊ី លោក សួង សុភ័ណ្ឌ ដែលធ្លាប់ជាបេក្ខជនតំណាងរាស្ត្រ និងជាអ្នកធ្លាប់ប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការ បានប្រកាសលាលែងចេញពីគណបក្ស និងស្នើសុំឱ្យលោក កឹម សុខា ដែលទើបឡើងធ្វើជាប្រធានគណបក្សឱ្យចុះចេញពីតំណែង។
លោក សួង សុភ័ណ្ឌ បានបញ្ជាក់ពីមូលហេតុថាគឺដោយសារលោក កឹម សុខា ជាអ្នកដើរតាមខ្សែញាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកំចាត់លោក សម រង្ស៊ី ចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ៕